25 C
Phnom Penh

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ចាត់ទុក​ការ​ចាប់​ខ្លួន​អ្នកកាសែត​ពីរ​នាក់​ថ្មីៗ​នេះ​ថា​ជា​ការ​បំពាន​សិទ្ធិ​អ្នក​សារព័ត៌មាន

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ចាត់ទុក​ការ​ចាប់​ឃុំ​ខ្លួន​អ្នកកាសែត ២​រូប ដោយ​ពួកគេ​គ្រាន់តែ​ធ្វើ​សេចក្ដី​រាយការណ៍​ផ្ទាល់ និង​ថតរូប​នៅ​មុខ​សាលា​ខេត្ត​នោះ ថា​ជា​ការ​រំលោភបំពាន​សិទ្ធិ​របស់​អ្នក​សារព័ត៌មាន។

ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ធ្វើឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី «ការ​អនុវត្ត​វិជ្ជាជីវៈ និង​សេរីភាព​សារព័ត៌មាន​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា» កាលពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដែល​មាន​ការ​ចូលរួម​ពី​តំណាង​អាជ្ញាធរ​ខេត្ត រួម​ទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​របស់​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ព្រមទាំង​តំណាង​សមាគម​ក្រុម​អ្នក​សារព័ត៌មាន។

លោក ខៀវ កាញារីទ្ធ ថ្លែង​ថា ថ្មីៗ​នេះ​មាន​អ្នកកាសែត ២​រូប​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ឃុំ​ខ្លួន​ពួកគេ​ទាំង​បំពាន បើ​ទោះបីជា​ពួកគេ​គ្រាន់តែ​ធ្វើ​សេចក្ដី​រាយការណ៍​ផ្ទាល់ និង​ថតរូប​នៅ​មុខ​សាលាខេត្ត។ លោក​បន្ត​ថា អ្នក​សារព័ត៌មាន​អាច​ថត​នៅ​ទី​សាធារណៈ​ដោយ​មិន​មាន​ការ​ហាមឃាត់ និង​ចាប់​ខ្លួន​ទេ លុះត្រាតែ​អាជ្ញាធរ​បាន​សរសេរ​បិទ​នៅ​ទីតាំង​ដែល​អ្នក​សារព័ត៌មាន​បាន​ថត និង​ធ្វើ​សេចក្ដី​រាយការណ៍។

លើស​ពី​នេះ បើ​សិន​ហាម​មិន​ឱ្យ​ថត ឬ​ធ្វើ​សេចក្ដី​រាយការណ៍​នោះ អាជ្ញាធរ​ត្រូវ​មាន​មូលហេតុ​ច្បាស់លាស់ ប៉ុន្តែ​បើ​គ្រាន់តែ​ថត​នៅ​មុខ​សាលាខេត្ត ហើយ​មក​ចាប់​ខ្លួន​ឃុំ​អ្នក​សារព័ត៌មាន​បែប​នេះ គឺជា​ការ​បំពាន។

លោក ខៀវ កាញារីទ្ធ ចាត់ទុក​ការ​លើកឡើង​របស់​អភិបាល​ខេត្ត​កំពត ដែល​តម្រូវ​ឱ្យ​អ្នក​សារព័ត៌មាន​ត្រូវ​ជូនដំណឹង​ទៅ​អាជ្ញាធរ​បែប​នេះ ថា​កំពុង​ធ្វើ​ផ្ទុយ​នឹង​មាត្រា​៤០ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​បាន​និយាយ​អំពី​សិទ្ធិ​ដើរ​ហើរ​របស់​ពលរដ្ឋ​ដោយ​ទៅ​ណា​មក​ណា​មិន​បាច់​ជូនដំណឹង​អាជ្ញាធរ​ឡើយ លើកលែងតែ​អ្នក​សារព័ត៌មាន​ចង់​សរសេរ​ពាក់ព័ន្ធ​សមត្ថកិច្ច ឬ​អាជ្ញាធរ ដូច្នោះ​ពួកគេ​អាច​ទាក់ទង​អាជ្ញាធរ​ដើម្បី​សុំ​សួរ ឬ​សម្ភាស​តែប៉ុណ្ណោះ។

កាលពី​ដើម​ខែ​វិច្ឆិកា នេះ អ្នក​សារព័ត៌មាន​អនឡា​ញ​ឈ្មោះ LSN TV ចំនួន ២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពត ចាប់​ខ្លួន ក្រោយ​ពួកគេ​ធ្វើ​សេចក្ដី​រាយការណ៍​ផ្ទាល់ និង​សម្ភាស​អ្នក​តវ៉ា​ដីធ្លី​នៅ​មុខ​សាលាខេត្ត​នេះ។ ការ​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​នេះ ដោយ​សមត្ថកិច្ច​ចោទ​ថា ពួកគេ​ធ្វើ​សេចក្ដី​រាយការណ៍​ដើម្បី​ជំរុញ​ឱ្យ​ពលរដ្ឋ​បង្កើន​សកម្មភាព​ចូល​ទន្ទ្រាន​កាន់កាប់​ដី​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់ ប៉ុន្តែ​អ្នក​សារព័ត៌មាន​ទាំង ២​នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​វិញ​ក្រោយពី​បញ្ជូន​ទៅ​តុលាការ។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ លើកឡើង​ថា បច្ចុប្បន្ន​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា​ចំនួន ៨០% មិន​បាន​រៀន​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន និង​មិន​បាន​ឈ្វេងយល់​ទៅលើ​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន និង​ច្បាប់​ព្រហ្មទណ្ឌ​នោះ​ទេ ដោយ​ភាគច្រើន​ពួកគេ​ចាប់ផ្ដើម​ប្រកប​អាជីព​អ្នក​សារព័ត៌មាន​តែម្តង។

បើ​តាម​របាយការណ៍​របស់​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា CamboJA ស្ដីពី «ស្ថានភាព​អ្នក​សារព័ត៌មាន​នៅ​កម្ពុជា» បាន​រក​ឃើញ​ថា ក្នុង​រយៈពេល ៣​ខែ​ចុងក្រោយ​នេះ អ្នក​សារព័ត៌មាន​ជិត ១០​នាក់​បាន​រង​នូវ​ការ​យាយី និង​ជាប់​ពន្ធនាគារ​ដោយសារ​ពួកគេ​ធ្វើ​សេចក្ដី​រាយការណ៍​រឿង​ជម្លោះ​ដីធ្លី។

របាយការណ៍​ដដែល​បញ្ជាក់​ថា វិធានការ​លើ​អ្នក​សារព័ត៌មាន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្ដី​ជូនដំណឹង​មួយ​ដោយ​បើក​ផ្លូវ​ឱ្យ​អាជ្ញាធរ​អាច​ចោទប្រកាន់​ទៅលើ​អ្នក​សារព័ត៌មាន​ណា​ដែល​អាជ្ញាធរ​ថា​បាន​រំខាន​ដល់​ការងារ​របស់​ពួកគេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស