26 C
Phnom Penh

ក្រុម​សិទ្ធិមនុស្ស៖ ការ​ចោទប្រកាន់​លើ​អតីត​បុគ្គលិក​វិទ្យុ​អាស៊ីសេរី​ជា​ការ​គំរាមកំហែង​សេរីភាព​សារព័ត៌មាន

បទវិភាគ

ក្រុម​សិទ្ធិមនុស្ស​ក្នុង​ស្រុក​រិះគន់​ថា ការ​ចោទប្រកាន់​លើ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី (RFA) លោក អួន ឈិន និង​លោក យាង សុធារិន្ទ គឺជា​ការ​គំរាមកំហែង​លើ​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន ដែល​ជា​យុទ្ធសាស្ត្រ​មួយ​នៃ​ការ​ដាក់​ទោស​ទណ្ឌ​ជា​លក្ខណៈ​សងសឹក​តាម​អំពើ​ចិត្ត​ទៅលើ​សំឡេង​អ្នក​រិះគន់​លើ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​សរសេរ​លើ​ទំព័រ Facebook របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ថា ការ​ខកខាន​ផ្តល់​សេចក្តី​សម្រេច​ដល់​លោក អួន ឈិន និង​លោក យាង សុធារិន្ទ ហើយ​ជំនួស​មក​វិញ​ដោយ​ទុក​ឱ្យ​អ្នក​ទាំង​ពីរ​ស្ថិត​ក្នុង​សភាព​មិន​ច្បាស់លាស់ ប្រឈម​នឹង​បទ​ព្រហ្មទណ្ឌ និង​ការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​វែង គឺជា​រឿង​ដ៏​អយុត្តិធម៌​បំផុត​សម្រាប់​ពួកគេ និង​ជា​ប្រព័ន្ធ​ច្បាប់​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាត់បង់​ទំនុក​ចិត្ត​កាន់តែ​ខ្លាំង។

ប្រភព​ដដែល​អះអាង​ថា ប្រការ​ដែល​តុលាការ​នៅតែ​បន្ត​ខកខាន​ចេញ​សាលក្រម​សម្រេច​រឿង​ក្តី​របស់​អ្នក​ទាំង​ពីរ គឺ​បង្ហាញ​ពី​កង្វះខាត​ភស្តុតាង​ដែល​អាច​ជឿ​ទុកចិត្ត​បាន ដើម្បី​ប្រឆាំង​នឹង​អតីត​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ។ ដូច្នេះ បើ​តុលាការ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ឱ្យ​ពួកគេ​ទទួល​ទោស​ព្រហ្មទណ្ឌ​ដូច​ដែល​មាន​ចែង​ក្នុង​មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ​នោះ​ទេ ស្ថាប័ន​ធានា​នូវ​ប្រព័ន្ធ​យុត្តិធម៌​នេះ គួរតែ​សម្រេច​សាលក្រម​ដោះលែង​ពួកគេ​ឱ្យ​មាន​សេរីភាព​ឡើងវិញ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​ឱ្យ​តុលាការ​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​ទាំងអស់​ដែល​មាន​ចំពោះ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ទាំង​ពីរ​រូប​នេះ​ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​បញ្ឈប់​ពី​ការ​រិះគន់​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​កម្ពុជា​បន្ត​ទៀត បើ​ទោះបីជា​អតីត​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នេះ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ចុង​ឆ្នាំ​២០១៨ ទៅ​ហើយ​ក្តី។

ការ​អះអាង​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បែប​នេះ ធ្វើឡើង​ដើម្បី​ជំរុញ​ឱ្យ​តុលាការ​កម្ពុជា​ចេញ​សាលក្រម​បញ្ជាក់​ភាព​មាន​ទោស ឬ​គ្មាន​ទោស​លើ​ករណី​លោក អួន ឈិន និង​លោក យាង សុធារិន្ទ ឱ្យ​បាន​ច្បាស់លាស់ ចៀសវាង​ការ​អូស​បន្លាយ​ពេល​ដោយ​ភាព​មិន​ប្រាកដ​របស់​ខ្លួន​ដូច​សព្វថ្ងៃ​នេះ។

អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី (RFA) លោក អួន ឈិន និង​លោក យាង សុធារិន្ទ

កាលពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក អួន ឈិន និង​លោក យាង សុធារិន្ទ ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ ឬ​ហៅថា បទ​ចារកម្ម តាម​មាត្រា​៤៤៥ នៃ​ក្រមព្រហ្មទណ្ឌ ដែល​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៧​ឆ្នាំ​ទៅ ១៥​ឆ្នាំ ប៉ុន្តែ​ការ​ចាប់​ខ្លួន​នេះ​ធ្វើឡើង​ក្រោយ​អ្នក​ទាំង​ពីរ​បញ្ចប់​កិច្ចសន្យា​បម្រើ​ការ​ឱ្យ​វិទ្យុ​អាស៊ីសេរី​កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៧ ប៉ុណ្ណោះ។

ប្រធាន​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​១៧ វិច្ឆិកា នេះ​ថា ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ឯក​បក្ស​កម្ពុជា​បច្ចុប្បន្ន គឺ​ប្រើ​តុលាការ​ជា​ឧបករណ៍​ដើម្បី​ប្រយោជន៍​នយោបាយ​របស់​បក្ស​កាន់​អំណាច​ក្នុង​ការ​គំរាមកំហែង និង​ដើម្បី​បំបិទ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ប៉ុណ្ណោះ។

លោក​រិះគន់​ថា កម្ពុជា​ដែល​ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ បើ​ទោះបីជា​មាន​ការ​ដោះលែង​សកម្មជន​ខ្លះ​ក៏​ពិតមែន ប៉ុន្តែ​ចេតនា​ពិតប្រាកដ​របស់​មេ​បក្ស​កាន់​អំណាច គឺ​គ្រាន់តែ​ធ្វើ​ឱ្យ​ល្អ​មើល​តែប៉ុណ្ណោះ ព្រោះ​ថា​មាន​ការ​ដោះលែង​សកម្មជន​បរិស្ថាន​មួយ​ចំនួន ក៏​នៅតែ​មាន​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ​ក្នុង​ពេល​ដំណាល​គ្នា​នោះ​ដែរ ដូចជា​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជូន​ពី​ប្រទេស​ថៃ ទៅ​កម្ពុជា​ក្នុង​ពេល​ថ្មីៗ​នេះ ជាដើម។

ប្រធាន​មជ្ឈមណ្ឌល CCIM រូប​នេះ​បញ្ជាក់​ថា កម្ពុជា​មិន​អាច​សង្ឃឹម​ថា​នឹង​មាន​ប្រជាធិបតេយ្យ​នោះ​ទេ បើ​កម្ពុជា​នៅតែ​គ្រប់គ្រង​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បន្ត​ទៀត​នោះ ដូច្នេះ​ដើម្បី​ឱ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ គឺ​មាន​តែ​ពលរដ្ឋ គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល ចូលរួម​គ្នា​តស៊ូ​មតិ​ដើម្បី​ផ្លាស់ប្ដូរ​ទម្រង់​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន តែប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ របាយការណ៍​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា CamboJA បាន​បង្ហាញ​កាលពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​ថា ចាប់ពី​ខែ​មករា ដល់​ខែ​តុលា ឆ្នាំ​២០២១ មាន​អ្នក​សារព័ត៌មាន​ខ្មែរ​ជិត ១០០​នាក់​ហើយ​ដែល​បាន​ទទួល​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​រូបភាព​ផ្សេងៗ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា ខណៈ​អ្នក​សារព័ត៌មាន​សរុប​ជិត ២០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​កម្ពុជា បើ​គិត​តាំងពី​ឆ្នាំ​១៩៩៤ មក។

របាយការណ៍​ស្ដីពី​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០២០ អះអាង​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ថយ​ចុះ​ជា​លំដាប់ ពោល​គឺ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១៤៤ ក្នុង​ចំណោម​ប្រទេស​ទាំង​១៨០ ក្នុង​ពិភពលោក៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស