27 C
Phnom Penh

ហេតុ​អ្វី​ជប៉ុន​អះអាង​ថា​ត្រូវ​ត្រៀម​ដើម្បី​សង្គ្រាម​ជាមួយ​ចិន ករណី​ចិន​លុកលុយ​កោះ​តៃវ៉ាន់?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជប៉ុន ធ្លាប់​លុកលុយ​ប្រទេស​ចិន​ក្នុង​រវាង​ឆ្នាំ​១៩៣៧ ដល់​ឆ្នាំ​១៩៤៥។ ក្នុង​អំឡុង​ពេល​នោះ ដែនដី​ដែល​ស្ថិត​ក្រោម​នឹម​អាណានិគម​របស់​ជប៉ុន គឺជា​ដែនដី​ទាសករ​របស់​ជប៉ុន។ ក្នុង​ស្ថានភាព​បែប​នេះ សម្រាប់​ចិន​នៅតែ​ចងចាំ​ការ​ឈឺចាប់​របស់​ខ្លួន។ តែយ៉ាងណាក៏ដោយ ក្រោយពី​សង្គ្រាម​លោក​លើក​ទី​២ ដែល​ជប៉ុន​ចាញ់​សង្គ្រាម​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត ជប៉ុន​បាន​បញ្ចប់​អនុត្តរភាព​របស់​ខ្លួន​ទាំងស្រុង​ទៅលើ​ប្រទេស​ចិន។

ក្រោយពី​សង្គ្រាម​លោក​លើក​ទី​ពីរ​ភ្លាម ជប៉ុន​ស្ថិតនៅ​ក្នុង​ស្ថានភាព​ស្ងប់ស្ងាត់។ ជប៉ុន​ពេល​នោះ​ត្រូវ​បាន​រួមរឹត​ដោយ​ភាព​សម្អប់​នៃ​ប្រទេស​ដែល​ជប៉ុន​ធ្លាប់​ដាក់​អាណានិគម ជាពិសេស​គឺ​ប្រទេស​ចិន។

ចិន​សឹងតែ​លើក​ទ័ព​សងសឹក​លើ​ប្រទេស​ជប៉ុន ប៉ុន្តែ​ទៅ​ពុំ​រួច​ដោយសារ​តែ​សហរដ្ឋ​អាមេរិក​ការពារ​ជប៉ុន។ ដូចនេះ​ហើយ​បាន​ជា​ក្រោយពី​សង្គ្រាម​លោក​លើក​ទី​២ ជប៉ុន​អនុញ្ញាត​ឱ្យ​កងទ័ព​សហរដ្ឋ​អាមេរិក​មាន​នៅ​លើ​ទឹកដី​របស់​ខ្លួន។ មកទល់​សព្វថ្ងៃ​នេះ កងទ័ព​អាមេរិក​នៅតែ​មាន​លើ​ទឹកដី​ជប៉ុន​នៅឡើយ​ប្រមាណ ៥​ម៉ឺន​នាក់។

ឥឡូវ​នេះ​ទៀត ជប៉ុន​ក្លាយ​ជា​សម្ពន្ធមិត្ត​យោធា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដ៏​រឹងមាំ ហើយ​ក៏​ជា​សម្ពន្ធមិត្ត​យោធា​ជាមួយ​ប្រទេស​ឥណ្ឌា និង​អូស្ត្រាលី​ទៀត​ផង។ ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​ចិន​កំពុង​តែ​រីក​មាឌ​យ៉ាង​ខ្លាំង​ទាំង​សេដ្ឋកិច្ច និង​យោធា គឺ​ជប៉ុន ក៏​កំពុង​ព្រួយបារម្ភ​អំពី​អនុត្តរភាព​របស់​ចិន។ ដោយ​ហេតុនេះ ជប៉ុន​បាន​បង្កើន​កម្លាំង​កងទ័ព និង​សព្វាវុធ​របស់​ខ្លួន​យ៉ាង​ខ្លាំង ដោយ​សម្រេច​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ហើយ​បើក​ផ្លូវ​ឱ្យ​កងទ័ព​ជប៉ុន​ទប់ទល់​នឹង​ការ​វាយប្រហារ​ពី​សំណាក់​កងទ័ព​ប្រទេស​ដែល​ឈ្លានពាន​ដែន​អធិបតេយ្យ​របស់​ជប៉ុន។

អតីត​នាយករដ្ឋមន្ត្រី​ម្នាក់​ដែល​ចាប់ផ្ដើម​ពង្រឹង​កងទ័ព​ជប៉ុន​ខ្លាំងក្លា​មកដល់​សព្វថ្ងៃ​នេះ គឺ​លោក ស៊ីនហ្សូ អាបេ។ អំឡុង​នៃ​ការ​កាន់​អំណាច​របស់​លោក​ជាង ១០​ឆ្នាំ​មក​នេះ ប្រទេស​ជប៉ុន​បាន​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ដល់​ទៅ ៥១​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ក៏​បាន​ក្លាយ​ជា​ប្រទេស​លំដាប់​ទី​៥ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​សក្ដានុពល​ផ្នែក​យោធា​ធំៗ​ចំនួន ៣០​ប្រទេស​នៅ​ទូទាំង​ពិភពលោក។

បើ​តាម​គេហទំព័រ Global Fire កញ្ចប់​ថវិកា​របស់​ជប៉ុន ហក់​ឡើង​រហូត​ដល់​ទៅ​ជិត ៥២​ពាន់​លាន​ដុល្លារ។ ទំហំ​ថវិកា​នេះ​បាន​នាំ​ឱ្យ​ជប៉ុន​មាន​សព្វាវុធ​ធំៗ និង​ទំនើបៗ​យ៉ាង​ច្រើន។ សព្វាវុធ​របស់​ជប៉ុន​ផលិត​ខ្លួនឯង​ក៏​មាន និង​ទិញ​ពី​សហរដ្ឋ​អាមេរិក​ក៏​មាន​ដែរ។ ជប៉ុន​មាន​ទាំង​នាវាមុជទឹក នាវា​ផ្ទុក​យន្តហោះ នាវា​ចម្បាំង យន្តហោះ​ចម្បាំង រថក្រោះ រថពាសដែក និង​កាំភ្លើងធំ​រាប់​រយ​គ្រឿង។

យ៉ាងណា ជប៉ុន​នៅ​ពុំ​ទាន់​ស្មើ​ទំហំ​នៃ​វិស័យ​ការពារ​ជាតិ​របស់​ចិន​នោះ​ទេ ដែល​ថវិកា​យោធា​ចិន នៅ​ពេលនេះ​មាន​ចំនួន ២៥២​ពាន់​លាន​ដុល្លារ មាន​អាវុធ​គ្រប់​ប្រភេទ​ទាំងអស់ ហើយ​មាន​ចំនួន​ច្រើន​ជាង​ជប៉ុន​ដល់​ទៅ​ជាង ២​ដង។ បើ​ចំនួន​កងទ័ព​វិញ ជប៉ុន​មាន ២៥​ម៉ឺន​នាក់ ទ័ព​បម្រុង ៥​ម៉ឺន​នាក់ និង​ទ័ព​បម្រុង​ទី​២ គឺ ២៧​លាន​នាក់។

ចំណែក​ឯ​ចិន​មាន​ទ័ព​ជាង ២​លាន​នាក់ ទ័ព​បម្រុង​មាន ៨​លាន​នាក់ ទ័ព​បម្រុង​ទី​២ មាន​ចំនួន ៣៨៥​លាន​នាក់ គឺ​មាន​ទំហំ​ធំធេង​ណាស់​បើ​ធៀប​ទៅ​នឹង​ជប៉ុន។ ចិន​ឈរ​នៅ​លំដាប់​ទី​៣ នៃ​ប្រទេស​ដែល​មាន​អំណាច​ខ្លាំង​ផ្នែក​វិស័យ​ការពារ​ជាតិ។ ប៉ុន្តែ​សំណួរ​សួរ​ថា តើ​ជប៉ុន​ដែល​មាន​កងទ័ព និង​សព្វាវុធ​ប៉ុណ្ណឹង​គ្រប់គ្រាន់​ហើយ​ឬ​នៅ​ក្នុង​ការ​ការពារ​ដែន​អធិបតេយ្យ​របស់​ខ្លួន ដើម្បី​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ចិន។

ការពិត ចំនួន​កងទ័ព​ជប៉ុន​ត្រឹម​នេះ​ទំនង​មិន​អាច​ទៅ​រួច​ទេ​ជាមួយ​នឹង​ចិន។ ចុះ​ហេតុ​អ្វី​បាន​ជា​មេដឹកនាំ​ជប៉ុន​អួតអាង​ថា ខ្លួន​គេ​នឹង​ជួយ​ការពារ​ដែន​កោះ​តៃវ៉ាន់ បើ​កងទ័ព​ចិន​លើក​ទ័ព​ចូល​ទៅ​កាន់កាប់​កោះ​តៃវ៉ាន់?

អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីនហ្សូ អាបេ បាន​ថ្លែង​នៅ​លើ​វេទិកា​មួយ​អំពី​ដែន​កោះ​តៃវ៉ាន់​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​ទទូច​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​បច្ចុប្បន្ន​នេះ​ត្រៀម​ខ្លួន​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ចិន ដែល​មាន​ផែនការ​លើក​ទ័ព​កាន់កាប់​កោះ​តៃវ៉ាន់។ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​រូប​នេះ​បាន​ព្រមាន​ថា បើ​កោះ​តៃវ៉ាន់​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​ប្រទេស​ចិន គឺ​កោះ​ទាំងឡាយ​របស់​ជប៉ុន នៅ​ជាប់​នឹង​កោះ​តៃវ៉ាន់ វា​នឹង​អាច​ក្លាយ​ជា​ដែន​កោះ​របស់​ចិន​ទៅ​ថ្ងៃ​មុខ។ លោក អាបេ បាន​ទទូច​ថា ជប៉ុន​ត្រូវតែ​ត្រៀម​លក្ខណៈ​ដើម្បី​សង្គ្រាម គឺ​សង្គ្រាម​ប្រឆាំង​នឹង​អនុត្តរភាព​របស់​ចិន។

ជាមួយ​នឹង​ការ​ប្រកាន់​ជំហរ​បែប​នេះ លោក អាបេ ក៏​ទទូច​ដល់​សហរដ្ឋ​អាមេរិក​ត្រូវ​ឈរ​ជាមួយ​នឹង​ជប៉ុន គឺ​ឱ្យ​បាន​រឹងមាំ​ប្រឆាំង​នឹង​ចិន។ ក្នុង​ន័យ​នេះ​ហើយ​ដែល​ជប៉ុន​សម្រេច​ចិត្ត​ថា បើ​កោះ​របស់​ជប៉ុន​នៅ​ជាប់​នឹង​កោះ​តៃវ៉ាន់​ត្រូវ​កងទ័ព​ចិន​ចូល​កាន់កាប់​ក្នុង​អំឡុង​ដែល​កងទ័ព​ចិន​លុកលុយ​កោះ​តៃវ៉ាន់​នោះ គឺ​ជប៉ុន​ចាំបាច់​ត្រូវតែ​លើក​ទ័ព​វាយ​កម្ទេច​កងទ័ព​របស់​ចិន ដែល​នៅ​លើ​ដែន​កោះ​របស់​ជប៉ុន។

លោក អាបេ បាន​ទទូច​ទៅ​សហរដ្ឋ​អាមេរិក​ថា ត្រូវ​រួម​គ្នា​ដើម្បី​ជួយ​កោះ​តៃវ៉ាន់។

យោង​តាម​លក្ខណៈ​នៃ​ការ​ពង្រឹង​កងទ័ព គឺ​ជប៉ុន​ទំនង​ពង្រឹង​កងទ័ព​រឹងមាំ​រួច​ទៅ​ហើយ​ក្នុង​ការ​ធ្វើ​សង្គ្រាម ប៉ុន្តែ​អ្វី​ដែល​ជប៉ុន​អាច​ធ្វើ​ទៅ​បាន គឺ​ជប៉ុន​ពឹង​លើ​សហរដ្ឋ​អាមេរិក​ជា​ធំ និង​ពឹង​លើ​សម្ពន្ធភាព​នៃ​ក្រុម​ចតុភាគី​ដែល​មាន​ឥណ្ឌា និង​អូស្ត្រាលី​ផង​ដែរ។

សម្រាប់​អូស្ត្រាលី បាន​ប្រកាស​ថា ខ្លួន​គេ​ទោះ​ជា​មិន​លើក​កងទ័ព​អន្តរាគមន៍​ជួយ​កោះ​តៃវ៉ាន់​ដោយ​ផ្ទាល់​ទេ តែ​អូស្ត្រាលី​ត្រូវតែ​ជួយ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ឆ្លើយតប​នឹង​សង្គ្រាម។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អូស្ត្រាលី លោក Peter Dutton បាន​ព្រមាន​ចិន​ថា អូស្ត្រាលី​ប្រាកដ​ណាស់​នឹង​ជួយ​សហរដ្ឋ​អាមេរិក​ដែល​ទប់ទល់​នឹង​សង្គ្រាម​ពី​សំណាក់​កងទ័ព​ចិន។ ប្រមុខ​ការពារ​ជាតិ​អូស្ត្រាលី​រូប​នេះ​ព្រមាន​ទៀត​ថា ចិន​មិន​ត្រូវ​លើក​ទ័ព​ចូល​ឈ្លានពាន​កោះ​តៃវ៉ាន់​ដាច់ខាត ព្រោះ​ពេលនេះ តៃវ៉ាន់​ជា​រដ្ឋ​ដែល​មាន​ប្រជាធិបតេយ្យ​ភាព​ច្បាស់លាស់។ អ្វី​ដែល​អូស្ត្រាលី​ត្រូវ​ជួយ​សហរដ្ឋ​អាមេរិក និង​ជប៉ុន​ការពារ​កោះ​តៃវ៉ាន់ គឺ​អូស្ត្រាលី​ក្នុង​នាម​ជា​សមាជិក​របស់​អង្គការ​យោធា​ចតុភាគី។

ឥឡូវ​នេះ​គេ​មើលឃើញ​ថា មិន​ត្រឹមតែ​អូស្ត្រាលី​ទេ​បាន​សន្យា​ជួយ​សហរដ្ឋ​អាមេរិក បើ​កោះ​តៃវ៉ាន់​ធ្លាក់​ក្នុង​សង្គ្រាម​ជាមួយ​ចិន ឥណ្ឌា​ក៏​ត្រូវ​បាន​រាយការណ៍​មក​ថា​នឹង​ជួយ​សហរដ្ឋ​អាមេរិក​ផង​ដែរ។

យ៉ាងណា អង់គ្លេស​ដែល​ជា​មហាអំណាច​នៅ​ខាងក្រៅ​តំបន់​ឯណោះ​វិញ ក៏​បាន​សម្រេច​ចូល​ពាក់ព័ន្ធ​នឹង​ជម្លោះ​ប្រទេស​ចិន និង​តៃវ៉ាន់​ផង​ដែរ។ អង់គ្លេស​មាន​កតិកាសញ្ញា​យោធា​ជាមួយ​អាមេរិក និង​អូស្ត្រាលី។ អង់គ្លេស​ដែល​បាន​ផ្ដល់​សញ្ញា​ដូចនេះ​ហើយ គឺ​យ៉ាងហោចណាស់​ធ្វើ​ឱ្យ​ជប៉ុន​គិត​ថា ជប៉ុន​មាន​សម្ពន្ធមិត្ត​យោធា​រឹងមាំ​មួយ​ទៀត គឺ​ប្រទេស​អង់គ្លេស។ យោង​តាម​ទឡ្ហីករណ៍​ទាំងអស់​នេះ នាំ​ឱ្យ​មេដឹកនាំ​ជប៉ុន​ដែល​កំពុង​កាន់​អំណាច និង​លោក អាបេ អះអាង​ថា​ខ្លួន​គេ​បាន​ត្រៀម​អស់​ហើយ​ដើម្បី​សង្គ្រាម​ពី​សំណាក់​កងទ័ព​ចិន។

សម្ពន្ធភាព​ដែល​ជប៉ុន​មាន​ក្នុង​ដៃ​នេះ គឺ​សម្ពន្ធភាព​ចតុភាគី និង​ត្រីភាគី។ សម្ពន្ធភាព​នេះ​ហើយ​ទំនង​ជប៉ុន​អះអាង​ប្រាប់​ថា ខ្លួន​គេ​មាន​លក្ខណៈ​គ្រប់គ្រាន់ គឺ​ត្រៀម​រួច​ហើយ​ដើម្បី​សង្គ្រាម​ដែល​ចាំបាច់។

ជប៉ុន​ត្រូវ​ធ្វើ​សង្គ្រាម​ដើម្បី​ការពារ​ដែន​អធិបតេយ្យ​របស់​ខ្លួន​ផង និង​ដើម្បី​ប្រឆាំង​អនុត្តរភាព​របស់​ចិន​នៅ​ក្នុង​តំបន់​ផង​ដែរ។ ជប៉ុន​មាន​អំនួត​ដូចនេះ បើ​មើល​ទៅ​ដូចជា​ការ​ប្រថុយ​ពិតមែន​ជាមួយ​ចិន។

តើ​សម្រាប់​ចិន​វិញ ត្រៀម​ខ្លួន​ហើយ​ឬ​នៅ? ការពិត ចិន​ត្រៀម​ខ្លួន​រួចរាល់​អស់​ហើយ​ដើម្បី​សង្គ្រាម គឺ​សង្គ្រាម​លុកលុយ​កោះ​តៃវ៉ាន់ និង​សង្គ្រាម​វាយ​កាន់កាប់​ទីតាំង​កន្លែង​ណា​ដែល​ចិន​ត្រូវ​យក​ឱ្យ​បាន​ត្រឡប់​មកវិញ ដូចជា​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងកើត​លើ​ប្រជុំកោះ​ស៊ិនកាគូ ដែល​ភាសា​ចិន​ហៅថា ទាវយូ គឺ​ប្រជុំកោះ​ទាំងនេះ​បាន​បាត់​នៅ​ក្រោម​ការ​កាន់កាប់​របស់​ជប៉ុន នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី​២។ ចិន បាន​ប្រាប់​ទៅ​ជប៉ុន​ថា កោះ​ទាំងនេះ​គួរតែ​ត្រឡប់​មក​ឱ្យ​ចិន​គ្រប់គ្រង​វិញ ប៉ុន្តែ​ជប៉ុន​ប្រឆាំង​ដាច់ខាត។

ចិន​តែងតែ​បញ្ជូន​នាវា​ល្បាត និង​យន្តហោះ​ចម្បាំង ហោះ​ទៅ​ដែន​កោះ​ទាំងនោះ​ដែល​ជា​ការ​បង្ហាញ​អំពី​គោលបំណង​របស់​ចិន ចង់​បាន​កោះ​នេះ​ត្រឡប់​មកវិញ។ តែ​ជប៉ុន​មិន​ដែល​ចុះថយ​ឡើយ។ ទីក្រុង​តូក្យូ បាន​បញ្ជូន​យន្តហោះ​ចម្បាំង និង​នាវា​ចម្បាំង​របស់​ខ្លួន​ហោះ​ទៅ​ដេញ​យន្តហោះ​ចម្បាំង និង​នាវា​ចម្បាំង​របស់​ចិន ឱ្យ​ចេញពី​តំបន់​នោះ។ ភាព​តានតឹង​ដោយសារ​ជម្លោះ​កោះ​ស៊ិនកាគូ នេះ បាន​នាំ​ឱ្យ​ចិន ចិញ្ចឹម​ចិត្ត និង​ពង្រីក​សក្ដានុពល​ផ្នែក​កងទ័ព​របស់​ខ្លួន​ចង់​កាន់កាប់​មកវិញ​នូវ​ដែន​កោះ​ដែល​ខ្លួន​បាត់​ទៅលើ​ប្រទេស​ជប៉ុន ក្នុង​សង្គ្រាម​លោក​លើក​ទី​២៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស