33 C
Phnom Penh

កូនស្រី​ច្បង​លោក កឹម សុខា៖ លោក សម រង្ស៊ី មាន​ចេតនា​បំភ្លៃ​វីរភាព​ឪពុក​របស់​ខ្លួន​និង​ប្រមាថ​សព​សម្តេច​ក្រុមព្រះ

បទវិភាគ

កូនស្រី​ច្បង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​ថា លោក សម រង្ស៊ី មាន​ចេតនា​បំភ្លៃ​វីរភាព​អតីត​ដៃគូ​នយោបាយ​របស់​ខ្លួន គឺ​លោក កឹម សុខា ដែល​បាន​ជាប់​ពន្ធនាគារ និង​ត្រូវ​បិទ​សិទ្ធិ​សេរីភាព​រហូត​ដល់​ពេលនេះ​ថា​ជា​មនុស្ស​កំសាក។

កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១ ធ្នូ នេះ​ថា ប្រហែលជា​លោក សម រង្ស៊ី ពិតជា​មិន​ដឹង​អ្វី​ទាល់តែសោះ​ទាក់ទិន​នឹង​ការ​តស៊ូ​ដើម្បី​បក្ស​ប្រឆាំង ហើយ​ការ​ធ្វើ​សកម្មភាព​នយោបាយ​កន្លងមក​របស់​លោក ក៏​ប្រហែលជា​ចេះ​តែ​ស្មានៗ​ទៅ​ដែរ ទើប​លទ្ធផល​ជាក់ស្តែង​ដែល​គាត់​ធ្វើ​ទាំង​មិន​ច្បាស់លាស់ នាំគ្នា​ចាកចេញ​ពី​សមរភូមិ​នយោបាយ​នៅ​កម្ពុជា​ថា​ទង្វើ​មនុស្ស​ឆ្លាត ប៉ុន្តែ​ចុងក្រោយ​បែរជា​នាំគ្នា​រក​ច្រក​ដើម្បី​ចូល​ក្នុង​ស្រុក​វិញ​នៅ​ពេលនេះ។

កញ្ញា កឹម មនោវិទ្យា លើកឡើង​ថា ការ​បង្ហោះ​រូប​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​រូបលោក កឹម សុខា រួម​គ្នា​ក្នុង​អត្ថន័យ​ប្រមាថ​កិត្តិយស និង​ជីវិត ដែល​ថា​លោក កឹម សុខា នឹង​មាន​វាសនា​ដូច​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ពី​សំណាក់​លោក សម រង្ស៊ី នោះ ក៏​ប្រហែលជា​គាត់​ស្មាន​ថា​ការ​ធ្វើ​បែប​នេះ នឹង​បង្ហាញ​ឱ្យ​ឃើញ​ថា​គាត់​ជា​មនុស្ស​ដែល​មាន​គុណធម៌ និង​សីលធម៌ ហើយ​ក្នុង​ឋានៈ​មេដឹកនាំ​នយោបាយ​នោះ។

កូនស្រី​ច្បង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ក៏​បាន​រិះគន់​អនុប្រធាន​បក្ស​ប្រឆាំង​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី គឺ​លោក អេង ឆៃអ៊ាង ផង​ដែរ​ថា ការ​ជំរុញ​ឱ្យ​លោក សម រង្ស៊ី លាលែង​ពី​តំណែង​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ពេល​កន្លងទៅ ដើម្បី​កេង​ចំណេញ​នយោបាយ​នោះ គ្រាន់តែ​ជា​ការ​ដឹកនាំ​នយោបាយ​ខុស​របស់​លោក អេង ឆៃអ៊ាង ប៉ុណ្ណោះ ហើយ​ការ​ដឹកនាំ​ខុស​ដោយ​ការ​សម្រេច​យក​មុខមាត់​ក្នុង​ឆាក​នយោបាយ​បែប​នេះ បាន​ក្លាយ​ជា​ចំណុច​នៃ​ការ​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ផង​ដែរ។ ដូច្នេះ លោក អេង ឆៃអ៊ាង មិន​គួរ​ធ្វើ​នយោបាយ​ដោយ​គ្រាន់តែ​ស្មានៗ​ដូច​លោក​ធ្លាប់​ធ្វើ​នា​ពេល​កន្លងមក​នោះ​ឡើយ។

ការ​រិះគន់​នេះ ធ្វើឡើង​បន្ទាប់ពី​លោក សម រង្ស៊ី បាន​បង្ហោះ​រូប​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក្នុង​ខ្លឹមសារ​ថា លោក កឹម សុខា នឹង​មាន​វាសនា​ដូច​សម្តេច​ក្រុមព្រះ​ដែរ​នៅ​ពេល​ដែល​គ្មាន​រូបលោក។

កាលពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​បង្ហោះ​រូប​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ដែល​ត្រូវ​បាន​អ្នកគាំទ្រ​បក្ស​ប្រឆាំង​ភាគី​លោក សម រង្ស៊ី បកស្រាយ​ថា ការ​បង្ហោះ​សារ​នេះ លោក សម រង្ស៊ី ចង់​បង្ហាញ​ថា វាសនា​របស់​លោក កឹម សុខា នឹង​មិន​ខុស​ពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ នោះ​ឡើយ​នៅ​ពេល​ដែល​គ្មាន​លោក សម រង្ស៊ី។

អ្នក​ឃ្លាំមើល​សង្គម​រិះគន់​ថា ការ​ដឹកនាំ​នយោបាយ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ពុំ​មាន​គោលការណ៍​ច្បាស់លាស់​ទេ ប៉ុន្តែ​មេដឹកនាំ​ប្រឆាំង​រូប​នេះ​ចូលចិត្ត​បង្កើត​ព្រឹត្តិការណ៍​នយោបាយ​តាម​អារម្មណ៍​ខ្លួនឯង ដូចជា​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ប្រកាស​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន ការ​ប្រមាថ​ព្រះមហាក្សត្រ និង​ការ​ប្រកាស​បង្កើត​រដ្ឋាភិបាល​ក្រៅ​ប្រទេស​ជាច្រើន ប៉ុន្តែ​ការ​ដឹកនាំ​របស់​លោក​លើ​ផែនការ​ទាំងនោះ មិនទាន់​មាន​ផែនការ​មួយ​ណា​នៅ​ស្ថិតស្ថេរ​នោះ​ឡើយ។

ប្រភព​ដដែល​លើកឡើង​ថា បើ​លោក សម រង្ស៊ី គិតគូរ​ពី​ផល​ប្រយោជន៍​ជាតិ​ពិតប្រាកដ​ចំពោះ​ស្ថានភាព​របស់​កម្ពុជា​នៅ​ពេលនេះ គាត់​ត្រូវតែ​រក្សា​ជំហរ «សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ» ដដែល មិន​គួរ​ចេញ​ទៅ​គាំទ្រ​បក្ស​ចាស់​របស់​ខ្លួន ធ្វើ​ឱ្យ​បែកបាក់​ស្មារតី​ដើម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បែប​នេះ​ទេ។

កាលពី​ពេល​ដែល​បណ្ឌិត កែម ឡី នៅ​មាន​ជីវិត លោក​ធ្លាប់​រិះគន់​ដើម្បី​កែលំអ​ការ​ដឹកនាំ​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ជា​ញឹកញាប់​ផង​ដែរ ដើម្បី​កុំ​ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ​ជ្រុល​ខ្លួន​នឹង​ល្បែង​នយោបាយ​ដែល​ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​ជាតិ។

ប៉ុន្តែ​ជា​ការ​ឆ្លើយតប​នឹង​ការ​លើកឡើង​របស់​បណ្ឌិត កែម ឡី ត្រូវ​សមាជិក​បក្ស​ប្រឆាំង​ដែល​គាំទ្រ​លោក សម រង្ស៊ី នាំគ្នា​ជេរប្រមាថ​យ៉ាង​ធ្ងន់ធ្ងរ។ ជាង​នេះ​ទៀត ពួកគេ​បាន​លាប​ពណ៌​បណ្ឌិត កែម ឡី ជា​បន្លា​យួន ធ្វើ​ឱ្យ​រាំង​ស្ទះ​ដំណើរការ​បក្ស​ប្រឆាំង​ថែម​ទៀត​ផង៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស