25 C
Phnom Penh

ពលរដ្ឋ​ស្រុក​សំរោងទង​ថា​ក្រុមហ៊ុន​ជីក​ដី​មិន​ព្រម​ដោះស្រាយ​សំណង​ដែល​ធ្វើ​ឱ្យ​បាក់​ដី​ស្រែ​ចូល​ក្នុង​រណ្ដៅ

បទវិភាគ

ពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ភូមិ​គោកព្នៅ ឃុំ​វល្លិ៍ស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ បាន​អះអាង​ថា ដី​ស្រែ​បង្កបង្កើនផល​របស់​ពួកគាត់​ត្រូវ​បាន​ក្រុមហ៊ុន​រឹបអូស​ធ្វើ​អាជីវកម្ម ជីក​យក​ដី​លក់​នៅ​ក្បែរ​នោះ​បណ្តាល​ឲ្យ​បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ​ដី ប៉ុន្តែ​ម្ចាស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ជីក​រណ្តៅ​ដី​មិន​ព្រម​រក​ដំណោះស្រាយ​ដល់​ពួកគាត់​ទេ។

អ្នកស្រី ហួរ អាង ជា​ម្ចាស់​ស្រែ​ដែល​រង​ផល​ប៉ះពាល់​នោះ​បាន​ឲ្យ​ដឹង​ថា ដី​ស្រែ​បង្កបង្កើនផល​របស់​ពួកគាត់​ត្រូវ​បំផ្លាញ​ដោយ​ក្រុមហ៊ុន​ជីក​ដី​លក់ និង​មាន​រណ្តៅ​ជ្រៅៗ​ដែល​កំពុង​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​មូលដ្ឋាន​ជិត​ភូមិ​របស់​គាត់។

ស្ត្រី​រងគ្រោះ​បន្ត​ថា កន្លងមក​រូប​គាត់​រួម​ជាមួយ​អ្នកភូមិ​ច្រើន​គ្រួសារ​ទៀត បាន​ដាក់​ពាក្យ​បណ្តឹង​ស្នើសុំ​កិច្ច​អន្តរាគមន៍​ទៅកាន់​អាជ្ញាធរ​ឃុំ​វល្លិ៍ស ស្រុក​សំរោងទង ឲ្យ​ជួយ​រក​ដំណោះស្រាយ​ចំពោះ​ការ​បាត់បង់​ដី​ស្រែ​បង្កបង្កើនផល​ដោយសារ​ក្រុមហ៊ុន​ជីក​រណ្តៅ​ដី​ជ្រៅៗ​ធ្វើ​ឲ្យ​ខូចខាត។ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ អាជ្ញាធរ​ចាប់ពី​ឃុំ​ដល់​ខេត្ត នៅ​មិន​បាន​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ទេ។

រហូត​មក​ដល់​ពេលនេះ ម្ចាស់​អាជីវកម្ម​រណ្ដៅ​ដី​ខាងលើ​នេះ ក៏​បាន​រុះរើ​ការដ្ឋាន​ធ្វើ​អាជីវកម្ម​ជីក​ដី​នោះ​ចេញពី​មូលដ្ឋាន​នេះ ដោយ​មិនទាន់​បាន​សង​សំណង​ដល់​ពួកគាត់​ឡើយ។

ប្រជាពលរដ្ឋ​រងគ្រោះ​ផ្សេង​ទៀត​បន្ត​ថា រហូត​មកដល់​សព្វថ្ងៃ​នេះ ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​ពួកគាត់​ដែល​នៅ​សេសសល់ គឺ​បាន​បន្ត​បាក់​ធ្លាក់​ចូល​ទៅ​ក្នុង​រណ្តៅ​ដី​របស់​ក្រុមហ៊ុន​ខាងលើ​នេះ​ជាបន្តបន្ទាប់។

រណ្ដៅ​ដី​របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ជីក​ដី ស្ថិត​នៅ​ភូមិ​គោកព្នៅ ឃុំ​វល្លិ៍ស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។

អភិបាល​ស្រុក​សំរោងទង លោក ស៊ឹម រតនៈ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា ករណី​បាក់​ដី​ស្រែ​ពលរដ្ឋ​ស្រុត​ចូល​រណ្តៅ​ដី​របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ជីក​យក​ដី​នៅ​ឃុំ​វល្លិ៍ស នេះ រូប​លោក​នឹង​ចាត់​ឲ្យ​អភិបាល​រង​ដឹកនាំ​មន្ត្រី​ចម្រុះ​ចុះ​ត្រួតពិនិត្យ និង​ឈាន​ទៅ​សុំ​គោលការណ៍​សម្រេច​ពី​ថ្នាក់លើ​ជា​បន្ត​ទៀត។

ទោះ​ជា​បែប​នេះ​ក្តី ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ កង្វល់​ពី​ការ​បាក់​ដី​ស្រែ​ចូល​ទៅ​ក្នុង​រណ្តៅ​ដី​របស់​ក្រុមហ៊ុន​ខាងលើ នៅ​មិនទាន់​មាន​មន្ត្រី​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផ្នែក​ណា​មួយ​នៃ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ចុះ​ជួយ​រក​ដំណោះស្រាយ​ឲ្យ​នៅឡើយ​ទេ។

ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​បាន​ទទូច​ស្នើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​ជូន​ពួកគាត់ ដែល​បាន​បាត់បង់​ដី​ស្រែ​ដោយសារ​ក្រុមហ៊ុន​ជីក​រណ្តៅ​ដី​ឲ្យ​បាន​ឆាប់ និង​មាន​ប្រសិទ្ធភាព។ ត្បិត​អាជ្ញាធរ​ឃុំ ស្រុក បន្ត​រហូត​ដល់​ខេត្ត មិន​បាន​កោះហៅ​ខាង​ភាគី​ក្រុមហ៊ុន​ដើម្បី​ផ្តល់​សំណង​ពី​ការ​បាត់បង់​ដី​ស្រែ​ដល់​ពួកគាត់​ទេ។

សារព័ត៌មាន The Cambodia Daily នៅ​មិនទាន់​អាច​ទាក់ទង​លោក ប៉ិញ ជីវតុង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កំពង់ស្ពឺ ដើម្បី​បំភ្លឺ​ជុំវិញ​ករណី​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា នេះ។ ខណៈ​លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ ក៏​មិនទាន់​អាច​ទាក់ទង​ដើម្បី​ស្នើការ​បំភ្លឺ​បាន​នៅឡើយ​ដែរ។

យោង​តាម​បទដ្ឋាន​បច្ចេកទេស​ច្បាប់ បាន​កំណត់​ថា រាល់​ការ​ជីក​រណ្ដៅ​ដី គឺ​ត្រូវ​ជីក​ឲ្យ​មាន​គម្លាត ឬ​ឃ្លាត​ពី​ភូមិ​ប្រជាពលរដ្ឋ​រស់នៅ​យ៉ាងតិច ១០០​ម៉ែត្រ ហើយ​ត្រូវ​ទុក​ជើងទេរ​ឲ្យ​ត្រឹមត្រូវ​ទៅ​តាម​ស្ថានភាព​ជម្រៅ​នៃ​រណ្តៅ​ដី​ជាក់ស្តែង។

ជាង​នេះ​ទៀត ក៏​ត្រូវ​ដក​ឃ្លា ឬ​ឲ្យ​មាន​គម្លាត​ឆ្ងាយ​ពី​ព្រំ​ដី​របស់​អ្នកស្រុក ឬ​អ្នកដទៃ​យ៉ាងតិច ៥​ម៉ែត្រ និង​ត្រូវ​សង់​របង​ព័ទ្ធ​ជុំវិញ​ដើម្បី​ការពារ​សុវត្ថិភាព​មនុស្ស និង​សត្វ​ជាដើម។ ប៉ុន្តែ​ជាក់ស្តែង ពលរដ្ឋ​រងគ្រោះ​បាន​អះអាង​ថា ម្ចាស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រណ្តៅ​ដី​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​វល្លិ៍ស ស្រុក​សំរោងទង មិន​បាន​អនុវត្ត​តាម​ច្បាប់​ទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស