27 C
Phnom Penh

ចក្រភព​អង់គ្លេស​គាំទ្រ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា

បទវិភាគ

ចក្រភព​អង់គ្លេស បង្ហាញ​ជំហរ​ជា​ថ្មី​ម្តង​ទៀត ដោយ​ប្ដេជ្ញា​ចិត្ត​គាំទ្រ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា ខណៈ​អតីត​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ជាង ១​ពាន់​នាក់​កំពុង​ប្រើ​សិទ្ធិ​សម្ដែង​មតិ​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​សំណង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី​ការងារ។

រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បរទេស ខូមិនវែលធ៍ និង​កិច្ចការ​អភិវឌ្ឍន៍ (Minister of State for Foreign, Commonwealth and Development Affairs) របស់​ចក្រភព​អង់គ្លេស អ្នកស្រី Amanda Milling បាន​សរសេរ​នៅ​លើ​ទំព័រ Twitter ផ្ទាល់ខ្លួន​របស់​អ្នកស្រី​ថា ក្រោយ​ពី​អ្នកស្រី​បាន​ជួប​ជាមួយ​ក្រុម​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ដែល​ធ្វើ​ការងារ​ខាង​ផ្នែក​សិទ្ធិមនុស្ស កាលពី​ថ្ងៃ​ទី​១០ ខែ​មករា អ្នកស្រី​ក៏​បាន​ជជែក​គ្នា​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អំពី​សារសំខាន់​នៃ​ការ​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​នៅ​អាស៊ី​អាគ្នេយ៍​ផង​ដែរ។ អ្នកស្រី​ថា៖ «ចក្រភព​អង់គ្លេស​តែងតែ​គាំទ្រ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សេរីភាព​នៃ​សារព័ត៌មាន»។

ការ​លើកឡើង​របស់​អ្នកស្រី Amanda Milling ស្រប​ពេល​ដែល​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ជាង ១​ពាន់​នាក់ កំពុង​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​អស់​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ បណ្តាល​ឲ្យ​អាជ្ញាធរ​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ចាប់​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ចំនួន ៨​នាក់​ដោយ​ចោទប្រកាន់​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» តាម​មាត្រា​៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា។

ស្ថានទូត​អង់គ្លេស ប្រចាំ​នៅ​កម្ពុជា ក៏​បាន​សរសេរ​នៅ​លើ​ទំព័រ Facebook របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១១ ខែ​មករា ថា ចក្រភព​អង់គ្លេស​ចាត់ទុក​ការ​គោរព​សិទ្ធិមនុស្ស​ជា​គោលការណ៍​ស្នូល​នៃ​កិច្ចការ​ដែល​អង់គ្លេស​ត្រូវ​ធ្វើ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន បាន​ថ្លែង​ថា កន្លងមក​រដ្ឋាភិបាល​បើក​លំហ​ឱ្យ​មាន​សេរីភាព​បញ្ចេញមតិ ប៉ុន្តែ​មិន​មែន​ជា​ការ​ញុះញង់​នោះ​ទេ។ រដ្ឋាភិបាល​កំពុង​ផ្ដោត​លើ​ការ​ការពារ​អាយុ​ជីវិត​ពលរដ្ឋ​ពី​ជំងឺ Covid-19 ដូច្នេះ​រដ្ឋាភិបាល​នឹង​មិន​ឱ្យ​មាន​បញ្ហា​ដទៃ​ទៀត​មក​រំខាន​នោះ​ឡើយ។ លោក​ថា៖ «កម្ពុជា បើក​សេរីភាព​ឲ្យ​មាន​ការ​ទិតៀន​តាម​ចិត្ត ក៏ប៉ុន្តែ​ការ​ញុះញង់ ការ​បំភ័ន្ត​មតិ គឺ​មិន​អនុញ្ញាត​ឱ្យ​មាន​ឡើយ»។

ពាក់ព័ន្ធ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​បរទេស ខូមិនវែលធ៍ និង​កិច្ចការ​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស អ្នកស្រី Amanda Milling ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែរ។

លោក កឹម សុខា បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​១១ មករា នេះ​ដែរ​ថា លោក​មាន​កិត្តិយស​ណាស់​ដែល​បាន​ជួប​ពិភាក្សា​ការងារ​ផ្ទាល់​ជាមួយ​អ្នកស្រី Amanda Milling ដែល​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា។ លោក​ថា ក្នុង​ជំនួប​ដែល​រៀបចំ​ដោយ​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​នេះ អ្នកស្រី​រដ្ឋមន្ត្រី​ចង់​ដឹង​ពី​ទស្សនៈ​របស់​លោក​ជុំវិញ​ស្ថានភាព​នានា​នៅ​កម្ពុជា ក្នុង​បរិបទ​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

លោក កឹម សុខា សរសេរ​ថា អ្នកស្រី​រដ្ឋមន្ត្រី​រូប​នេះ​ក៏​បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ថា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និង​សេរីភាព គឺជា​គុណតម្លៃ និង​ជា​គោលការណ៍​ស្នូល​នៃ​គោលនយោបាយ​បរទេស​ដែល​ចក្រភព​អង់គ្លេស​ត្រូវ​តែ​ធ្វើ និង​ផ្សារភ្ជាប់​ជាមួយ។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ «ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស»។ រហូត​មក​ទល់នឹង​ពេលនេះ​មាន​រយៈពេល​ជាង ៤​ឆ្នាំ​ហើយ​ដែល​តុលាការ​នៅ​មិនទាន់​កាត់ទោស​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ ខណៈ​តុលាការ​កម្ពុជា​នឹង​បើក​សវនាការ​លើ​ករណី​មេ​បក្ស​ប្រឆាំង​រូប​នេះ​នៅ​អំឡុង​ខែ​មករា ឆ្នាំ​២០២២ ដ៏​ខ្លី​ខាងមុខ​នេះ។

លោក កឹម សុខា ធ្លាប់​អះអាង​កាលពី​ចុង​ខែ​មីនា ឆ្នាំ​២០២១ ថា បណ្តា​ប្រទេស​លោកសេរី​នៅតែ​ទទួលស្គាល់​អំពី​គុណតម្លៃ​របស់​លោក​ក្នុង​ការងារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ បន្ថែម​ពី​នេះ ពួកគេ​ក៏​បាន​ទទួលស្គាល់​នូវ​គោល​ជំហរ​របស់​លោក​ដែល​តែង​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​អហិង្សា ការ​អត់ធ្មត់ និង​ការ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​នានា​ដោយ​សន្តិវិធី ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ផង​ដែរ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា នយោបាយ​ការបរទេស​របស់​មេ​បក្ស​ប្រឆាំង លោក កឹម សុខា គឺជា​ការងារ​រំលត់​កម្ដៅ​នយោបាយ ស្វែងរក​ដំណោះស្រាយ​តាម​បែប​អហិង្សា មិន​សម្ដែង មិន​អួតអាង និង​មិន​ឆ្កឹះឆ្កៀល​ឌឺដង​បង្ក​ជា​អណ្ដាតភ្លើង​បង្កើន​កម្ដៅ​នយោបាយ​សម្រាប់​កម្ពុជា​នោះ​ទេ៕

© 2021, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស