27 C
Phnom Penh

បទវិភាគ៖ តើ​កម្ពុជា​នឹង​បាត់បង់​អធិបតេយ្យ​និង​បូរណភាព​ទឹកដី​ដោយសារ​បំណុល​ចិន​ដែរ​ឬ​ទេ​ទៅ​ថ្ងៃ​អនាគត?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា​មាន​តម្លៃ​ធនធាន​ធម្មជាតិ​ល្មម​នឹង​អភិវឌ្ឍ​ជាតិ​ដោយ​ខ្លួនឯង​បាន មិន​ចាំបាច់​ខ្ចី​បុល​ឲ្យ​ជំពាក់​បរទេស​រុំ​សួត​នោះ​ទេ។ តើ​វាសនា​របស់​កម្ពុជា​នឹង​ដូច​ប្រទេស​ខ្លះ​ដែល​ជំពាក់​បំណុល​មហាអំណាច​កុម្មុយនីស្ត ហើយ​នាំ​ឲ្យ​កម្ពុជា​បាត់បង់​អធិបតេយ្យ និង​បូរណភាព​ទឹកដី​ដែរ​ឬ​ទេ?

ក្នុង​ភាគ​ទី​២ ជា​ភាគ​បញ្ចប់​នេះ លោក ហាស់ សាន រាយការណ៍​អំពី​បំណុល និង​សម្បទាន ថា​តើ​គ្រោះថ្នាក់​កម្រិត​ណា​ដល់​ជាតិ។

ការ​ខ្ចី​បុល​ជំពាក់​បរទេស​រុំ​កោះ​រុំ​សួត ការ​ជំពាក់​គុណ​បរទេស​ព្រោះ​ក្រាញ​អំណាច​នៃ​អ្នក​ដឹកនាំ​ប្រទេស​មួយ​បណ្តាល​ឲ្យ​ដឹងគុណ​គេ​រហូត ហើយ​នឹង​ឈាន​ទៅ​ដោះ​បំណុល​ដោះ​គុណបំណាច់​ទាំងឡាយ​ដោយ​វិធី​ផ្តល់​សិទ្ធិ​ឲ្យ​បរទេស​កាន់កាប់​ដីធ្លី ហៅ​ថា​ធ្វើ​សម្បទាន​ដី​ធ្វើ​អាជីវកម្ម​ទាំង​លើ​ដី ទាំង​ក្នុង​ដី និង​ហ៊ាន​ឈាន​ទៅ​បំពាន​រដ្ឋធម្មនុញ្ញ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី​នៃ​ប្រទេស​នោះ​មិន​ខាន​ឡើយ។

មេដឹកនាំ​រាជរដ្ឋាភិបាល​នៃ​បក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​សម្បទាន​ទឹក ដី ដែន​គោក កោះ ដែន​សមុទ្រ ធនធាន​ធម្មជាតិ ព្រៃ​ព្រឹក្សា មច្ឆជាតិ​រាប់​ទសវត្ស​កន្លងមក ឲ្យ​ទៅ​ក្រុម​យៀកណាម ដែល​មាន​គុណបំណាច់​ដល់​ថ្ងៃ​៧​មករា។ ក្រុមហ៊ុន​ទាំងនោះ​កាន់កាប់​ផ្ទៃដី​រាប់​សែន​ហិកតារ​ក្នុង​ថេរវេលា​ពី ៥០ ទៅ ៩៩​ឆ្នាំ និង​ការពារ​ដោយ​កម្លាំង​ប្រដាប់​អាវុធ​នៃ​កងទ័ព​ប្រជាជន​យៀកណាម​ជាច្រើន​អង្គភាព​ក្នុង​ទឹកដី​ខ្មែរ​ពី ប៊ិញឌ័ន (Binh Boan 15) ឬ​អង្គភាព​លេខ​១៥។ អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ខ្លះ​នៅ​កន្លែង​ខ្លះ​ក្លែង​ខ្លួន​ជា​ជន​ស៊ីវិល។ បន្ទាប់មក គេ​ធ្វើ​សម្បទាន​ដី​ខ្មែរ​ឲ្យ​ក្រុមហ៊ុន សហគ្រាស​ចិន ដែល​ភាគច្រើន​ប្រើ​ទុន​រដ្ឋ​នៃ​បក្ស​កុម្មុយនីស្ត​ចិន។ ចិន​ប្រើ​លុយ​ឲ្យ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន ប្រើប្រាស់​ចាយវាយ​ក្នុង​ទិសដៅ​ក្នុង​បំណង​គ្រប់គ្រង​កាន់កាប់​ផ្ទៃដី​សម្បទាន​ធ្វើជា​ទីតាំង​យុទ្ធសាស្ត្រ ទាំង​សម្រាប់​ខាង​ផលិតកម្ម​ស្បៀង​អាហារ ទាំង​សម្រាប់​ជា​ខ្សែក្រវាត់​ការពារ​ជួរ​មុខ​ដល់​ប្រតិបត្តិការ​យោធា​ក្នុង​តំបន់​ឈូង​សមុទ្រ​ថៃឡង់ដ៍។

មន្ត្រី​រាជរដ្ឋាភិបាល ទាំង​ស៊ីវិល ទាំង​យោធា​ពី​មេ​កំពូល​ដល់​មេ​ខាងក្រោម បាន​ចេញ​មុខ​ព្រោងព្រាត​បដិសេធ​សេចក្តី​រាយការណ៍​ក្នុង​កាសែត​អាមេរិកាំង The Wall Street Journal ក្នុង​ខែ​កក្កដា ឆ្នាំ​២០១៩ ស្តីអំពី​កិច្ចព្រមព្រៀង​សម្ងាត់​រវាង​រដ្ឋ​អំណាច​ក្រុង​ភ្នំពេញ និង​រដ្ឋ​អំណាច​ក្រុង​ប៉េកាំង ដើម្បី​ឈូស​ឆាយ​អគារ​សង់​ដោយ​ជំនួយ​អាមេរិកាំង រួច​សង់​ពង្រីក​ធ្វើ​ទំនើបភាវូបនីយកម្ម​មូលដ្ឋាន​កង​នាវាចរណ៍​រាម​ដោយ​ជំនួយ​ចិន​វិញ ថា​ជា​សេចក្តី​រាយការណ៍​គ្មាន​ការពិត។ សេចក្តី​រាយការណ៍​នោះ​សរសេរ​ថា កិច្ចព្រមព្រៀង​សម្ងាត់​នោះ​អនុញ្ញាត​ឲ្យ​កងទ័ព​រំដោះ​ចិន​មាន​សិទ្ធិ​ប្រើប្រាស់ កាន់​អាវុធ​ចេញ​ចូល​ទីតាំង​ផ្ទៃដី​មួយ​ផ្នែក​រយៈពេល ៣០​ឆ្នាំ ហើយ​បន្ត​ដោយ​ស្វ័យប្រវត្តិ​រៀងរាល់ ១០​ឆ្នាំ។ ទាហាន​ចិន​អាច​កាន់​លិខិត​ឆ្លងដែន​ខ្មែរ​បាន រីឯ​ទាហាន​ខ្មែរ​គ្មាន​សិទ្ធិ​ចេញ​ចូល​ទីតាំង​ចិន​គ្រប់គ្រង​នោះ​ទេ។

ផ្សេង​ពី​ហ្នឹង​ទៀត ក្រុមហ៊ុន​ចិន យូឌីជី (UDG) ពង្រីក​តំបន់​តារា​សាគរ​ខេត្ត​កោះកុង មាន​ផែ​សមុទ្រ វាល​យន្តហោះ​ដ៏​ធំធេង ជា​ក្រុង​ចិន China Town ប្រៀប​ប្រដូច​នឹង​ក្រុង​ហុងកុង ឬ​ក្រុង​ម៉ាកាវ នៅ​មាត់​ឈូង​សមុទ្រ​ថៃឡង់ដ៍។ ក្រុង​ចិន​នៅ​តំបន់​តារា​សាគរ​ដែល​ប្រើ​ទុន​ប្រមាណ ៤​ពាន់​លាន​ដុល្លារ ជា​គម្រោង​អភិវឌ្ឍន៍​អន្តរជាតិ​មួយ​របស់​ប្រទេស​ចិន​ក្នុង​គម្រោង​ផែនការ​ហៅថា គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ (Belt and Road Initiative = BRI) អនុញ្ញាត​ឲ្យ​ចិន​កាន់កាប់​ប្រយោជន៍ ១០០% ក្នុង​ថេរវេលា ៩៩​ឆ្នាំ។ ចិន​គ្រោង​ដាក់​ទុន​ក្នុង​គម្រោង ប្រ៊ី ចំនួន ៥៣០០​លាន​ដុល្លារ​នៅ​ប្រទេស​កម្ពុជា​តែ​មួយ​គត់។

រូបភាព​នៃ​ព្រលាន​យន្តហោះ​របស់​ក្រុមហ៊ុន​ចិន Union Development Group (UDG) ក្នុង​ខេត្ត កោះកុង។ (រូបថត​វីអូអេ)

បំណុល​ដែល​ប្រទេស​កម្ពុជា​ជំពាក់​បរទេស​កើនឡើង​រហូត​រៀង​រាល់​ឆ្នាំ។ តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ Census Economic Information Center (CEIC) បំណុល​បរទេស​សរុប​គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​២០២១ មាន​ចំនួន​ជិត ១៩​ពាន់​លាន​ដុល្លារ ហើយ​ប្រមាណ​ជិត​ពាក់កណ្តាល គឺ ៥០% ជំពាក់​ចិន គឺ​ជាង ៩​ពាន់​លាន​ដុល្លារ។ ប្រទេស​កម្ពុជា​ជំពាក់​បំណុល​ជប៉ុន ៩% នៃ​បំណុល​បរទេស​សរុប។ ក្រៅ​ពី​នេះ ជំពាក់​ប្រទេស​បារាំង កូរ៉េ​ខាងត្បូង និង​ថៃឡង់ដ៍។

តាម​សេចក្តី​រាយការណ៍​ពី​ប្រភព​រដ្ឋាភិបាល កំណើន​សេដ្ឋកិច្ច​ជាង ៥% នាំ​ឲ្យ​កើន​ផលទុន​ក្នុង​ស្រុក​សរុប GDP ស្មើ​នឹង​ជិត ៣២​ពាន់​លាន​ដុល្លារ​ឆ្នាំ​២០២១ ហើយ​លោក ហ៊ុន សែន ថា​រដ្ឋ​ប្រមូល​ពន្ធដារ និង​ពន្ធគយ​បាន​ចំនួន​ជាង ៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២១។

ទោះជា​ដូច្នេះ​ក្តី វេបសាយ​ស្រាវជ្រាវ​សេដ្ឋកិច្ច ជំនួញ និង​ទារ​បំណុល​មួយ​ឈ្មោះ coface (Compagnie Française d’Assurance pour le Commerce Extérieux) ផ្សាយ​ថា ក្នុង​ឆ្នាំ​២០២២ ក្រៅពី​បំណុល​បរទេស ប្រទេស​កម្ពុជា​មាន​បំណុល​សាធារណៈ គឺ​ការ​ខ្ចី​បុល​ពី​ក្រុមហ៊ុន​ឯកជន និង​នាយទុន​ធំៗ​មាន​មហាសេដ្ឋី​ជាដើម ជាប់​ប្រមាណ​ជិត ៣៩% ថែម​ទៀត ដែល​ត្រូវ​សង ហើយ​តុល្យភាព​រវាង​ថវិកា​ជាតិ និង GDP ឆ្នាំ​នេះ​ចុះថយ​ជិត ៤%។ តុល្យភាព​គណនី​ឆ្នាំ​២០២២ ខើច​ជាង ១៦% ពី​ផលទុន​ក្នុង​ស្រុក​សរុប ឬ GDP។ ហេតុ​នេះ​ហើយ​បាន​ជា​រាជរដ្ឋាភិបាល​ខ្វះ​ថវិកា​ចំណាយ តម្រូវ​ឲ្យ​សុំ​ខ្ចី​បុល​ថែម ដោយ​ប្រើ​សិទ្ធិ​សុំ​ខ្ចីប្រាក់ ហៅថា Special Drawing Rights (SDR) ចំនួន ៨% ពី GDP ក្នុង​ខែ​សីហា ឆ្នាំ​២០២១ ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF)។

ស្ថានភាព​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា មើល​ទៅ​ដូចជា​ពិបាក​រើ​ខ្លួន​រួច​ពី​បំណុល ហើយ​ប្រទេស​ដែល​អាច​ពឹងពាក់​បាន​ដើម្បី​ខ្ចីបុល​បន្ថែម​មាន​តែ​ប្រទេស​ចិន​មួយ​គត់​ដូចជា​មាន​ចិត្ត​ទូលាយ​ជាងគេ។ បំណុល​ចិន ជំនួយ​ចិន​គ្មាន​ចំណង​កាន់តែ​គរ​ច្រើន​ឡើងៗ ដូច្នេះ​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​ជំពាក់​គុណ​ចិន ដែល​បស្ចិម​ប្រទេស​មើល​ឃើញ​ថា នឹង​រុញ​ប្រទេស​កម្ពុជា​វិលត្រឡប់​ក្រោយ​ជា​ប្រទេស​រណប​កុម្មុយនីស្ត​មិន​ខាន​ឡើយ។ ជា​ថ្នូរ​តបស្នង​នឹង​គុណបំណាច់​នោះ រាជរដ្ឋាភិបាល​អាច​យល់ព្រម​តាម​សំណូមពរ​ចិន ស្នើសុំ​សិទ្ធិ​ប្រើប្រាស់​ទឹកដី​ខ្មែរ រួច​កាត់ ឬ​លុប​ចោល​បំណុល​ខ្លះ​មិន​បាច់​សង​វិញ។

រឿង​សម្ងាត់​ដូចជា​វត្ថុ​បី​យ៉ាង​លាក់​ទុក​យូរ​មិន​បាន​ដូច​ព្រះអាទិត្យ ព្រះចន្ទ និង​សច្ចៈ ក្រោយពី​សេចក្តី​រាយការណ៍​ក្នុង​កាសែត​អាមេរិកាំង​ទាក់ទិន​នឹង​មូលដ្ឋាន​នាវាចរណ៍​រាម ឆ្នាំ​២០១៩ ស​ឲ្យ​ឃើញ​ច្បាស់​ថែម​ទៀត​បន្ទាប់ពី​កាសែត South China Morning Post ផ្សាយ​ថ្ងៃ​ទី​៣១ ខែ​មីនា ថា​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដោយ​ស្ងាត់ៗ​ជាមួយ​មេបញ្ជាការ​កងទ័ព​ជើងគោក​ចិន ឧត្តមសេនីយ៍ Liu Zhenli។ វរសេនីយ៍ឯក វូ ជៀន (Wu Qian) អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន មិន​បាន​រៀបរាប់​ល្អិតល្អន់​អំពី​អនុស្សរណៈ​ចុះហត្ថលេខា​រវាង​មេទ័ព​ទាំង​ពីរ​នោះ​ទេ គ្រាន់តែ​និយាយ​ថា ចិន និង​កម្ពុជា ជា​អ្នក​ជិតខាង​គ្នា និង​ជា​មិត្ត​រឹង​ដូច​ពាសដែក​បាន​មូលមាត់គ្នា​ជា​ឯកច្ឆន្ទ​ជា​ស្ថាពរ​ប៉ុណ្ណោះ។

កិច្ចព្រមព្រៀង​ហៅថា​អនុស្សរណៈ​យោគយល់​គ្នា​ថ្មី​នេះ ធ្វើឡើង​បន្ទាប់ពី​ភាគី​ចិន​ជា​ម្ចាស់​បំណុល​ចុះ​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​កោះ​សូឡូម៉ុន ជា​កូនបំណុល​ស្ថិត​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ចម្ងាយ ២០០០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ប្រទេស​អូស្ត្រាលី។ មេដឹកនាំ​ប្រទេស​អូស្ត្រាលី និង​នូវែលហ្សេឡង់ បាន​សម្ដែង​ក្តី​បារម្ភ​ចំពោះ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងត្បូង។ អ្នកវិភាគ​បស្ចិម​ប្រទេស​និយាយ​ថា ចិន​កំពុង​ព្យាយាម​រឹត​ចំណង​ខាង​សន្តិសុខ​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដើម្បី​ទប់ទល់​ឥទ្ធិពល​សហរដ្ឋ​អាមេរិក។

ទោះជា​ប្រទេស​កម្ពុជា មិន​ទាន់​ធ្លាក់​ក្នុង​ភយន្តរាយ​ណា​មួយ​ដោយសារ​បំណុល​ចិន ព្រមទាំង​សំអាង​ដោយ​មិត្តភាព​យូរលង់​មក​នោះ​ក៏ដោយ មាន​ប្រទេស​មួយ​ចំនួន​ហើយ​ដែល​ជាប់​បំណុល​ចិន​ដោះ​មិន​រួច ហើយ​ប្រគល់​សម្បត្តិ​ទ្រព្យ​ដូចជា​កំពង់ផែ អាកាសយានដ្ឋាន​ជាដើម ហើយ​និង​អធិបតេយ្យ​ជាតិ​របស់​ខ្លួន ដូចជា​ដែនដី ដែនទឹក ដែនអាកាស ឲ្យ​ចិន​គ្រប់គ្រង​ជា​ថ្នូរ​កាត់​បំណុល។ ប្រទេស​ស្រីលង្កា ជំពាក់​ចិន​តែ ១​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៧ ប្រគល់​កំពង់ផែ​សមុទ្រ​ឲ្យ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ចិន។ ប្រទេស​ចំនួន ៨​ទៀត កំពុង​លូន​ចូល​អន្ទាក់​បំណុល​ចិន​តាម​ផែនការ ប្រ៊ី គឺ​ជីប៊ូទី (Djibouti) តាជីគីស្ថាន (Tajikistan) ឃើហ្គីស្ថាន (Kyrgyzstan) លាវ (Laos) ម៉ាល់ឌីវ (Maldives) ម៉ុងហ្គោលី (Mongolia) ប៉ាគីស្ថាន (Pakistan) ម៉ុងតេណេហ្គ្រោ (Montenegro)។

ទោះជា​បែប​នេះ​ក្តី ប្រទេស​ប៉ាគីស្ថាន និង​នេប៉ាល់ បាន​បដិសេធ​មិន​ព្រម​ទទួល​បំណុល​ចិន​ឲ្យ​ខ្ចី​ថែម​កាលពី​ឆ្នាំ​២០១៧។

លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ប្រាប់​ពលរដ្ឋ​ខ្មែរ​ថា លោក​គ្មាន​បារម្ភ​នឹង​ធ្នាក់ ឬ​អន្ទាក់​បំណុល​ចិន​នោះ​ឡើយ។ ពលរដ្ឋ​ខ្មែរ​ក៏​មិន​ដឹង​ថា​លោក​សំអាង​លើ​អ្វី​ដែរ ព្រោះ​លោក ហ៊ុន សែន មិន​ដែល​បកស្រាយ​ប្រាប់​ពលរដ្ឋ​ខ្លួន​ប្រកប​ដោយ​តម្លាភាព​នោះ​ដែរ គឺថា​លោក​ចាត់ទុក​ពលរដ្ឋ​របស់​លោក​ដូច​ទីងមោង​ចាំ​ចាប មិន​ចាំបាច់​និយាយ​ប្រាប់​រឿង​ជាតិ​ធំដុំ​ដល់​សាធារណជន​នោះ​ទេ។ លោក​និយាយ​អួតអាង បង្អួត​ស្នាដៃ និង​គុណបំណាច់​របស់​លោក​គ្រប់​ពេល ហាក់បី​ដូចជា​ឲ្យ​ពលរដ្ឋ​ជំពាក់​គុណ ដឹងគុណ​លោក​តែ​ម្នាក់​ប៉ុណ្ណោះ។ ថ្លែង​នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា លោក ហ៊ុន សែន ថា “គ្មាន​ទេ​សិទ្ធិមនុស្ស បើ​គ្មាន​សន្តិភាព”។ លោក​ភ្លេច​គិត​ថា ក្នុង​របប​លោក​ដឹកនាំ​ជាង ៣០​ឆ្នាំ លោក​អួតអាង​ថា​មាន​សន្តិភាព គ្មាន​សង្គ្រាម ប៉ុន្តែ​ករណី​រំលោភ​សិទ្ធិមនុស្ស​មាន​រាប់​មិន​អស់​ពាសពេញ​ប្រទេស អន្តរជាតិ​ថ្កោលទោស​រាល់​ឆ្នាំ។

រូបថត​ឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

តាម​ការ​កត់សម្គាល់ មេដឹកនាំ​ខ្មែរ​រាល់​សម័យ​មិន​សូវ​មាន​សម្មាទិដ្ឋិ សញ្ជឹង ប្រមើល​ឃើញ​ឆ្ងាយ​លើស​ពី​ផែនការ ៥​ឆ្នាំ​នោះ​ទេ។ អ្នក​ដឹកនាំ​ខ្មែរ​ភាគច្រើន​តែងតែ​បញ្ចេញ​ប្រតិកម្ម​បន្ទាប់ពី​មាន​ហេតុការណ៍​អ្វី​មួយ​កើត​ហើយ​សិន គឺ​មិន​សូវ​ព្យាករ​មើល ការពារ​មុន មុជ​ជ្រៅ​ទៅ​ឆ្ងាយ​ដល់ ២០, ៣០, ៤០, ៥០ ឬ ១០០​ឆ្នាំ​នោះ​ឡើយ។ ខ្មែរ​ចង​គំនុំ​រឿង​រវាង​បុគ្គល និង​បុគ្គល​បាន​យូរ​អង្វែង​ណាស់ ហើយ​សងសឹក​គ្នា​មិន​ឈប់​ទេ ប៉ុន្តែ​រឿង​បាត់បង់​អធិបតេយ្យ បូរណភាព​ទឹកដី ភាសា វប្បធម៌ អត្តសញ្ញាណ​ជាតិ​វិញ ខ្មែរ​ភាគច្រើន​មិន​សូវ​ឈឺចាប់ ស្ទុះស្ទា ពុះកញ្ជ្រោល គិត​រក​យុទ្ធសាស្ត្រ​ទាមទារ​ដណ្តើម​យក​អ្វី​ជា​របស់​ខ្លួន​នោះ​មក​វិញ​ទេ។ គេ​ស្វែងរក​ប្រយោជន៍​ផ្ទាល់ខ្លួន​មុន គឺ​លាភសក្ការៈ លុយកាក់ យសស័ក្ដិ កេរ្តិ៍ឈ្មោះ មុខមាត់ ដោយ​ផ្តើម​បង្ហាញ​ពី​ចរិត​ធម្មជាតិ គឺ​ប្រណិប័តន៍ កោត​ខ្លាច ស្មោះស្ម័គ្រ បម្រើ ការពារ​បុគ្គល។

អ្នកវិភាគ​ខ្លះ​ថា​ចរិត​នេះ​ជា​ចរិត​បាក់ស្បាត ពួន​លាក់​មុខ គ្មាន​សេចក្តី​ក្លាហាន​ជា​អរិយ​ជាតិ។ អ្នក​ខ្លះ​ភ្ជាប់​ព្រះនាម​ព្រះរាជា ជ័យវរ្ម័ន​ទី​៧ ដ៏​អង់អាច​ក្លាហាន​ល្បីល្បាញ​ជាមួយ​ប្រាសាទ​អង្គរ​ដ៏​រុងរឿង ប៉ុន្តែ​មិន​សូវ​ហ៊ាន​រំឭក​ព្រះរាជ​បន្ទូល​ព្រះអង្គ​ដែល​ថា៖ “ទុក្ខ​របស់​ប្រជារាស្ត្រ ជា​ទុក្ខ​របស់​ព្រះអង្គ” នោះ​ឡើយ។ ស្តេច នាហ្មឺន មន្ត្រី សេដ្ឋី​គ្រប់​រូប នាំគ្នា​សម្ងំ​សន្សំ​យក​សុខ​ផ្ទាល់ខ្លួន​រៀងៗ​ខ្លួន បណ្តោយ​ឲ្យ​ទុក្ខ​របស់​អ្នក​ណា​ជា​ទុក្ខ​របស់​អ្នក​នោះ។ បើ​មាន​អ្នក​ចេញ​មុខ​ជួយ​ដោះ​ទុក្ខ​ប្រជាពលរដ្ឋ​រង​ទុក្ខ គេ​ចែក​អំណោយ​មនុស្សធម៌ សប្បុរសធម៌ យក​មុខ​យក​ឈ្មោះ​ល្បី ហើយ​យក​មុខ​មាត់​ហួសហេតុ​ពេក​ក៏​មិន​បាន​ដែរ ក្រែង​មាន​ប្រជាប្រិយភាព​លើស​អ្នក​មាន​អំណាច។ បើ​មាន​អ្នក​ចេញ​មុខ​ជួយ​រក​យុត្តិធម៌​សង្គម social justice លាត​ត្រដាង​អំពើ​ទុច្ចរិត​ជិះជាន់​រំលោភ​សិទ្ធិមនុស្ស រំលោភ​ច្បាប់ ពុករលួយ គេ​ចោទ​ថា​ជា​អ្នក​បង្ក​ភាព​វឹកវរ អសន្តិសុខ ឬ​បដិវត្តន៍​ពណ៌។

ជាតិ​សាសន៍​ខ្មែរ​អស់​ទឹក​អស់​ដី​ក្នុង​សតវត្ស​ទី​១៩ ទី​២០ ទី​២១ ជា​បន្តបន្ទាប់។ តើ​ខ្មែរ​នឹង​អស់​អ្វី​តទៅទៀត​ឬ​ទេ? កម្ពុជា​ក្រោម​មាន​ឈ្មោះ​ជា​ដី​ខ្មែរ​តែ​ក្នុង​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ មិនមែន​ខ្មែរ​ជា​អ្នក​គ្រប់គ្រង​លើ​ដែនដី​នោះ​ជា​ប្រទេស​របស់​ខ្លួន​ទេ។ បើ​បរទេស​គ្រប់គ្រង​ខ្មែរ​កណ្តាល​ទាំងស្រុង​ទៀត​ថ្ងៃ​ណា​មួយ តើ​ខ្មែរ​នឹង​គិត​ដូចម្តេច​វិញ​នៅ​ពេល​នោះ? ពាក្យ​ចាស់​បុរាណ​ខ្មែរ​ប្រដៅ​កូនចៅ​ថា៖

ប្រហែស​វា​បាត់ ប្រយ័ត្ន​វា​គង់!”។ ឃ្លា​ប្រៀនប្រដៅ​អាមេរិកាំង​មួយ​មាន​ន័យ​ស្រដៀង​នឹង​ភាសិត​ខ្មែរ​ដែរ គឺ៖ It’s better to be safe than sorry” ដែល​ប្រែ​ថា “គួរតែ​ប្រុងប្រយ័ត្ន (ដើម្បី​ឲ្យ​វា​សុខ​សប្បាយ) ជាជាង​ពោល​ថា​គួរ​ឲ្យ​ស្តាយ​ជា​ក្រោយ”

តើ​ខ្មែរ​មិន​គិត​ការពារ​ក្រែងលោ​វា​គង់​កេរដំណែល​បុព្វបុរស​បន្សល់​ទុក​មុន​វា​រលាយ​បាត់​ទៀត​ទេ ឬ​យ៉ាង​ណា? នេះ​គ្រាន់តែ​ជា​គំនិត​ពលរដ្ឋ​សេរី a free man មួយ​រូប​ប៉ុណ្ណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស