27 C
Phnom Penh

ភាគ​១៦៖ បក្ស​ប្រជាជន​កម្ពុជា​ខំ​ជ្រើសរើស​សមាជិក​នៅ​បរទេស មិន​ថា​ក្មេង​ឬ​ចាស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពី​ប្រទេស​កម្ពុជា ទៅ​អឺរ៉ុប អាមេរិក​ខាងជើង អូស្ត្រាលី នូវែលហ្សេឡង់ ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តែងតាំង​ខ្មែរ​អ្នក​គាំទ្រ​នៅ​ឯ​បរទេស​ឲ្យ​ធ្វើការ​បម្រើ​បក្ស។ តើ​ពលរដ្ឋ​ខ្មែរ​តាម​សហគមន៍​យល់​យ៉ាង​ណា​ដែរ?

ក្នុង​ភាគ​ទី​១៦ លោក ហាស់ សាន សូម​ពិនិត្យ​មើល​កិច្ចប្រឹងប្រែង​របស់​គេ ថា​តើ​ដើម្បី​អ្វី?

យើង​បាន​ផ្សាយ​ជូន​ជ្រាប​រាប់​ខែ​មក​ហើយ​អំពី​កិច្ចប្រឹងប្រែង​នៃ​ក្រុម​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ដឹកនាំ​ដោយ​កូនប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែល​មាន​តំណែង​មុខនាទី​ដឹកនាំ​កិច្ចការ​កងកម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​ផ្នែក៖

  • ជា​នាយការិយាល័យ​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​ការពារ​ជាតិ
  • ជា​មេបញ្ជាការ​រង​កង​អង្គរក្ស
  • ជា​នាយអគ្គសេនាធិការ​រង​កងយោធពល​ខេមរភូមិន្ទ
  • ជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក
  • ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល ឬ​មជ្ឈិម​បក្ស។

គេ​ប្រសិទ្ធិនាម​បណ្ដាញ​សាខា​បក្ស​ឯនាយ​សមុទ្រ​ថា ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស និង​ក្រុម​ការងារ​យុវជន​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស សហការ​ជាមួយ​គណៈកម្មាធិការ​បក្ស​ដែល​មាន​ប្រធាន​ជា​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​នីមួយៗ ឬ​មាន​នាយកង​គ្រប់គ្រង​ទទួល​ខុសត្រូវ​ជា​នាហ្មឺន​មន្ត្រី​រាជការ​ខាង​រដ្ឋបាល​ស៊ីវិល និង​ខាង​កងយោធពល​ខេមរភូមិន្ទ។ បន្ទាប់មក គេ​រើស​សមាជិក​ឲ្យ​ទទួល​បន្ទុក​តាម​តំបន់ តាម​រដ្ឋ តាម​ខេត្ត​នៃ​ប្រទេស​នីមួយៗ រួច​តែងតាំង​មុខតំណែង​ជា​ប្រធាន អនុប្រធាន សាខា គណៈកម្មាធិការ ក្រុម​អង្គការ​រៀបចំ​ចាត់តាំង​យុវជន​បក្ស និង​ក្រុម​ការងារ​យុវជន​បក្ស។

យើង​មិន​ទាន់​រក​ឃើញ​ថា តើ​បណ្ដាញ​សាខា​បក្ស​ប្រជាជន​កម្ពុជា​ក្រៅ​ប្រទេស និង​ក្រុម​មន្ត្រី​នាយទាហាន នាយ​ប៉ូលិស​តាម​ក្រសួង​មន្ទីរ​នានា​ក្នុង​រាជរដ្ឋាភិបាល​ខ្មែរ ធ្វើ​ការងារ​ចាយ​ថវិកា​ពី​ប្រភព​ណា​មួយ​ច្បាស់លាស់​នៅឡើយ​ទេ។ យើង​គ្រាន់តែ​ដឹង​ថា ទាំងសងខាង​សុទ្ធតែ​មាន​ប្រយោជន៍​នឹង​គ្នា​ទៅវិញ​ទៅមក​តាម​វិធី ឬ​មធ្យោបាយ​ណា​មួយ។

លោក ម៉ឹង ពន្លក ប្រធាន​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា​នៅ​សហរដ្ឋ​អាមេរិក និង​លោក គឹម សន្តិភាព ប្រធាន​ក្រុម​ការងារ​រៀបចំ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា ប្រចាំ​អូស្ត្រាលី និង​នូវែលហ្សេឡង់។

យើង​បាន​សន្យា​កាលពី​សប្តាហ៍​មុន​ថា នឹង​ផ្សាយ​ជូន​ជ្រាប​បន្ត​អំពី​ការ​រៀបចំ​ចាត់តាំង​គ្រប់គ្រង​បណ្ដាញ​សាខា​ក្នុង​ប្រទេស​ថៃឡង់ដ៍ ចាប់ពី​តំបន់​រ៉ាក់យ៉ង ទៅ។ យើង​សូម​ស្លេះ​សេចក្តី​រាយការណ៍​ហ្នឹង​មួយ​អន្លើ​សិន ដោយ​ងាក​ទៅ​ពិនិត្យ​ឈ្វេងយល់​នូវ​មូលហេតុ​ដែល​រដ្ឋអំណាច​បក្ស​ប្រជាជន​កម្ពុជា ប្រឹង​រើស​ប្រឹង​តែងតាំង​ខ្មែរ​ឯ​បរទេស​ឲ្យ​ធ្វើការ​ជាមួយ​អ្នក​ក្នុង​ស្រុក ក្រោម​ការ​ណែនាំ​ពី​មន្ត្រី​រាជរដ្ឋាភិបាល​កាន់​ការងារ​បច្ចុប្បន្ន។ គេ​រៀន​យក​តាម​ទ្រឹស្ដី​មតិ​ភាគច្រើន​ឈ្នះ​រៀងរាល់​ពេល​ណា​ត្រូវ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​លើ​បញ្ហា​អ្វី​មួយ។ ការ​ព្យាយាម​បង្កើត​ក្រុម​ការងារ​យុវជន​បក្ស​ក្រៅ​ប្រទេស ផ្តើម​ឡើង​នៅ​ចន្លោះ​ឆ្នាំ​២០១៤-២០១៦៖

  • ម៉ឹង ពន្លក ប្រធាន​ក្រុម​ការងារ​យុវជន ១៥៧ នៅ​ក្នុង​ស្រុក ទទួល​បន្ទុក​ជា​ប្រធាន​ក្រុម​រៀបចំ​អង្គការ​ចាត់តាំង​សម្រាប់​សហរដ្ឋ​អាមេរិក;
  • សុខ សុគន្ធា ប្រធាន ទទួល​បន្ទុក​រដ្ឋ Colorado;
  • នន់ សុខហេងលី ប្រធាន ទទួល​បន្ទុក​រដ្ឋ New Jersey;
  • កែវ វ៉ាន្នី ប្រធាន ទទួល​បន្ទុក​រដ្ឋ California ឆ្នេរ​ខាងលិច ដែល​ជា​ប្រធាន​សាខា​គយ​នៅ​ខេត្ត​តាកែវ មាន​រឿង​ទាក់ទង​បញ្ហា​ពុករលួយ ប៉ុន្តែ​មាន​ខ្នង​ក្រាស់​ឃ្មឹក​នៅ​នាយកដ្ឋាន​គយ និង​រដ្ឋាករ ហើយ​និង​ក្រសួង​ហិរញ្ញវត្ថុ;
  • សាន គិមហុង អនុប្រធាន ទទួល​បន្ទុក​ស្រុក Orange County រដ្ឋ California;
  • នូវ ផល្លី ប្រធាន អនុ​សាខា​បក្ស​ប្រចាំ​ក្រុង Long Beach;
  • ឧត្តមសេនីយ៍ត្រី​នគរបាល​ជាតិ ស សេរីវិចិត្រ ប្រធាន ទទួល​បន្ទុក​ផ្នែក​ខាងលិច​សហរដ្ឋ​អាមេរិក ដែល​ធ្លាប់​រៃអង្គាស​លុយ​ជួយ​រាជរដ្ឋាភិបាល​ទិញ​វ៉ាក់សាំង​កូវីដ-១៩ ប្រមាណ​ជាង ១៣​ម៉ឺន ៤​ពាន់​ដុល្លារ;
  • ពិចិត្រ សិរិរិទ្ធ ប្រធាន ទទួល​បន្ទុក​ផ្នែក​ខាងលិច​សហរដ្ឋ​អាមេរិក;
  • គិន សុជាតិ ប្រធាន​ក្រុម​ការងារ​យុវជន​ប្រចាំ​ក្រុង Hillsboro;
  • ណុប ដារ៉ា អនុប្រធាន ទទួល​បន្ទុក​រដ្ឋ Washington;
  • ឧកញ៉ា ស្រី ចាន់ថន អនុប្រធាន ទទួល​បន្ទុក​រដ្ឋ Oregon;
  • ហ៊ួត ប៊ុនណារី ប្រធាន ទទួល​បន្ទុក​ខេត្ត​អ៊ីលដឺហ្រ្វង់ ប្រទេស​បារាំង;
  • គង់ សុភី ប្រធាន ទទួល​បន្ទុក​ខេត្ត Bordeaux និង Strasbourg ប្រទេស​បារាំង;
  • មាស គឹមសេង ប្រធាន ទទួល​បន្ទុក​សាខា​បក្ស​ប្រចាំ​សាធារណរដ្ឋ​តួកគី;
  • កាន់ ផារិទ្ធ ប្រធាន ទទួល​បន្ទុក​ចក្រភព​អង់គ្លេស;
  • ហួត ហាក់ ប្រធាន ទទួល​បន្ទុក​ទូទាំង​ទ្វីប​អឺរ៉ុប;
  • ជាម ច័ន្ទសោភ័ណ អភិបាល​ខេត្ត​ត្បូងឃ្មុំ និង​ជា​ប្រធាន​ក្រុម​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ផ្នែក​ក្រៅ​ប្រទេស​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស ជា​កូន​លោក ជាម យៀប សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា;
  • ស៊ុយ ជីហ៊ាង ប្រធាន​ក្រុម​សម្របសម្រួល និង​ពិធីការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស;
  • គឹម សន្តិភាព ប្រធាន ទទួល​បន្ទុក​នៅ​ប្រទេស​អូស្ត្រាលី និង​នូវែលហ្សេឡង់ ជា​កូនប្រសា​លោក ជាម យៀប;
  • ឧត្ដមនាវីត្រី ហ៊ូ ហាប់ ប្រធាន ទទួល​បន្ទុក​តំបន់​៣ ក្រុង​ស៊ីដនី;
  • ស៊ូនី វង្សវិសិដ្ឋ ប្រធាន ទទួល​បន្ទុក​តំបន់​៤ ក្រុង​ប្រ៊ីស្បេន;
  • សុខ វាសនា និង ថាន់ ពៅ (មិន​បង្ហាញ​តំណែង) ទទួល​បន្ទុក​តំបន់​៧ ក្រុង​ដ៏វិន;
  • អ៊ិន មាត្រា ទទួល​បន្ទុក​តំបន់​៦ ក្រុង​អាដដឺឡែត;
  • ឧត្តមសេនីយ៍ត្រី ឡាវ វ៉ាន់ មេបញ្ជាការ​រង​កង​អង្គរក្ស ជា​ប្រធាន ទទួល​បន្ទុក​តំបន់​២ ក្រុង​ម៉ែលប៊ន;
  • ខាន់ វណ្ណៈ ប្រធាន ទទួល​បន្ទុក​តំបន់​៨ ក្រុង​ភើត្ស;
  • ចាន់ រតនា ប្រធាន ទទួល​បន្ទុក​តំបន់​២ និង​នូវែលហ្សេឡង់ បច្ចុប្បន្ន​ជា​ឯកអគ្គរាជទូត;
  • វង្ស ប៊ុនឥន្រ្ទាវុធ ប្រធាន ទទួល​បន្ទុក​តំបន់​៩ ក្រុង Wellington, Christchurch និង Palmerston ប្រទេស​នូវែលហ្សេឡង់;
  • អ៊ូ សាន់វិរៈ ប្រធាន​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​រដ្ឋ​វិកទ័រីយ៉ា និង ម៉ៅ សុណារិទ្ធ ប្រធាន​ក្រុមប្រឹក្សា​នៃ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​រដ្ឋ​វិកទ័រីយ៉ា;
  • គង់ សុជាតិ តំណាង​សមាគម​ទ្រទ្រង់​វប្បធម៌​ខ្មែរ​រដ្ឋធានី​វ៉ែល្លិងតុន។

ឈ្មោះ​មន្ត្រី​រាយ​ហូរហែ​កន្លងមក​នេះ បាន​ចេញ​ញត្តិ​គាំទ្រ​ព្រោងព្រាត​មិន​ឲ្យ​កន្លង​ហួស​មួយ​សប្តាហ៍​ផង សម្ដែង​ការ​គាំទ្រ​បេក្ខភាព​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​លើក​ក្រោយ​បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​គាំទ្រ​កូនប្រុស​របស់​លោក​តែ​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​២០២១។ សមាសភាព​ប្រធាន អនុប្រធាន តំណាង ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​បក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​ញត្តិ​គាំទ្រ​បេក្ខភាព ហ៊ុន ម៉ាណែត ក្នុង​នាម​សមាជិក​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស ដោយ​សម្អាង​លើ​លិខិត​ពី​អ្នក​គាំទ្រ​ទាំងអស់​នៅ​ក្រៅ​ស្រុក ពី​អាមេរិក​ខាងជើង អឺរ៉ុប អូស្ត្រាលី នូវែលហ្សេឡង់ កូរ៉េ​ខាងត្បូង ជប៉ុន ម៉ាឡេស៊ី។ គេ​យក​ឈ្មោះ​ពលរដ្ឋ​ខ្មែរ​ក្រៅ​ស្រុក​ទៅ​ប្រើ​យក​ប័ណ្ណ​សរសើរ​អំពី​គុណសម្បត្តិ​ក្នុង​ការងារ​របស់​គេ ដើម្បី​ឡើង​បុណ្យស័ក្តិ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត (រូប​ទី​៤ រាប់​ពី​ឆ្វេង)

រឿង​នេះ​ចោទ​ជា​បញ្ហា​ថា ពលរដ្ឋ​ខ្មែរ-អាមេរិកាំង ខ្មែរ-កាណាដា ខ្មែរ-បារាំង ស្វីស បែលហ្សិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី នូវែលហ្សេឡង់។ល។ ដឹង​ឬ​ទេ​ថា​គេ​កំពុង​ធ្វើ​សមាជិក ធ្វើ​កិច្ចការ​បម្រើ​ក្នុង​ក្រុម​ចាត់តាំង និង​ក្រុម​ការងារ​យុវជន​បក្ស​ដែល​ដឹកនាំ បញ្ជា កំណត់​ទិសដៅ​ដោយ​នាយទាហាន នាយ​ប៉ូលិស នាហ្មឺន មន្ត្រី​រាជការ​បរទេស​នៃ​បក្ស​នយោបាយ​ផ្ដាច់ការ​ផ្ដាច់មុខ អតីត​បក្ស​កុម្មុយនីស្ត​នៅ​ប្រទេស​កម្ពុជា? តើ​គេ​គិត​អំពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ចំពោះ​មុខ ឥត​គិត​អំពី​ច្បាប់​ទម្លាប់​ប្រទេស​ដែល​ខ្លួន​ចូល​សញ្ជាតិ​នោះ​ឬ​ដូចម្តេច? តើ​គេ​មាន​ផល​ប្រយោជន៍​អ្វី​នឹង​គ្នា​ខ្លះ? តើ​មាន​ការ​បញ្ជូន​បញ្ចេញ​បញ្ចូល​ធនធាន​ពី​ប្រទេស​កម្ពុជា តាម​ច្រក​ណា​ជា​របៀប​រកស៊ី​ចូល​ហ៊ុន​គ្នា ដាក់​ទុន​ខាង​អចលនទ្រព្យ ទិញ​មុខរបរ ហាង​ទំនិញ​ដោយ​បុគ្គល​ណា​ឈរ​ឈ្មោះ​គេច​វាង​ច្បាប់​ឬ​ទេ?

មក​ទល់​ពេលនេះ យើង​មិនទាន់​បាន​ឃើញ​សហគមន៍​ខ្មែរ​នៅ​អាមេរិក​ខាងជើង នៅ​អឺរ៉ុប នៅ​អូស្ត្រាលី នូវែលហ្សេឡង់ សិក្សា​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ច្បាស់​ថា តើ​សកម្មភាព​ទន្រ្ទាន​រាតត្បាត​ចូល​សហគមន៍​របស់​ខ្លួន​បែប​នោះ ជា​អំពើ ជា​ទង្វើ​ត្រូវ​ច្បាប់ ឬ​ខុស​ច្បាប់​នោះ​ទេ។

វីរជន​ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្ត្រ​បារាំង​ម្នាក់​ជា​មេ​ទ័ព​សង្គ្រាម​បដិវត្តន៍ ជា​រដ្ឋបុរស គឺ​អធិរាជ ណាប៉ូឡេអុង បូណាប៉ាត្ត (Napoleon Bonaparte) (គ.ស. ១៧៦៩-១៨២១) រំឭក​ថា៖ “ពិភពលោក​នេះ​រងគ្រោះ​សម្បើម​ណាស់​រៀងរាល់​ថ្ងៃ។ នេះ​មិនមែន​ព្រោះ​តែ​អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​មនុស្ស​អន្យតិរ្ថិយ​នោះ​ទេ ប៉ុន្តែ​មកពី​ការ​សម្ងំ​ស្ងៀម​នៃ​មនុស្ស​ល្អៗ​ឯណោះ​ទៅវិញ​ទេ។”

តក្កវិទូ ទស្សនវិទូ សកម្មជន​នយោបាយ​ស្នេហា​សិទ្ធិ​សេរីភាព​សមភាព​រវាង​បុរស និង​ស្ត្រី អ្នកស្រី Simone Lucie Ernestine Marie Bertrand de Beauvoir ឬ​ហៅ​ខ្លី​ថា Simone de Beauvoir (គ.ស. ១៩០៨-១៩៨៦) រំឭក​ថា៖ “ជន​អន្យតិរ្ថិយ​គាប​សង្កត់​គេ​មិន​ខ្លាំងក្លា​ប៉ុន្មាន​ទេ ប្រសិនបើ​ជន​នោះ​គ្មាន​អ្នក​ចូល​ដៃ​ច្រើន​គ្នា​ជួយ​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​ពី​បណ្តា​ជនានុជន​ត្រូវ​គេ​គាប​សង្កត់​ទេ​នោះ។”

អ្នក​ខ្លះ​និយាយ​ថា មិន​ដឹង ដល់​ផ្សាយ​ឲ្យ​ដឹង​ហើយ និយាយ​ថា​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច។ ត្រង់​ចំណុច​នេះ ភាសិត​អាមេរិកាំង​មួយ​និយាយ​អំពី​គំនិត​មនុស្ស ហៅ អច្ឆរិយ​នៃ​គំនិត ពោល​ថា៖ “ប្រសិនបើ​អ្នក​ពិត​ជា​ចង់​ធ្វើ​អ្វី​មួយ អ្នក​ពិត​ជា​រក​ឃើញ​មធ្យោបាយ​ណា​មួយ​ហើយ។ ប្រសិនបើ​អ្នក​មិន​ចង់​ធ្វើ​អ្វី​វិញ​នោះ អ្នក​ពិត​ជា​នឹង​រក​លេស​អ្វី​មួយ​មិនខាន​ឡើយ។”

មនុស្សម្នា​ផង​ទាំងឡាយ​ចេះតែ​ចោទ​សួរ​គ្នា​ថា តើ​អាច​ជួយ​ប្រជាជាតិ​ខ្មែរ​ដូចម្តេច​បាន បើ​ក្នុង​នាម​ជា​ជាតិ​មួយ លើកលែងតែ​មនុស្ស​មួយ​ក្រុម​តូច​មាន​បញ្ហា​ក្នុង​សង្គម​ជាតិ​រាប់​មិន​អស់​ដូច្នេះ?

មក​ទល់​ពេលនេះ ដូចជា​មិនទាន់​មាន​ចម្លើយ​ត្រឹមត្រូវ​អាច​យក​ជា​ការ​បាន​ទេ ព្រោះ​ថា​ជាតិ​ខ្មែរ​យើង​និយាយ​ភាសា​តែ​មួយ​មិនទាន់​ត្រូវ​គ្នា មិនទាន់​ស្តាប់​គ្នា​បាន​ផង ហើយ​អ្នក​ចេះដឹង​ហៅ​ថា​បញ្ញវន្ត​នោះ សម្បូរ​ហូរហៀរ​មិន​ខ្វះ ធ្វើ​អ្វី​ក៏​បាន​បច្ចុប្បន្ន​នេះ។ អ្នក​ខ្លះ​និយាយ​បែប​អស់សង្ឃឹម​ថា មាន​តែ​ប្រគល់​ឲ្យ​គេ​ឲ្យ​អស់​ទៅ វា​ចប់​រឿង វា​អស់​បញ្ហា​ដូច​ទៅកាន់​ឋាន​និព្វាន​ហើយ។ បើ​ពុទ្ធបរិស័ទ​ខ្មែរ​ដើរ​តាម​ព្រះពុទ្ធ​ឱវាទ​មិន​ត្រង់​ផ្លូវ​ទេ គិតតែ​ពី​នាំគ្នា​ឧបកិច្ច​ហេតុផល​នោះ ស្វែងរក​សម្មាមគ្គ​មិន​ឃើញ​ទេ ទាំង​សម្មាទស្សនៈ ទាំង​សម្មា​សង្កប្បៈ ទាំង​សម្មាសតិ ទាំង​សម្មាបដិបត្តិ។

ឧត្តមសេនីយ៍​ជនជាតិ​ក្រិក​ឈ្មោះ ធូស៊ីឌីឌីស (Thucydides កើត​ជាង ៤០០​ឆ្នាំ​មុន​គ.ស.) ក្រោយ​ព្រះសិទ្ធត្ថ ព្រះពុទ្ធ សក្យមុនី​គោតម ប្រមាណ​ជាង ១០០​ឆ្នាំ រំឭក​ជាតិសាសន៍​ក្រិក ស្រដៀង​ព្រះ​ពុទ្ធោវាទ​ដែរ​ថា៖ “ការ​ស្រឡាញ់​អំណាច ប្រតិបត្តិ​តាម​គន្លង​លោភៈ និង​តាម​គន្លង​មហិច្ឆតា​ផ្ទាល់ខ្លួន (អត្តទត្ថភាព) គឺជា​មូលហេតុ​នៃ​អមនុស្សធម៌ អសីលធម៌​ទាំងអស់​យើង​ឃើញ​រាល់​ថ្ងៃ​នោះ​ឯង។”

ភាគ​បន្ត​សូម​ជូន​សប្តាហ៍​ក្រោយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស