27 C
Phnom Penh

រុស្ស៊ី​បាញ់​មីស៊ីល​យ៉ាងតិច​១៨​គ្រាប់​ទៅលើ​គោលដៅ​សំខាន់ៗ​លើ​ទឹកដី​អ៊ុយក្រែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យ៉ាងតិច​តំបន់​ចំនួន​៨ នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន រង​ការ​បាញ់​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​របស់​រុស្ស៊ី ដែល​ការ​វាយប្រហារ​នេះ​ប្រព្រឹត្ត​ទៅ​កាលពី​ក្បាល​ព្រលប់ និង​ដល់​យប់​រំលង​អាធ្រាត្រ​ចូល​ដល់​ថ្ងៃ​ទី​៤ ខែ​ឧសភា ជា​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ចូល​ដល់ ៧០​ថ្ងៃ។

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​អ៊ុយក្រែន The Kyiv Independent បាន​ឲ្យ​ដឹង​ថា គ្រាប់​មីស៊ីល​ទាំង ១៨​គ្រាប់​នេះ កងទ័ព​រុស្ស៊ី​បាន​បាញ់​ចេញពី​សមុទ្រ Caspian។ ស្នូរ​ផ្ទុះ​បាន​លាន់​ឮ​ខ្លាំងៗ​នៅ​តំបន់​ចំនួន​៥ គឺ​តំបន់ Vinnytsia, Lviv, Dnipropetrovsk, Kirovograd និង Transcarpathia នៅ​ភាគ​ពាយ័ព្យ​ប្រទេស។

អភិបាល​ក្រុង Ukrzaliznytsia លោក Oleksandr Kamyshin និយាយ​ថា មីស៊ីល​របស់​រុស្ស៊ី​បាន​ធ្លាក់​ចំ​ស្ថានីយ​រថភ្លើង​ចំនួន ៦​កន្លែង​នៅ​ភាគ​ពាយ័ព្យ និង​ភាគ​កណ្ដាល​ប្រទេស ហើយ​ខ្សែ​រថភ្លើង​នៅ​តំបន់ Ukrzaliznytsia ត្រូវ​បាន​វាយកម្ទេច​ដោយ​គ្រាប់​មីស៊ីល​បណ្ដាល​ឱ្យ​បិទ​ការ​ធ្វើ​ដំណើរ​រយៈពេល ១០​ម៉ោង។ គ្រាប់​មីស៊ីល ២​គ្រាប់​បាន​ធ្វើ​ឱ្យ​ខូច​ផ្លូវ​រថភ្លើង​នៅក្នុង​តំបន់ Dnirpopetrovsk។

អភិបាល​ក្រុង Lviv លោក Andriy Sadovy និយាយ​ថា ស្ថានីយ​រថភ្លើង ២​ទីតាំង​បាន​រង​គ្រាប់​មីស៊ីល​ដោយ​បាន​ធ្វើ​ឱ្យ​ដំណើរការ​រថភ្លើង​ត្រូវ​ផ្អាក​ជាបន្ទាន់។ អាជ្ញាធរ​តំបន់​ទាំង​៥​នេះ​បាន​ឱ្យ​ដឹង​ថា មាន​មនុស្ស​ស្លាប់ និង​រង​របួស​ជាច្រើន​នាក់។

តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ រុស្ស៊ី​ក៏​បាន​បាញ់​កាំភ្លើង​ធំ​ទៅលើ​តំបន់ ២​ផ្សេង​ទៀត គឺ​តំបន់ Zaliznychne និង​តំបន់ Zaporizhzhya ដោយ​បណ្ដាល​ឱ្យ​លំនៅឋាន​ពលរដ្ឋ ១២​កន្លែង​ត្រូវ​ឆេះ​ខ្ទេច និង​ត្រូវ​សាលារៀន​មួយ​កន្លែង។ ចំណែក​នៅ​តំបន់ Orikhiv ក៏​រង​ការ​បាញ់​ផ្លោង​ដោយ​គ្រាប់​កាំភ្លើង​ធំ​ពី​កងទ័ព​រុស្ស៊ី​ផង​ដែរ ដោយ​ប៉ះ​ចំ​ទៅលើ​លំនៅឋាន​របស់​ប្រជាជន ១៣​កន្លែង។

ក្រៅពី​តំបន់​ភាគ​ពាយ័ព្យ គឺ​នៅ​តំបន់​ផ្សេងៗ​ទៀត​ក៏​ត្រូវ​បាន​រាយការណ៍​មក​ថា ក៏​រង​ការ​បាញ់​ផ្លោង​ផង​ដែរ។ គោលដៅ​ដែល​រុស្ស៊ី​បាញ់ គឺ​ចង់​សំដៅ​ទៅ​លើ​ខ្សែ​រថភ្លើង​ដើម្បី​ទប់ស្កាត់​ការ​ដឹក​អាវុធ​របស់​ពួក​បស្ចិម​ប្រទេស​ទៅ​ឱ្យ​កងទ័ព​អ៊ុយក្រែន​នៅ​ភាគ​ខាងជើង និង​ភាគ​ខាងកើត​ប្រទេស គឺ​តំបន់​ដុនបាស់ ដែល​កំពុង​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​រយៈពេល ១៥​ថ្ងៃ​មក​នេះ។ នេះ​បើ​តាម​ការ​កត់សម្គាល់​របស់​សារព័ត៌មាន​អ៊ុយក្រែន The Kyiv Independent។

ចំណែក​នៅ​ទីក្រុង Mariupol វិញ ក្រោយពី​រុស្ស៊ី​បើក​ឱ្យ​ជនស៊ីវិល​ភៀសខ្លួន​ចេញពី​តំបន់​រោងចក្រ​ដែកថែប Azovstal គឺ​កងទ័ព​រុស្ស៊ី​វាយ​សម្រុក​ចូល​ទៅ​តំបន់​នោះ។ នេះ​បើ​យោង​តាម​អភិបាល​រង​លោក Sviatoslav Palamar។ តាម​ប្រភព​ដដែល​នេះ រុស្ស៊ី​បាន​ធ្វើ​អន្តរាគមន៍​ដោយ​កងទ័ព​អាកាស ទ័ព​រថក្រោះ និង​ទ័ព​កាំភ្លើង​ធំ។ មក​ដល់​ពេលនេះ ទីក្រុង Mariupol នៅ​មិនទាន់​ធ្លាក់​នៅ​ក្រោម​កងទ័ព​រុស្ស៊ី​នៅឡើយ​ទេ។

ចំណែក​នៅ​ទីក្រុង Kherson ភាគ​ខាងត្បូង​បន្តិច​នៅ​ជាប់​តំបន់​ដុនបាស់ បាន​ធ្លាក់​ទៅ​ក្រោម​កងទ័ព​រុស្ស៊ី​ភាគច្រើន​ទៅ​ហើយ ក្រោយពី​កងទ័ព​រុស្ស៊ី​ចាប់​ខ្លួន​លោក Chornobaivka ជា​អភិបាលក្រុង​នេះ។

អភិបាល​តំបន់ Donetsk លោក Pavlo Kyrylenko បាន​ឲ្យ​ដឹង​ថា យ៉ាងតិច​ណាស់​មនុស្ស ២២​នាក់​ត្រូវ​បាន​សម្លាប់ និង ១៥​នាក់​ទៀត​រង​របួស​នៅក្នុង​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​រោងចក្រ​ភេសជ្ជៈ​កូកាកូឡា​ក្នុង​ទីក្រុង Avdijvka នៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន។

ចំពោះ​គោលនយោបាយ​ការបរទេស​វិញ គឺ​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស លោក Boris Johnson បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​៣ ឧសភា នៅ​ក្នុង​សុន្ទរកថា​មួយ​តាម​អនឡាញ​ទៅ​កាន់​សមាជិក​សភា​អ៊ុយក្រែន​ថា អ៊ុយក្រែន​នឹង​យក​ឈ្នះ​លើ​ប្រទេស​រុស្ស៊ី ហើយ​នឹង​ក្លាយជា​ប្រទេស​ដែល​មាន​សេរីភាព​ជាថ្មី​ម្ដង​ទៀត។

លោក Johnson ថ្លែង​ថា៖ លោក​មាន​សារ​មួយ​សម្រាប់​អស់​លោក​សមាជិក​សភា​អ៊ុយក្រែន​នៅ​ថ្ងៃ​នេះ គឺ​ថា​អ៊ុយក្រែន​នឹង​ឈ្នះ​លើ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន។ អ៊ុយក្រែន​នឹង​មាន​សេរីភាព

នៅ​ក្នុង​ឱកាស​នោះ លោក Johnson ក៏​បាន​ប្រកាស​អំពី​ការ​ផ្ដល់​ជំនួយ​យោធា​បន្ថែម​ចំនួន ៣៧៥​លាន​ដុល្លារ​អាមេរិក​ដល់​អ៊ុយក្រែន និង​បាន​បញ្ជាក់​ថា ចក្រភព​អង់គ្លេស​នឹង​បន្ត​ផ្គត់ផ្គង់​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ចំណែក​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក Narendra Modi ដែល​កំពុង​មាន​វត្តមាន​នៅ​លើ​ទឹកដី​អឺរ៉ុប លោក​បាន​អំពាវនាវ​ឱ្យ​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ឱ្យ​មាន​ការ​ចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល​អ៊ុយក្រែន និង​រដ្ឋាភិបាល​រុស្ស៊ី។ លោក Modi បាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​សន្និសីទ​កាសែត​ក្នុង​រដ្ឋធានី​កូប៉ិនហាក នៃ​ប្រទេស​ដាណឺម៉ាក។

លោក​អំពាវនាវ​ឱ្យ​បញ្ឈប់​ការ​វាយ​ប្រយុទ្ធ​គ្នា​ជាបន្ទាន់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​ស្នើ​ឱ្យ​ប្រើ​ការ​សន្ទនា និង​ការទូត​ដើម្បី​ដោះស្រាយ​បញ្ហា។ លោក​បញ្ជាក់​ថា​នឹង​គ្មាន​អ្នក​ណា​ឈ្នះ​សង្គ្រាម​នេះ​ទេ ហើយ​អ្នក​ចាញ់​គឺ​ប្រជាជន​ដែល​ស្លាប់​ដោយសារ​សង្គ្រាម។

ចំណែក​អធិការបតី​អាល្លឺម៉ង់ លោក Olaf Scholz ដែល​បាន​ជួប​លោកModi នៅ​លើ​ទឹកដី​អាល្លឺម៉ង់ លោក​បាន​ថ្លែង​ថា គ្មាន​នរណា​ម្នាក់​អាច​សន្មត​ថា​រុស្ស៊ី​នឹង​មិន​វាយប្រហារ​លើ​ប្រទេស​ដទៃ​ទៀត​នោះ​ទេ។ លោក​ថា រុស្ស៊ី​បាន​រំលោភ​លើ​ច្បាប់​អន្តរជាតិ​រួច​ទៅ​ហើយ​នៅ​ក្នុង​ការ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។ ដូច​នេះ សម្រាប់​រូបលោក គឺ​ប្រទេស​អាល្លឺម៉ង់​នឹង​គាំទ្រ​ប្រទេស​ហ្វាំងឡង់ និង​ប្រទេស​ស៊ុយអែត ប្រសិនបើ​ប្រទេស​ទាំង​ពីរ​សម្រេច​ចូល​ជា​សមាជិក​របស់​អង្គការ​ណាតូ។

ដោយឡែក​រដ្ឋការ​របស់​លោក​ប្រធានាធិបតី ចូ បៃដិន បាន​កំពុង​រង់ចាំ​សភា​អនុម័ត​នូវ​កញ្ចប់​ថវិកា ៣៣​ពាន់​លាន​ដុល្លារ ដើម្បី​បង្កើន​ជំនួយ​អាវុធ​ទៅ​ឱ្យ​អ៊ុយក្រែន។ ចំណែក​សហភាព​អឺរ៉ុប​កំពុង​អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅលើ​ការ​បិទ​ការ​ទិញ​ឧស្ម័ន​ពី​រុស្ស៊ី។

តែ​យ៉ាងណា របាយការណ៍​ស៊ើបការណ៍​សម្ងាត់​របស់​ក្រសួង​ការពារ​ជាតិ​ចក្រភព​អង់គ្លេស បាន​ឱ្យ​ដឹង​ថា ដោយសារតែ​ជួប​ផលវិបាក​នៃ​ការ​វាយលុក គឺ​វិមាន​ក្រឹមឡាំង នឹង​រៀបចំ​យុទ្ធសាស្ត្រ និង​អនុវត្ត​ប្រតិបត្តិការ​សឹក​មួយ​ដំណាក់កាល​ទៀត គឺ​ក្រោយពី​រុស្ស៊ី​ប្រារព្ធ​ទិវា​ជ័យជម្នះ​នៅ​ថ្ងៃ​ទី​៩ ឧសភា។ ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​១៩៤៥ ជា​ទិវា​ជ័យជម្នះ​ដែល​រុស្ស៊ី​បាន​វាយ​ឈ្នះ​លើ​កងទ័ព​អាល្លឺម៉ង់​កាលពី​សង្គ្រាម​លោក​លើក​ទី​២៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស