27 C
Phnom Penh

លោក សម រង្ស៊ី ថា​ការ​ចោទប្រកាន់​លោក កឹម សុខា ជា​ល្បិច​រំលាយ​បក្ស​ប្រឆាំង​ក្នុង​បំណង​បន្ត​អំណាច​ផ្ដាច់ការ​ត្រកូល​ហ៊ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ថា​ការ​ចោទប្រកាន់​របស់​តុលាការ​ក្រុង​ភ្នំពេញ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គ្រាន់តែ​ជា​ល្បិច​ឲ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន មាន​លេស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បន្ត​អំណាច​ផ្ដាច់ការ​ត្រកូល ហ៊ុន ប៉ុណ្ណោះ។

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​ដោយ​ភ្ជាប់​ខ្សែ​វីដេអូ​ដែល​ជា​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាល្លឺម៉ង់ នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ការ​កាត់ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គ្រាន់តែ​ជា​រឿង​នយោបាយ​ប៉ុណ្ណោះ មិនមែន​ដោយសារ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ប្រព្រឹត្ត​ខុសច្បាប់​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ។

លោក សម រង្ស៊ី អះអាង​ថា ដើម្បី​រុញច្រាន​ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ចូល​ក្នុង​ការ​កាត់ទោស​បែប​នេះ​បាន លោក ហ៊ុន សែន ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល និង​រដ្ឋសភា​ដោយ​គណបក្ស​តែ​មួយ អាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​ហ៊ាន​រំលោភ​លើ​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ស្ទើរ​កន្លះ​នគរ​ថែមទៀត។

ការ​អះអាង​របស់​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​តុលាការ​ក្រុង​ភ្នំពេញ​បើក​សវនាការ​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ​កាលពី​ថ្ងៃ​ពុធ ទី​១៩ មករា នេះ។

សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២០ មករា នេះ​ថា នៅ​ពេលនេះ​ការ​លើកឡើង​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី គ្មាន​ន័យ​ខ្លឹមសារ​នោះ​ទេ ព្រោះ​ថា​ពេល​ដែល​តុលាការ​ប្រកាស​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ គាត់​មិន​ប្រកាស​ការពារ​គណបក្ស​នោះ​ទេ តែ​បែរជា​ជំរុញ​ឲ្យ​គេ​រំលាយ​ថែមទៀត។ មិន​ត្រឹម​តែប៉ុណ្ណោះ លោក សម រង្ស៊ី បាន​ប្រកាស​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​រត់​ចោល​លោក កឹម សុខា ទៀត​ផង​នៅ​ពេល​នោះ។

សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​អះអាង​ថា ចំពោះ​សវនាការ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បើ​ទោះបីជា​នីតិវិធី​នៅ​ក្នុង​អំឡុង​ពេល​កាត់ក្តី​មិនសូវ​រលូន​ក្តី ប៉ុន្តែ​ការ​ស្នើ​ឲ្យ​ពន្លឿន​ដំណើរការ​ក្តី​នេះ គឺ​មាន​ការ​ឯកភាព​ទាំង​ភាគី​តុលាការ និង​សហ​មេធាវី​ការពារ​ក្តី​របស់​លោក។

លោក ហ៊ុន កុសល អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ភាគី​ដើមបណ្ដឹង និង​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទ និង​ផ្តល់​សិទ្ធិ​សេរីភាព​ពេញលេញ​ដល់​លោក កឹម សុខា ឡើងវិញ ព្រោះ​ថា​ការ​ផ្តល់​ជូន​នូវ​សិទ្ធិ​នយោបាយ​ជូន​មេដឹកនាំ​ប្រឆាំង​នេះ គឺ​មាន​ផល​ចំណេញ​ដល់​ប្រទេស​ជាតិ​មហាសាល តាមរយៈ​នៃ​ការ​ដក​សម្ពាធ​នានា​ពី​សហគមន៍​អន្តរជាតិ ជាដើម។ ជាង​នេះ​ទៀត លោក​សង្ឃឹម​ថា​ខ្មែរ​ត្រូវតែ​អាច​និយាយ​គ្នា​បាន​ក្នុង​បុព្វហេតុ​ប្រយោជន៍​ជាតិ។

ចំណែក​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២០ មករា នេះ​ថា ការ​តស៊ូ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ដើម្បី​ជាតិ​ខ្មែរ អាច​នឹង​ត្រូវ​ចំណាយ​ពេលវេលា​យូរ​បន្តិច​ក៏​ពិតមែន ប៉ុន្តែ​វា​ដោះស្រាយ​វិបត្តិ​ប្រទេស​ជាតិ​បាន។

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ កន្លងទៅ ដោយ​ចោទប្រកាន់​ពី​បទ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា តាម​ប្រសាសន៍​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន។ ចាប់តាំង​ពី​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​កាលពី​ឆ្នាំ​២០១៧ មក លោក កឹម សុខា ត្រូវ​បាន​សាលាដំបូង​ក្រុង​ភ្នំពេញ​បើក​សវនាការ​លើ​សំណុំរឿង​របស់​លោក​ចំនួន ២៦​លើក​ហើយ។

ប៉ុន្តែ​នៅ​ដើម​ឆ្នាំ​២០២០ តុលាការ​កម្ពុជា​សម្រេច​ផ្អាក​សវនាការ​របស់​លោក​ក្រោម​ហេតុផល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19 ដូច្នេះ​លោក កឹម សុខា ត្រូវ​រង់ចាំ​សវនាការ​របស់​លោក​អស់​រយៈពេល​ប្រមាណ ២​ឆ្នាំ​រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២២ ទើប​តុលាការ​សម្រេច​ដំណើរការ​សវនាការ​របស់​លោក​ជា​លើកដំបូង​ឡើងវិញ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស