28 C
Phnom Penh

បុគ្គលិក NAGA បន្ត​ដាក់​ញត្តិ​តាម​ស្ថានទូត​សុំ​អន្តរាគមន៍​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​និង​រក​ដំណោះស្រាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) បន្ត​នាំគ្នា​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​ប្រទេស​លោកសេរី​នានា​ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​សុំ​ឱ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ដោះស្រាយ​វិវាទ​ការងារ និង​ដោះលែង​ថ្នាក់​ដឹកនាំ​សហជីព​ដែល​កំពុង​ជាប់​ឃុំ​ខ្លួន ដោយសារ​ការពារ​ផលប្រយោជន៍​របស់​បុគ្គលិក។

នៅ​ថ្ងៃ​ទី​១៨ មករា នេះ ក្រុម​បុគ្គលិក​កាស៊ីណូ ណាហ្គា​វើលដ៍ បន្ត​ដាក់​ញត្តិ​នៅ​ស្ថានទូត​ជប៉ុន ម៉ាឡេស៊ី អូស្ត្រាលី កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​ពួក​គេ​បាន​នាំគ្នា​ដាក់​ញត្តិ​នៅ​ស្ថានទូត​បារាំង អង់គ្លេស អាល្លឺម៉ង់ សិង្ហបុរី កាណាដា សហភាព​អឺរ៉ុប កាលពី​ថ្ងៃ​ទី​១៧ មករា

ការ​បន្ត​ដាក់​ញត្តិ​នេះ ធ្វើឡើង​ក្រោយ​ពី​អាជ្ញាធរ​មិន​ដោះលែង​តំណាង​ពួកគេ​ទាំង ៨​នាក់ និង​មិន​មាន​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន ខណៈ​វិវាទ​នេះ​បាន​អូស​បន្លាយ​រយៈពេល ៩​ខែ​មក​ហើយ។

បើ​តាម​ខ្លឹមសារ​ញត្តិ​របស់​ក្រុម​កូដករ​ដែល​បាន​ដាក់​កាល​ពី​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៨ មករា នេះ ពួកគេ​បាន​ស្នើ​ទៅ​ស្ថានទូត​ប្រទេស​លោកសេរី​ឱ្យ​ជួយ​អន្តរាគមន៍​ឱ្យ​មាន​ការ​ដោះលែង​តំណាង​សហជីព​ដែល​បាន​ធ្វើ​កូដកម្ម​អហិង្សា អំឡុង​ពេល​ទាមទារ​រក​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន រួម​ទាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពង្រឹង​ការ​គោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ ជាដើម។

ក្រុម​កូដករ ណាហ្គា​វើលដ៍ ដែល​បាន​ទៅ​ដាក់​ញត្តិ បាន​ប្រាប់​សារព័ត៌មាន​ថា ស្ថានទូត​ទាំងនោះ​បាន​ទទួល​យក​ញត្តិ​ពួកគេ ខណៈ​ស្ថានទូត​អូស្ត្រាលី ក៏​បាន​អនុញ្ញាត​ឱ្យ​ពួកគាត់​ចូល​យក​ញត្តិ​ទៅ​ដាក់​ដល់​ការិយាល័យ និង​បាន​សួរ​សុខទុក្ខ​ពួកគាត់ រួម​ទាំង​សួរនាំ​ពី​ដើមចម​នាំ​ឱ្យ​មាន​វិវាទ​ដែរ។

ក្រៅពី​ការ​ដាក់​ញត្តិ​របស់​បុគ្គលិក នៅ​ថ្ងៃ​អង្គារ ទី​១៨ មករា នេះ ក៏​មាន​យុវជន​នៃ​សមាជិក​ខ្មែរ​ថាវរៈ ចំនួន ៣​នាក់ បាន​នាំគ្នា​កោរសក់ និង​ធ្វើ​ពិធី​បែប​សាសនា ដើម្បី​ជំរុញ​ឱ្យ​តុលាការ​ដោះលែង​តំណាង​សហជីព និង​ទាមទារ​ឱ្យ​ក្រុមហ៊ុន រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ឱ្យ​បាន​ឆាប់។ សមាជិក​ខ្មែរ​ថាវរៈ​ដែល​បាន​កោរសក់​មាន​កញ្ញា អេង ម៉ាឡៃ លោក ហ៊ុន វណ្ណៈ និង​លោក ស្វ័យ សំណាង ដោយ​ពិធី​ធ្វើឡើង​នៅ​មុខ​ប្រាសាទ​អង្គរវត្ត។ ក្រោយ​ពី​កោរសក់​ហើយ ពួកគេ​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ទៅ​បួងសួង​តាម​បែប​សាសនា​នៅ​ខាង​មុខ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម ក្នុង​ខេត្ត​សៀមរាប។

សមាជិក​ខ្មែរ​ថាវរៈ​កោរសក់​រក្សា​សីល​ប្រាំ​ចំនួន ១​សប្ដាហ៍ នៅ​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២២ ដើម្បី​បួងសួង​សុំ​សេចក្ដី​សុខ​ជូន​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប ជាពិសេស​សកម្មជន​សហជីព​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World)។ (ខ្មែរ​ថាវរៈ)

គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០២២ ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ទាំង ៨​នាក់ បាន​ជាប់​ពន្ធនាគារ​ចំនួន ១៩​ថ្ងៃ​ហើយ ខណៈ​បុគ្គលិក​ជាង ១​ពាន់​នាក់​នៅតែ​បន្ត​ធ្វើ​កូដកម្ម​ទាមទារ​រក​ដំណោះស្រាយ។ លើស​ពី​នេះ ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ទាំង ៨​នាក់ ក្នុង​នោះ​កញ្ញា ឈឹម ស៊ីថរ ដែល​ជា​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ក៏​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ក្រោម​ការ​ចោទប្រកាន់​ពី​បទ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍» ក្រោយ​ពី​ពួកគេ​បាន​នាំគ្នា​ធ្វើ​កូដកម្ម​អហិង្សា​ដើម្បី​ទាមទារ​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន ណាហ្គា​វើលដ៍ ឱ្យ​កាន់តែ​ប្រសើរ​នោះ។

ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន និង​ទាមទារ​របស់​បុគ្គលិក​នោះ កាល​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) នៅ​ប្រទេស​ស្វីស ក៏​បាន​អំពាវនាវ​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ជួយ​អន្តរាគមន៍​ដោះលែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព ណាហ្គា​វើលដ៍ ទាំង ៨​នាក់​ឱ្យ​មាន​សេរីភាព​វិញ និង​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ដែល​បាន​ប្រឆាំង​អ្នក​ទាំងនោះ។ ការ​អំពាវនាវ និង​ទាមទារ​នេះ អង្គការ ILO មើល​ឃើញ​ថា ការ​ចាប់ និង​ឃុំ​ខ្លួន​មេដឹកនាំ​សហជីព​ដែល​ដឹកនាំ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី​នោះ ជា​ការ​ជ្រៀតជ្រែក​យ៉ាង​ខ្លាំង​ដល់​ច្បាប់​ស្ដីពី​សេរីភាព​ការងារ និង​សិទ្ធិ​សហជីព៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស