25 C
Phnom Penh

ហ្វេសប៊ុក​រក​ឃើញ​ក្រុម​ចោរ​ព័ត៌មានវិទ្យា​ចិន​ប្រើប្រាស់​ក្រសួង​ប្រៃសណីយ៍​កម្ពុជា​ជា​មូលដ្ឋាន​លួច​ទិន្នន័យ​ក្រុម​ប្រឆាំង​នៅ​កម្ពុជា

បទវិភាគ

ពាក្យ​ថា «ចោរ» ទោះ​ជា​ប្រភេទ​ណា ឬ​ពណ៌​សម្បុរ​អ្វី​ក៏​វា​អាក្រក់​ដែរ។ ចោរ​ប្លន់​តែងតែ​មាន​ភាព​សាហាវ​ឃោរឃៅ ក៏ប៉ុន្តែ​ឈ្មោះ​ថា ចោរ​លក់​ជាតិ ចោរ​បំផ្លាញ​ជាតិ ចោរ​បំបែកបំបាក់​ជាតិ ចោរ​ក្បត់​ជាតិ គឺ​សុទ្ធតែ​មាន​ឈ្មោះ​ជា​ចោរ​ប្រវត្តិសាស្ត្រ។

ចុះ​ចំណែក​ចោរ​ព័ត៌មានវិទ្យា​វិញ ដែល​ភាសា​អង់គ្លេស​ហៅថា Hackers ជា​ចោរ​ប្រភេទ​ណា​ទៅវិញ? តើ​នរណា​នៅ​ពីក្រោយ​ចោរ​ប្រភេទ​នេះ? ប្រភេទ​ចោរ​ក្នុង​សម័យ​វិទ្យាសាស្ត្រ​ទំនើប​នេះ គឺជា​ចោរ​ឌីជីថល (Digital)។ ក្រុម​នេះ​មាន​មុខងារ និង​តួនាទី​ច្រើន​យ៉ាង។

ក្រុម​នេះ​អាច​លួច​គណនី​ធនាគារ គឺ​អាច​លួច​បាន​ប្រាក់​វាល់​លាន​ដុល្លារ បើ​ម្ចាស់​គណនី​ពុំ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ម៉ត់ចត់ ប៉ុន្តែ​ក្រុម​ចោរ​នេះ​ក៏​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ដែរ។ ក្រុម​នេះ​អាច​ចូល​លុកលុយ​គណនី​ហ្វេសប៊ុក (Facebook Account) ឬ​ក៏​អាច​ហេគ (Hack) Account websites ឬ Email របស់​អ្នក​នយោបាយ​ណា ឬ​បក្ស​ណា​ក៏​បាន​ដែរ ដោយ​ក្រុម​ចារកម្ម​ស៊ើប​អង្កេត​របស់​រដ្ឋ​នៃ​ប្រទេស​ណា​មួយ​ជា​អ្នក​រៀបចំ​ឡើង។

តើ​ក្រុម “Speeding Wall” ជា​ប្រភេទ​ចោរ​បែប​ណា ហើយ​ក្រុម​នេះ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​មាន​មុខងារ​អ្វី​ខ្លះ?

នេះ​គឺជា​រឿង​ភ្ញាក់ផ្អើល​ដែល​ការពិត “Speeding Wall” គឺជា​ក្រុម​ចោរកម្ម​នយោបាយ​ក្រោម​ការ​ចាត់តាំង​ដោយ​អង្គការ​រដ្ឋ​នៃ​ប្រទេស​ធំ​មួយ។ កាលពី​ថ្ងៃ​ទី​១៥ វិច្ឆិកា ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​មួយ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​រក​ឃើញ​ក្រុម​ចោរ​ព័ត៌មានវិទ្យា​មួយ​ក្រុម​ដែល​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋាភិបាល​ប្រទេស​ចិន។ ក្រុម​ចោរកម្ម​នយោបាយ Speeding Wall ដែល​រហស្សនាម​ថា វាយ​បុក​កំផែង​ជញ្ជាំង គឺ​ក្រុម​ចោរ​នេះ​មាន​មុខងារ​រង់ចាំ​ទទួល​បញ្ជា​ឱ្យ​វាយប្រហារ ឬ​ចូល​លួច Account Facebook ឬ​ហេគ (Hack) Account websites ឬ Email របស់​អ្នក​នយោបាយ​នៃ​ក្រុម​ប្រឆាំង​នៅ​កម្ពុជា។

គេ​ថា​ក្រុម Speeding Wall មាន​ប្រភព​ដើម​ចេញពី​ប្រទេស​ចិន។ គោលដៅ​និង​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រុម​ចោរ​ព័ត៌មានវិទ្យា​នេះ គឺ​វាយលុក​យក​ព័ត៌មាន​សម្ងាត់​របស់​បក្ស​ប្រឆាំង​នៅ​កម្ពុជា គឺ​បក្ស​សង្គ្រោះ​ជាតិ។ ក្រុម Speeding Wall ត្រូវ​បាន​បង្កើត​ឡើង​នៅ​មុន​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ។ មក​ដល់​ពេលនេះ គឺ​មុខងារ​របស់​ក្រុម​នេះ​មិនទាន់​បាន​រំលាយ​ចោល​វិញ​នោះ​ទេ។

យោង​តាម​ឯកសារ​ស៊ើបអង្កេត គឺ​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក គឺ​អ្នកស្រី Frances Haugen ដែល​បាន​ដាក់​ជូន​គណៈកម្មការ​មូលប័ត្រ​របស់​សហរដ្ឋ​អាមេរិក។

អ្នកស្រី Frances Haugen អតីត​និយោជិត​ក្រុមហ៊ុន​ហ្វេសប៊ុក និង​ជា​អ្នក​លួច​បញ្ចេញ​ព័ត៌មាន​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក។

របាយការណ៍​មួយ​អំពី​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក កាលពី​ថ្ងៃ​ទី​០១ ខែ​មេសា បាន​បង្ហាញ​ថា ក្រុម​ចោរ​ព័ត៌មានវិទ្យា​ដែល​ហៅ​ខ្លួនឯង​ថា Speeding Wall រង​នូវ​ការ​ចោទប្រកាន់​នៅ​ក្នុង​របាយការណ៍​នោះ​ថា បាន​បើក​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ដោយ​ចេញពី Servers ឬ​កុំព្យូទ័រ​ផ្ទុក​ទិន្នន័យ​ធំ​របស់​រដ្ឋាភិបាល​កម្ពុជា ទៅលើ Servers របស់​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​នេះ គឺជា​អតីត​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាងគេ​មួយ​នៅ​កម្ពុជា នៅ​មុន​តុលាការ​កំពូល​នៃ​ប្រទេស​នេះ​សម្រេច​រំលាយ​កាលពី​ចុង​ឆ្នាំ​២០១៧។

បើ​តាម​របាយការណ៍​ស៊ើប​អង្កេត​នេះ គឺ​ក្រុម​មេដឹកនាំ និង​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ក្លាយ​ជា​គោលដៅ​នៃ​កា​វាយប្រហារ​ដោយ​ក្រុម​ចោរ​ព័ត៌មានវិទ្យា​ឈ្មោះ “Speeding Wall” គឺ​តាមរយៈ​កម្មវិធី​ហ្វេសប៊ុក​នៅ​លើ​ទូរស័ព្ទ​ដៃ និង​កម្មវិធី​សេវាកម្ម​ដទៃ​ទៀត​របស់​ក្រុមហ៊ុន​នេះ​មាន​ដូចជា កម្មវិធី​ផ្ញើ​សារ ការ​បញ្ចេញមតិ និង​ការ​បង្ហោះ​ខ្លឹមសារ​ផ្សេងៗ។

តែ​យ៉ាងណា អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​បដិសេធ​មិន​និយាយ​យោង​អំពី​របាយការណ៍​នេះ​ទេ ដោយ​គ្រាន់តែ​ឆ្លើយ​ថា គឺជា​គោលនយោបាយ​របស់​ក្រុមហ៊ុន គឺ​មិន​អនុញ្ញាត​ឱ្យ​បរិយាយ​លើ​ឧបទ្ទវហេតុ​ដូចនេះ​ទេ។

យោង​តាម​របាយការណ៍​នេះ អ្នក​ស៊ើប​អង្កេត​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​តាមដាន​ទិន្នន័យ​របស់​បុគ្គល​ចំនួន ៤​រូប​ដោយ​បាន​វាយតម្លៃ​ប្រកប​ដោយ​ការ​ជឿ​ទុកចិត្ត​ថា បុគ្គល​ទាំងនោះ​គឺជា​សមាជិក​របស់​ក្រុម​ចោរ​ព័ត៌មានវិទ្យា “Speeding Wall” ហើយ​ដែល​ពួកគេ​ទាំងនោះ​បាន​លួច​ចូល​ទៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក​ដោយ​ប្រើ​អាសយដ្ឋាន IP ជា​កម្មសិទ្ធិ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នៃ​ប្រទេស​កម្ពុជា។

តាម​របាយការណ៍​ស៊ើប​អង្កេត​នេះ គឺ servers ឬ​កុំព្យូទ័រ​ផ្ទុក​ទិន្នន័យ​ធំ​ទាំងនេះ​អាច​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​ចោរ​ព័ត៌មានវិទ្យា “Speeding Wall” តាមរយៈ​ការ​ចាត់តាំង និង​សម្របសម្រួល​ពី​អ្នកជំនាញ​ជនជាតិ​ចិន​ថែមទៀត​ផង។

ក្រុម​ស៊ើប​អង្កេត​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​កត់សម្គាល់​ថា នៅ​ឆ្នាំ​២០១៧ ក្រុម​ចោរ​ព័ត៌មានវិទ្យា​នេះ​បាន​ដាក់​គោលដៅ​វាយប្រហារ​មក​លើ​គណបក្ស​ប្រឆាំង និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល តាមរយៈ​ការ​បង្កប់​ទិន្នន័យ​ដែល​មាន​មេរោគ​ទៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​ផ្ទុក​ទិន្នន័យ​ធំ​របស់​រដ្ឋាភិបាល។

យោង​តាម​ការ​ស៊ើបអង្កេត​មួយ​កាលពី​ឆ្នាំ​២០១៨ ដោយ​ក្រុមហ៊ុន​សន្តិសុខ​ព័ត៌មានវិទ្យា​របស់​អាមេរិក FireEye បាន​ពណ៌នា​ការ​ហេគ​ចូល​វាយប្រហារ​ធ្វើឡើង​កាលពី​ឆ្នាំ​២០១៧ ថា​ជា​ឧទាហរណ៍​មួយ​នៃ​ការ​ធ្វើ​ចារកម្ម​ប្រមូល​ព័ត៌មាន​សម្ងាត់​ប្រព្រឹត្ត​ដោយ​ភ្នាក់ងារ​រដ្ឋ​នៃ​ប្រទេស​មួយ ដោយ​ក្រុម​ស៊ើប​អង្កេត​នេះ​សន្និដ្ឋាន​ថា ទំនង​លទ្ធផល​ចូល​លួច​ទិន្នន័យ​របស់​បក្ស​ប្រឆាំង​បាន​ផ្តល់​រដ្ឋាភិបាល​ចិន​នូវ​ការ​ទទួល​បាន​ព័ត៌មាន​ដ៏​ទូលំទូលាយ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត និង​ប្រតិបត្តិការ​នានា​របស់​រដ្ឋាភិបាល​កម្ពុជា។

កញ្ញា កឹម មនោវិទ្យា ជា​អគ្គនាយក​រង​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។

កញ្ញា កឹម មនោវិទ្យា ដែល​ជា​អគ្គនាយក​រង​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវជា​កូនស្រី​បង្កើត​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រង​ការ​រឹតត្បិត​ផ្នែក​នយោបាយ។ កញ្ញា​គឺជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​អ្នក​ដែល​ជា​គោលដៅ​នៃ​អំពើ​វាយប្រហារ​តាម​ប្រព័ន្ធ​ព័ត៌មានវិទ្យា​កាលពី​ឆ្នាំ​២០១៧។ សារព័ត៌មាន RFA ផ្នែក​ភាសា​អង់គ្លេស បាន​ដកស្រង់​សម្ដី​របស់​កញ្ញា​ចុះផ្សាយ​ថា ក្រុមហ៊ុន​ហ្វេសប៊ុក​មិន​បាន​ទាក់ទង​មក​គណបក្ស​សង្គ្រោះ​ជាតិ​អំពី​ក្រុម​ចោរ​ព័ត៌មានវិទ្យា “Speeding Wall” ដែល​រង​ការ​ចោទ​ថា​បាន​ដាក់​គោលដៅ​វាយប្រហារ​មក​លើ​គណបក្ស​នេះ​ទេ។

តែ​យ៉ាងណា គឺ​កាលពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​ទៅ​មិញ​នេះ កញ្ញា កឹម មនោវិទ្យា អះអាង​ថា​នាង​បាន​ទទួល​ដំណឹង​មួយ​ដែល​មើល​ឃើញ​នៅ​លើ​គណនី​របស់​កញ្ញា ដែល​បង្ហាញ​ថា​គណនី​របស់​កញ្ញា​បាន​ក្លាយ​ជា​គោលដៅ​នៃ​ការ​ប៉ុនប៉ង​វាយប្រហារ ឬ​ចូល​ហេគ ប៉ុន្តែ​កញ្ញា​មិន​ច្បាស់​ទេ​ថា តើ​ការ​ប៉ុនប៉ង​វាយប្រហារ​ដែល​កញ្ញា​ទទួល​បាន​ពី​ការ​ជូនដំណឹង​នេះ ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ចោរ​ព័ត៌មានវិទ្យា​ឈ្មោះ “Speeding Wall” នេះ​ដែរ​ឬ​ក៏​យ៉ាងណា​នោះ។

ទោះបីជា​បែប​នេះ​ក្ដី កញ្ញា​និយាយ​ថា សញ្ញាណ​ដែល​ថា​ក្រុម​ចោរ​ព័ត៌មានវិទ្យា​ទាំងនោះ​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋ​ចិន ហើយ​អាច​ដាក់​គោលដៅ​វាយប្រហារ​មក​លើ​កញ្ញា និង​សហការី​របស់​កញ្ញា​នោះ លែង​ធ្វើ​ឱ្យ​កញ្ញា​ភ្ញាក់ផ្អើល​ទៀត​ហើយ។ អ្វី​ដែល​កញ្ញា​ព្រួយបារម្ភ​នា​ពេលនេះ គឺ​វា​លើស​ពី​អំពើ​ចារកម្ម​ទៅ​ទៀត គឺ​អំពើ​កេងប្រវ័ញ្ច​មក​លើ​ដែនសមុទ្រ និង​ដែនដី​របស់​កម្ពុជា ដែល​កញ្ញា​បញ្ជាក់​ថា កម្ពុជា​បាន​បាត់បង់​លទ្ធិប្រជាធិបតេយ្យ ហើយ​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​នូវ​អធិបតេយ្យ​ថែម​ទៀត។

ប្រទេស​កម្ពុជា បាន​ក្លាយ​ជា​ចំណុច​រួម​មួយ​នៃ​គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ BRI របស់​ក្រុង​ប៉េកាំង។

ចំពោះ​ប្រទេស​ចិន បាន​ក្លាយ​ជា​ប្រភព​វិនិយោគ​បរទេស​ដោយ​ផ្ទាល់ និង​ដ៏​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ចាប់តាំង​ពី​ឆ្នាំ​២០១៩។ កំណើន​វិនិយោគ​របស់​ចិន ដែល​កាន់តែ​រីក​ធំ​ឡើង​នេះ បាន​នាំ​ឱ្យ​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នៅ​កម្ពុជា​មើលឃើញ​ចិន គឺជា​អ្នក​ដើរ​តួនាទី​ដ៏​ធំ​លើ​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ​នៃ​ប្រទេស​កម្ពុជា។

អ្នក​នាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ

ជុំវិញ​ក្រុម​ចោរ​ព័ត៌មានវិទ្យា “Speeding Wall” អ្នក​នាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ អះអាង​ថា លោក​មិន​បាន​ដឹង​អំពី​សកម្មភាព​របស់​ក្រុម​ចោរ​ព័ត៌មានវិទ្យា​នេះ​ទេ ហើយ​ថា​ក្រសួង​របស់​លោក​មិន​មាន​គំនិត​ដូច្នេះ​ទេ។

ចំណែក​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​លោក សុខ ឥសាន ក៏​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ថា កម្ពុជា​មាន​ក្រុម​ចោរកម្ម​ព័ត៌មានវិទ្យា​ដើម្បី​ចូល​លួច​ទិន្នន័យ​របស់​បក្ស​ប្រឆាំង​ដែរ។ លោក សុខ ឥសាន អះអាង​ថា កម្ពុជា​ពុំ​មាន​ប្រយោជន៍​អ្វី​ត្រូវ​ធ្វើ​ចារកម្ម​លើ​ក្រុម​ប្រឆាំង​នោះ​ទេ។

ប៉ុន្តែ​ក្រុម​អ្នក​ចងក្រង​របាយការណ៍​ស៊ើប​អង្កេត​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ថា សកម្មភាព​របស់​ក្រុម​ចោរ​ព័ត៌មានវិទ្យា “Speeding Wall” អាច​ជា​ផលិតផល​មួយ​នៃ​កិច្ចសហការ​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​ចិន ដែល​ធ្វើការ​រួម​គ្នា​ដើម្បី​ទប់ទល់​នឹង​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា។

នៅ​ពេល​ជាមួយ​គ្នា​នេះ ក្រុម​អ្នក​ចងក្រង​របាយការណ៍​ស៊ើប​អង្កេត​បាន​ផ្ដល់​នូវ​ការ​ពន្យល់​មួយ​ថា តើ​មូលហេតុ​អ្វី​បាន​ជា​ក្រុម​សកម្មជន​របស់​ក្រុម​ចោរ​ព័ត៌មានវិទ្យា “Speeding Wall” ប្រើប្រាស់​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​វាយប្រហារ​ទៅលើ​គណបក្ស​ប្រឆាំង​ដែល​មាន​សក្ដានុពល​ខ្លាំង​លើ​គណបក្ស​ប្រជាជន​កម្ពុជា៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស