27 C
Phnom Penh

ចិន​ព្រមាន​តៃវ៉ាន់​ថា​នឹង​ប្រើ​វិធានការ​ក្ដៅ​ភ្លាមៗ បើ​តៃវ៉ាន់​ហ៊ាន​ធ្វើ​សកម្មភាព​សំដៅ​ប្រកាស​ឯករាជ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​ធ្នូ នេះ បាន​ចេញ​មុខ​ព្រមាន​ថា ចិន​នឹង​ប្រើ​វិធានការ​ក្តៅ​ភ្លាមៗ​ប្រសិនបើ​តៃវ៉ាន់​ហ៊ាន​ធ្វើ​សកម្មភាព​សំដៅ​ទៅ​រក​ការ​ប្រកាស​ឯករាជ្យ ដោយ​បង្ហើប​ថា បញ្ហា​តៃវ៉ាន់​អាច​នឹង​តានតឹង​ខ្លាំង​ថែមទៀត​នៅ​ក្នុង​ឆ្នាំ​២០២២។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters ចុះផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ធ្នូ នេះ​ថា លោក Ma Xiaoguang អ្នក​នាំពាក្យ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​នៃ​រដ្ឋាភិបាល​ចិន បាន​ថ្លែង​ថា ប្រទេស​ចិន​ខិតខំ​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព ដើម្បី​ស្វែងរក​ការ​បង្រួបបង្រួម​គ្នា​ជាមួយ​ដែន​កោះ​តៃវ៉ាន់​ដោយ​សន្តិវិធី ក៏ប៉ុន្តែ​នឹង​ចាត់​វិធានការ​ក្តៅ​ភ្លាមៗ​ប្រសិនបើ​តៃវ៉ាន់​ហ៊ាន​ដើរ​រំលង​បន្ទាត់​ក្រហម ហើយ​សំដៅ​ទៅ​រក​ការ​ប្រកាស​ឯករាជ្យ។

លោក ម៉ា បាន​បន្ត​ថា ការ​បង្កហេតុ​ដោយ​កម្លាំង​គាំទ្រ​ឯករាជ្យ​នៅ​តៃវ៉ាន់ រួម​ជាមួយ​ការ​ជ្រៀតជ្រែក​ពី​ខាងក្រៅ អាច​នឹង​កើនឡើង​ខ្លាំង ហើយ​កាន់តែ​តានតឹង​ថែមទៀត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ ពោល​គឺ​នៅ​ឆ្នាំ​ក្រោយ​នេះ។ លោក​បង្ហើប​ថា ស្ថានការណ៍​នៅ​តំបន់​ច្រកសមុទ្រ​តៃវ៉ាន់ នឹង​កាន់តែ​មាន​ភាព​ស្មុគស្មាញ និង​ធ្ងន់ធ្ងរ​ថែមទៀត។

ដោយ​ឆ្លើយតប​នឹង​សម្ពាធ​របស់​ចិន​កាន់តែ​ខ្លាំង​ឡើងៗ​ដាក់​ទៅលើ​កោះ​តៃវ៉ាន់ គឺ​កាលពី​ថ្ងៃ​ទី​២៧ ធ្នូ លោក ចូ បៃដិន ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​សម្រេច​ចុះហត្ថលេខា​លើ​ឯកសារ​ច្បាប់​មួយ​ដ៏​សំខាន់ ដើម្បី​ជួយ​កោះ​តៃវ៉ាន់ គឺ​ច្បាប់​ស្ដីពី​ការ​ពង្រឹង​សមត្ថភាព​ទ័ព​តៃវ៉ាន់ ដែល​ហៅថា RIMPAC។

ច្បាប់​នេះ​បើក​ឱកាស​ឱ្យ​មន្ទីរ​ប៉ុងតាហ្គោន (Pentagon) ស្នើ​រដ្ឋាភិបាល​តៃវ៉ាន់ ឱ្យ​បញ្ជូន​កងទ័ព​របស់​ដែន​កោះ​នេះ​ទៅ​ធ្វើ​សមយុទ្ធ​ជាមួយ​កងទ័ព​អាមេរិក និង​សម្ពន្ធមិត្ត​របស់​អាមេរិក​នៅ​ឆកសមុទ្រ​រដ្ឋ​ហាវៃ (Hawai) របស់​សហរដ្ឋ​អាមេរិក និង​ទីតាំង​ផ្សេងៗ​ទៀត​នៃ​លំហ​សមុទ្រ។ ក្រៅពី​នេះ RIMPAC សំដៅ​ពង្រឹង​សហប្រតិបត្តិការ​ជាមួយ​កោះ​តៃវ៉ាន់​លើ​វិស័យ​សន្តិសុខ និង​ការពារ​ដែន​កោះ​នេះ​ទៀត​ផង។

ច្បាប់ RIMPAC ក៏​ជា​ផ្នែក​មួយ​នៃ​ច្បាប់​ការពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក ហៅ​កាត់​ថា NDAA ដែល​លោក ចូ បៃដិន បាន​ចុះហត្ថលេខា​ឱ្យ​ក្លាយ​ជា​ច្បាប់​សម្រាប់​ឆ្នាំ​សារពើពន្ធ​ឆ្នាំ​២០២២ គឺ​មាន​សាច់ប្រាក់​សរុប ៧៧០​ពាន់​លាន​ដុល្លារ​អាមេរិក។ សម្រាប់​ដែន​កោះ​តៃវ៉ាន់ ច្បាប់​នេះ​បើក​ផ្លូវ​ឱ្យ​ក្រុង​វ៉ាស៊ីនតោន បន្ត​គាំទ្រ​តៃវ៉ាន់​គ្រប់​កាលៈទេសៈ សំដៅ​ធ្វើ​ឱ្យ​ដែន​កោះ​មួយ​នេះ​មាន​សមត្ថភាព​រឹងមាំ​ក្នុង​ការ​ការពារ​ខ្លួន​ទប់ទល់​នឹង​ឥទ្ធិពល​យោធា​ពី​សំណាក់​ប្រទេស​ណា​មួយ​ក្នុង​តំបន់។

តាម​ច្បាប់ RIMPAC សហរដ្ឋ​អាមេរិក គឺជា​អ្នក​ចាត់ចែង​ឱ្យ​មាន​ការ​ធ្វើ​សមយុទ្ធ​កងទ័ព​ជាមួយ​កោះ​តៃវ៉ាន់​នៅ​ក្នុង​ឆកសមុទ្រ​រដ្ឋ​ហាវៃ ដែនដី​អាមេរិក ហើយ​សមយុទ្ធ​នេះ​ធ្វើឡើង​ដោយ​ទ្រង់ទ្រាយ​ធំ​ជា​កម្រិត​អន្តរជាតិ​ដែល​មាន​រៀងរាល់ ២​ឆ្នាំ​ម្ដង។ តាម​ច្បាប់​នេះ គឺ​សហរដ្ឋ​អាមេរិក​ត្រូវ​ជួយ​តៃវ៉ាន់ និង​ការពារ​សន្តិសុខ​ច្រកសមុទ្រ​តៃវ៉ាន់​ដោយ​ធានា​ឱ្យ​មាន​សន្តិភាព​រឹងមាំ។

កោះ​តៃវ៉ាន់ ត្រូវ​បាន​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង ចាត់ទុក​ជា​ខេត្ត​មួយ​របស់​ក្រុង​ប៉េកាំង ប៉ុន្តែ​ក្នុង​រយៈពេល​ជិត ២​ឆ្នាំ​ចុងក្រោយ​នេះ ចិន​បាន​បង្កើន​សម្ពាធ​ផ្នែក​យោធា និង​ការទូត​ជា​ខ្លាំង​ទៅលើ​ដែន​កោះ​នេះ ដែល​ជា​ហេតុ​បង្ក​ឲ្យ​តៃវ៉ាន់​សម្ដែង​ក្តី​បារម្ភ​អំពី​ការ​ឈ្លានពាន​ដែន​កោះ។ ក្នុង​ហេតុនេះ តៃវ៉ាន់​បាន​ស្នើ​ឱ្យ​សហរដ្ឋ​អាមេរិក​ដែល​ជា​ខ្នង​បង្អែក​ធំ​បំផុត​របស់​ខ្លួន ជួយ​ការពារ​ដែន​កោះ​ដោយ​ទប់ទល់​នឹង​អនុត្តរភាព​របស់​មហាយក្ស​ចិន។

សម្រាប់​កោះ​តៃវ៉ាន់​ផ្ទាល់ បាន​បង្កើន​កងទ័ព​សកម្ម​ដល់​ទៅ ៣០​ម៉ឺន​នាក់ ដោយ​តួលេខ​នេះ​បាន​ហក់​ឡើង​ខ្លាំង​នៅ​រយៈពេល ៥​ឆ្នាំ​ចុងក្រោយ​នេះ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​កោះ​តៃវ៉ាន់ Chiu Kuo-cheng បាន​ព្យាករ​ថា នៅ​ឆ្នាំ​២០២៥ ទំនង​ចិន​នឹង​លើក​កងទ័ព​ចូល​កាន់កាប់​កោះ​តៃវ៉ាន់។ លោក​បង្ហើប​ថា ចិន​មាន​ផែនការ​លើក​ទ័ព​វាយ​ដែន​កោះ​ដោយ​ទ្រង់ទ្រាយ​ធំ គឺ​វាយ​គ្រប់​ជ្រុង​ទាំងអស់​សំដៅ​កាន់កាប់​ឱ្យ​បាន​ក្នុង​រយៈពេល​មួយ​ដ៏​ខ្លី។ ប៉ុន្តែ​លោក​រដ្ឋមន្ត្រី​បាន​តប​ដោយ​អះអាង​ថា ចំនួន​កងទ័ព​តៃវ៉ាន់​ទោះ​ជា​មិន​អាច​ប្រៀបធៀប​នឹង​កងទ័ព​ចិន​ក៏​ពិត​មែន តែ​ច្បាស់​ណាស់​នឹង​វាយបក​ឱ្យ​ទាន់​សភាពការណ៍​ដោយ​មិន​ឱន​ក្បាល​សុំ​សន្តិភាព​ឡើយ។ លោក​បាន​ប្រាប់​សមាជិក​សភា​តៃវ៉ាន់​កាលពី​ពេល​ថ្មីៗ​នេះ​ថា កងទ័ព​បាន​ត្រៀម​រួចរាល់​ហើយ​ដើម្បី​ការពារ​ដែន​កោះ​របស់​ខ្លួន ដោយ​បំពាក់​អាវុធ​ទំនើបៗ​ដែល​ទើប​យក​ពី​សហរដ្ឋ​អាមេរិក។ តៃវ៉ាន់ និង​ចិន គឺ​សាច់ឈាម​តែ​មួយ។

ដែនដី​បងប្អូន​នឹង​គ្នា​នេះ បាន​បែកបាក់​គ្នា​ក្រោយ​ការ​បិទ​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ឆ្នាំ​១៩៤៩។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​រត់​មក​ទើរ​លើ​ដែន​កោះ​តៃវ៉ាន់ គឺជា​ម្ចាស់​ក្រុង​ប៉េកាំង គឺជា​រដ្ឋាភិបាល​សាធារណរដ្ឋ​ចិន ដែល​អាជ្ញាធរ​តៃវ៉ាន់​បាន​រក្សា​ទុក​មក​ដល់​សព្វថ្ងៃ​នេះ។ ដែន​កោះ​នេះ​កំពុង​ស្វែងរក​ចំណង​មិត្តភាព និង​កិច្ចសហការ​ផ្នែក​យោធា​ជាមួយ​នឹង​ប្រទេស​ដែល​មាន​សក្ដានុពល​យោធា ដូចជា ជប៉ុន អូស្ត្រាលី អង់គ្លេស ឥណ្ឌា ជាដើម។ ប៉ុន្តែ​សម្រាប់​សហរដ្ឋ​អាមេរិក គឺជា​មិត្ត​ស្លាប់​រស់​ជាមួយ​នឹង​តៃវ៉ាន់ ដោយ​ផ្អែក​លើ​ច្បាប់​ទំនាក់ទំនង​តៃវ៉ាន់-អាមេរិក ឆ្នាំ​១៩៧៩ ជា​ច្បាប់​ដែល​អាមេរិក​ចាត់ទុក​តៃវ៉ាន់​ជា​សម្ពន្ធមិត្ត​មិន​អាច​ខ្វះ​បាន​សម្រាប់​សន្តិសុខ​ឥណ្ឌូ​ប៉ាស៊ីហ្វិក៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស