27 C
Phnom Penh

អ្នក​តស៊ូ​មតិ​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន ស្នើ​ទៅ​ប្រធានាធិបតី​វៀតណាម​ឱ្យ​គោរព​លក្ខខណ្ឌ​មួយ​ចំនួន

បទវិភាគ

បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អំពាវនាវ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ស្នើ​ទៅ​ប្រធានាធិបតី​វៀតណាម លោក ង្វៀង ស៊ួនហ្វុក (Nguyen Xuan Phuc) ឱ្យ​គោរព​ដែន​អធិបតេយ្យភាព​របស់​ខ្មែរ​ដែល​វៀតណាម បាន​រំលោភ​តាំងពី​អតីតកាល​រហូត​មក​ដល់​បច្ចុប្បន្ន។

ការ​ទាមទារ​នេះ ធ្វើឡើង​នៅ​មួយ​ថ្ងៃ​មុន​ដំណើរ​ទស្សនៈ​របស់​លោក ង្វៀង ស៊ួនហ្វុក (Nguyen Xuan Phuc) មក​កាន់​ប្រទេស​កម្ពុជា ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២១។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​ថា ក្នុង​ឋានៈ​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ ខាងមុខ ដែល​បាន​ប្ដេជ្ញា​ថា​នឹង​ខិតខំ​ដោះស្រាយ​វិបត្តិ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ជាមួយ​ប្រទេស​ចិន ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ គឺជា​ឱកាស​ល្អ​បំផុត​សម្រាប់​កម្ពុជា​បញ្ជាក់​អំពី​ជំហរ​របស់​ខ្លួន​ក្នុង​ការ​ការពារ​ផលប្រយោជន៍​របស់​កម្ពុជា ទោះបីជា​ត្រូវ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​វៀតណាម​ដល់​ជម្រៅ​យ៉ាងណាក៏ដោយ។

ប្រភព​ដដែល​ជំរុញ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច ស្នើ​ទៅ​មេដឹកនាំ​វៀតណាម លោក ង្វៀង ស៊ួនហ្វុក ត្រូវតែ​ទទួល​យក​ជនជាតិ​របស់​ខ្លួន​ដែល​ចូល​មក​រស់នៅ​ខុសច្បាប់​នៅ​កម្ពុជា ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ។ បន្ថែម​ពី​នេះ រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម ត្រូវតែ​បញ្ឈប់​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​ទម្រង់​លើ​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជាក្រោម ហើយ​ត្រូវ​គោរព​សិទ្ធិ​សេរីភាព​របស់​ពួកគេ​តាម​គោលការណ៍​ធានា​ការពារ​ដោយ​អង្គការ​សហប្រជាជាតិ​ឱ្យ​បាន​ដាច់ខាត។

លោក ទូច វិបុល ទាមទារ​ឱ្យ​មេដឹកនាំ​វៀតណាម ត្រូវតែ​គោរព​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ឬ​ហៅ​កាត់​ថា UNCLOS 1982 ដោយ​ប្រគល់​មក​ឲ្យ​ប្រទេស​កម្ពុជា​វិញ​នូវ​កោះត្រល់ ចង្កោម​កោះ​ក្រចក​សេះ និង​ទំហំ​ផ្ទៃ​ទឹកសមុទ្រ​ទាំងអស់​របស់​កម្ពុជា ដែល​វៀតណាម​កំពុង​គ្រប់គ្រង​ទាំង​ខុសច្បាប់ ដូច​ដែល​រដ្ឋាភិបាល​វៀតណាម​បាន​ទាមទារ​ឲ្យ​ប្រទេស​ចិន គោរព​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ដូច្នោះ​ដែរ។ ជាង​នេះ​ទៀត រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ត្រូវតែ​ហ៊ាន​ប្រកាស​ប្រាប់​ប្រទេស​វៀតណាម ថា ក្នុង​ស្ថានភាព​កម្ពុជា​ពុំ​ទាន់​មាន​ឯកភាព​ជាតិ​នៅ​ពេលនេះ កម្ពុជា​ត្រូវការ​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​គោក​ដែល​នៅ​សល់​ជាមួយ​ប្រទេស​វៀតណាម ជា​បណ្ដោះអាសន្ន​សិន និង​រក្សា​សិទ្ធិ​សើរើ​ឡើងវិញ​ផង​ដែរ​លើ​បង្គោល​ព្រំដែន​ដែល​បាន​បោះ​រួច​ជា​លក្ខណៈ​ទ្វេភាគី​ពី​មុន​មក។

ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ​រូប​នេះ ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​ប្រទេស​វៀតណាម ដែល​នៅ​រក្សា​មហិច្ឆតា​បន្ត​រំលោភ​អធិបតេយ្យភាព និង​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ដោយឡែក​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ក៏​ត្រូវ​តែ​ហ៊ាន​ប្រកាស​ប្រាប់​មេដឹកនាំ​វៀតណាម អំពី​កាតព្វកិច្ច​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ការពារ​ប្រយោជន៍​របស់​ប្រជាជាតិ​ខ្មែរ ដោយ​រក្សា​ជំហរ​លើ​គោលការណ៍​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​យុត្តាធិការ​ច្បាប់​អន្តរជាតិ​នានា។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​វៀតណាម លោក លោក ង្វៀង ស៊ួនហ្វុក កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​នៅ​ដើម​សប្តាហ៍​នេះ។

ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ ដោយ​ចាត់ទុក​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​វៀតណាម លោក ង្វៀង ស៊ួនហ្វុក មក​កាន់​កម្ពុជា​ពេលនេះ គឺជា​ការ​បន្ត​ពង្រឹង និង​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​ទ្វេភាគី ក្នុង​ស្មារតី​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ សន្តិភាព ស្ថិរភាព​យូរអង្វែង និង​ដើម្បី​ជា​ផលប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់​ប្រទេស​ទាំង​ពីរ។

ចាប់តាំង​ពី​ឆ្នាំ​១៩៨៥ ក្រោយពី​លោក ហ៊ុន សែន ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម លើក​បន្តុប​ជា​នាយករដ្ឋមន្ត្រី​ខ្មែរ​មក ត្រូវ​គេ​មើល​ឃើញ​ថា មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន បាន​ចូល​ដៃ​ជាមួយ​រដ្ឋការ​ក្រុង​ហាណូយ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង សន្ធិសញ្ញា និង​ឯកសារ​ខុសច្បាប់​គ្រប់​បែបយ៉ាង​ដែល​សុទ្ធសឹងតែ​ជា​លក្ខខណ្ឌ​ក្នុង​ការ​កាត់​ទឹកដី និង​ដាក់​អធិបតេយ្យភាព​របស់​ខ្លួន​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម​ទាំងស្រុង។

ការ​ចុះហត្ថលេខា​ខុសច្បាប់​ទាំងនោះ​រួម​មាន៖

  • កិច្ចព្រមព្រៀង​ស្ដីពី​ព្រំដែន​ទឹក​ឆ្នាំ​១៩៨២
  • សារាចរ​អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម អាច​ចូល​កម្ពុជា​ទាំង​ខុសច្បាប់​អន្តោប្រវេសន៍​របស់​ខ្លួន​កាលពី​ឆ្នាំ​១៩៨៦
  • កិច្ចព្រមព្រៀង​ស្ដីពី​លក្ខន្តិកៈ​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៣
  • សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ជាដើម។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ក្រោម​កិច្ចព្រមព្រៀង​ខុសច្បាប់​ទាំងនេះ វៀតណាម​បាន​កាត់​ឆ្វៀល​យក​ទឹកដី​ខ្មែរ​ជាច្រើន​អន្លើ ដូចជា​ចង្កោម​កោះ​ក្រចក​សេះ គ្រប់គ្រង​ដែនអាកាស ព្រមទាំង​ដាក់​ផ្ទៃ​សមុទ្រ​ទំហំ ១​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​ដែល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា ឲ្យ​ទៅ​ជា​ដែនទឹក​រួម​គ្នា​ជាមួយ​វៀតណាម ផង​ដែរ។

យ៉ាងណាក៏ដោយ កាលពី​ខែ​កក្កដា ឆ្នាំ​២០២០ អគ្គលេខាធិការ​មជ្ឈិមបក្ស​វៀតណាម និង​ជា​ប្រធាន​រដ្ឋ​វៀតណាម លោក ង្វៀន ភូទ្រង់ ធ្លាប់​បាន​ជំរុញ​ឲ្យ​លោក ហ៊ុន សែន បន្ត​អនុវត្ត​កិច្ចសន្យា​រវាង​កម្ពុជា-វៀតណាម ឲ្យ​បាន​ល្អ​បន្ត​ទៀត​ផង​ដែរ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស