26 C
Phnom Penh

លោក ហ៊ុន សែន ថា​វៀតណាម​សាទរ​ចំពោះ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​រយៈពេល​៥៥​ឆ្នាំ​មក​នេះ

បទវិភាគ

លោក ហ៊ុន សែន អះអាង​ថា ជំនួប​រវាង​លោក និង​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) បាន​សម្ដែង​សាទរ​ចំពោះ​ទំនាក់ទំនង​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ជិតស្និទ្ធ​បំផុត​ក្នុង​កិច្ចសហប្រតិបត្តិការ​កម្ពុជា-វៀតណាម​ក្នុង​រយៈពេល ៥៥​ឆ្នាំ​កន្លងមក​នេះ។

លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​អង្គារ ទី​២១ ធ្នូ នេះ​ថា ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​វៀតណាម លោក ង្វៀន ស៊ួនហ្វុក (Nguyen Xuan Phuc) បាន​កោត​សរសើរ​ចំពោះ​សមិទ្ធផល​ជា​ប្រវត្តិសាស្ត្រ និង​សំខាន់ៗ​ដែល​កម្ពុជា និង​វៀតណាម សម្រេច​បាន ជាពិសេស​ការ​អភិវឌ្ឍ​ជាតិ ស្ថិរភាព​នយោបាយ លើក​កម្ពស់​តួនាទី និង​មុខមាត់​ប្រទេស​កម្ពុជា​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ។

លោក​បញ្ជាក់​ថា ក្នុង​ជំនួប​នេះ ប្រធាន​រដ្ឋ​វៀតណាម បាន​ឯកភាព​គ្នា​ជាមួយ​កម្ពុជា ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​មួយ​ចំនួន ក្នុង​នោះ​រួម​មាន៖

  • ផែនការ​សហប្រតិបត្តិការ​ឆ្នាំ​២០២២ រវាង​ក្រសួង​មហាផ្ទៃ និង​ក្រសួង​នគរបាល​វៀតណាម
  • ការ​កំណត់​ផែនការ​សហប្រតិបត្តិការ​ប្រចាំ​ឆ្នាំ​២០២២ រវាង​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​ក្រសួង​ការពារ​ជាតិ​វៀតណាម
  • កំណត់ហេតុ​នៃ​កិច្ចប្រជុំ​រវាង​ប្រធាន​គណៈកម្មការ​ព្រំដែន​ចម្រុះ​កម្ពុជា-វៀតណាម
  • ការ​បញ្ចប់​ការ​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​រវាង​កម្ពុជា-វៀតណាម
  • និង​កិច្ចព្រមព្រៀង​មួយ​ចំនួន​ទៀត​ផង​ដែរ។

ការ​លើកឡើង​របស់​លោក ហ៊ុន សែន គឺ​បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​មេដឹកនាំ​វៀតណាម ដែល​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា ដែល​ទើប​តែ​បាន​បញ្ចប់​នៅ​ថ្ងៃ​ពុធ សប្តាហ៍​នេះ។

អ្នកវិភាគ​នយោបាយ​ឯករាជ្យ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២១ ធ្នូ នេះ​ថា បើ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន តាំង​ខ្លួន​ជា​នាយករដ្ឋមន្ត្រី​តំណាង​ផលប្រយោជន៍​ជាតិ​ខ្មែរ​ក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​វៀតណាម លោក Nguyen Xuan Phuc ត្រូវតែ​លើក​សំណើ​ឱ្យ​វៀតណាម បញ្ឈប់​ការ​រំលោភ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​បន្ត​ទៀត។

អ្នកវិភាគ​រូប​នេះ​អះអាង​ថា មេដឹកនាំ​កម្ពុជា​ត្រូវតែ​ទាមទារ​ឱ្យ​មេដឹកនាំ​វៀតណាម គោរព​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ ឬ​ហៅ​កាត់​ថា UNCLOS ១៩៨២ ដោយ​ប្រគល់​មក​ឲ្យ​ប្រទេស​កម្ពុជា​វិញ​នូវ​កោះត្រល់ ចង្កោម​កោះ​ក្រចក​សេះ និង​ទំហំ​ផ្ទៃ​ទឹកសមុទ្រ​ទាំងអស់​របស់​កម្ពុជា ដែល​វៀតណាម​កំពុង​គ្រប់គ្រង​ទាំង​ខុសច្បាប់​សព្វថ្ងៃ​នេះ។

លោក គឹម សុខ បញ្ជាក់​ថា លោក ហ៊ុន សែន ត្រូវតែ​ហ៊ាន​ប្រកាស​ចំពោះ​មេដឹកនាំ​វៀតណាម នៅ​ក្នុង​ជំនួប​នេះ​ដែរ​ថា ក្នុង​ស្ថានភាព​កម្ពុជា​ពុំ​ទាន់​មាន​ឯកភាព​ជាតិ​នៅ​ពេលនេះ កម្ពុជា​ត្រូវការ​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​គោក​ដែល​នៅ​សល់​ជាមួយ​ប្រទេស​វៀតណាម ជា​បណ្ដោះអាសន្ន​សិន និង​រក្សា​សិទ្ធិ​សើរើ​ឡើងវិញ​ផង​ដែរ​លើ​បង្គោល​ព្រំដែន​ដែល​បាន​បោះ​រួច​ជា​លក្ខណៈ​ទ្វេភាគី​ពី​មុន​មក។

ទោះ​យ៉ាងណា ក្រោម​កិច្ចព្រមព្រៀង សន្ធិសញ្ញា និង​ឯកសារ​ខុសច្បាប់​នានា​ដែល​លោក ហ៊ុន សែន បាន​ចុះហត្ថលេខា​យល់ព្រម​ជាមួយ​វៀតណាម កន្លងមក ត្រូវ​គេ​រិះគន់​ថា អ្វី​ដែល​លោក ហ៊ុន សែន បាន​ធ្វើ គឺជា​ការ​បើក​ផ្លូវ​ឱ្យ​ប្រទេស​វៀតណាម កាត់​ឆ្វៀល​យក​ទឹកដី​ខ្មែរ​យ៉ាង​ច្រើន ដូចជា​ចង្កោម​កោះ​ក្រចក​សេះ គ្រប់គ្រង​ដែនអាកាស ព្រមទាំង​ដាក់​ផ្ទៃ​សមុទ្រ​ទំហំ ១​ម៉ឺន​គីឡូម៉ែត្រ​ក្រឡា​ដែល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា ឲ្យ​ទៅ​ជា​ដែនទឹក​រួម​គ្នា​ជាមួយ​វៀតណាម៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស