33 C
Phnom Penh

អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ថា​វិធានការ​កម្ពុជា​លើ​មេធាវី​អន្តរជាតិ​បង្ហាញ​ពី​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា វិធានការ​របស់​កម្ពុជា​លើ​មេធាវី​អន្តរជាតិ លោក ចារិត ជិនស័រ (Jared Genser) គ្រាន់តែ​បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា ថា​ខ្លួន​កំពុង​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​តែប៉ុណ្ណោះ ហើយ​ការ​ធ្វើ​បែប​នេះ​មិនមែន​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​នោះ​ឡើយ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២១ មករា នេះ​ថា លោក ចារិត ជិនស័រ មក​កម្ពុជា​គ្រាន់តែ​ដើម្បី​ចូលរួម​តាមដាន​សវនាការ​កញ្ញា សេង ធារី ប៉ុណ្ណោះ មិនមែន​មក​កម្ពុជា​ក្នុង​អាជីព​ជា​មេធាវី​ដើម្បី​ការពារ​ក្ដី​កញ្ញា សេង ធារី នោះ​ឡើយ។ លោក​ថា ជាង​នេះ​ទៀត មេធាវី​អន្តរជាតិ​រូប​នេះ​ក៏​មិន​បាន​មក​ប្រកប​របរ​ជា​អាជីព​មេធាវី​នៅ​កម្ពុជា​នោះ​ដែរ។

លោក ស៊ឹង សែនករុណា អះអាង​ថា ការ​តាមដាន​សវនាការ និង​បញ្ចេញមតិ​យោបល់​ទាក់ទង​នឹង​ការ​អនុវត្ត​ច្បាប់ និង​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា មិនមែន​ជា​បំណង​អាក្រក់​របស់​មេធាវី​អន្តរជាតិ​នេះ​ទេ។ លោក​បន្ត​ថា លោក ចារិត ជិនស័រ គ្រាន់តែ​ចង់​ឱ្យ​កម្ពុជា​អនុវត្ត​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​បាន​ល្អ​ប្រសើរ​តែប៉ុណ្ណោះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​មេធាវី​អន្តរជាតិ លោក ចារិត ជិនស័រ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ហាម​ចូល​ប្រទេស​កម្ពុជា​អស់​មួយ​ជីវិត​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា Fresh News ថា លោក ចារិត ជិនស័រ បាន​ល្មើស​នឹង​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍ ដោយ​បាន​ប្រើប្រាស់​ទិដ្ឋាការ​ខុស​ពី​គោលបំណង​ស្នើសុំ​ចូល​មក​កម្ពុជា​ដើម្បី​ទេសចរណ៍។

លោក ខៀវ សុភ័គ បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​ក៏​បាន​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ឲ្យ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ផ្សព្វផ្សាយ​ដល់​គ្រប់​ស្ថានទូត ស្ថាន​បេសកកម្ម និង​ស្ថាន​កុងស៊ុល​របស់​កម្ពុជា​នៅ​បរទេស មិន​អនុញ្ញាត​ផ្តល់​ទិដ្ឋាការ​ដល់​លោក ចារិត ជិនស័រ ចូល​កម្ពុជា​អស់​មួយ​ជីវិត។

ក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ អះអាង​ថា លោក ចារិត ជិនស័រ បាន​ធ្វើ​ដំណើរ​ចូល​ទៅ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២១ ដោយ​ប្រើប្រាស់​ទិដ្ឋាការ​ទេសចរណ៍​ផ្ដល់​ដោយ​ស្ថានទូត​ខ្មែរ​ប្រចាំ​សហរដ្ឋ​អាមេរិក និង​បាន​ធ្វើ​ដំណើរ​ចេញពី​ប្រទេស​កម្ពុជា​វិញ​កាលពី​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២១ កន្លងទៅ ឆ្ពោះ​ទៅ​កាន់​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាងត្បូង ដែល​បាន​ប្រើប្រាស់​ទិដ្ឋាការ​ខុស​គោលបំណង​ដែល​ខ្លួន​ទទួល​បាន​ការ​អនុញ្ញាត។

អ្នកជំនាញ​ផ្នែក​ច្បាប់ កញ្ញា សេង ធារី បាន​សរសេរ​លើ​គណនី Facebook របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២២ នេះ​ថា ការ​ដាក់​មេធាវី​អន្តរជាតិ លោក ចារិត ជិនស័រ ទៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​កម្ពុជា​នេះ គ្រាន់តែ​បង្ហាញ​នូវ​ទង្វើ​ឥត​អៀនខ្មាស​របស់​រដ្ឋាភិបាល​ឯក​បក្ស​ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​តែប៉ុណ្ណោះ មិនមែន​ដោយសារ​កំហុស​របស់​លោក ចារិត ជិនស័រ នោះ​ទេ។

កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២១ លោក ចារិត ជិនស័រ បាន​ចូលរួម​ឃ្លាំមើល​ដំណើរការ​សវនាការ​លើ​កញ្ញា សេង ធាវី និង​បាន​ផ្ដល់​បទសម្ភាសន៍​លើ​បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​បាន​ហៅ​សវនាការ​នោះ​ថា​ជា​សវនាការ​ឆាក​ល្ខោន​សម្រាប់​អ្នក​នយោបាយ​តែប៉ុណ្ណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស