27 C
Phnom Penh

តុលាការ​លើក​ពេល​សវនាការ​សំណុំរឿង​លោក កឹម សុខា តាម​សំណើ​មេធាវី​រដ្ឋាភិបាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​លើក​ពេល​សវនាការ​ក្នុង​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា តាម​សំណើ​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​រដ្ឋាភិបាល ក្រោម​ហេតុផល​ថា ពួកគេ​មាន​ធុរៈ​ចាំបាច់​ដោយ​មិន​អាច​ចូលរួម​សវនាការ​នៅ​ថ្ងៃ​ពុធ ទី​៤ ឧសភា បាន។

តាម​ការ​គ្រោង​ទុក តុលាការ​នឹង​បន្ត​បើក​សវនាការ​សំណុំរឿង​លោក កឹម សុខា ដោយ​នឹង​សួរ​ដេញដោល​លើ​អង្គហេតុ​ជុំវិញ​ការ​បោះឆ្នោត ដំណើរការ​បោះឆ្នោត និង​បណ្តឹង​តវ៉ា​លទ្ធផល​ឆ្នោត​កាលពី​ឆ្នាំ​២០១៣។

ប៉ុន្តែ​សវនាការ​នេះ ក្រុម​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី​ឈ្មោះ ចេង ប៉េងហាប់ បាន​ដាក់​ពាក្យ​ស្នើសុំ​លើក​ពេល​សវនាការ​លោក កឹម សុខា ដោយ​ថា​ពួកគេ​មាន​ធុរៈ​ចាំបាច់​ដោយ​មិន​អាច​ខកខាន​បាន ដូច្នេះ​ហើយ​ពួកគេ​មិន​អាច​ចូលរួម​សវនាការ​នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា នេះ​តាម​កាលកំណត់​បាន​ឡើយ។ ពួកគេ​ក៏​បាន​ស្នើសុំ​ឱ្យ​ចៅក្រម​ពន្យារ​ពេល​សវនាការ​ទៅ​ថ្ងៃ​ក្រោយ​វិញ។

ក្រោយពី​មាន​ការ​ដាក់​លិខិត​ស្នើសុំ​របស់​ក្រុម​មេធាវី​ដើមបណ្ដឹង កាលពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ បាន​យល់ព្រម​លើក​ពេល​សវនាការ​ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២២ វិញ។

ទោះជា​យ៉ាងណាក៏ដោយ សហ​មេធាវី​ការពារ​ក្តី​របស់​លោក កឹម សុខា លោក ចាន់ ចេន សម្ដែង​ការ​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​សម្រេចចិត្ត​របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កូយ សៅ ដែល​ធ្វើ​ការ​លើក​ពេល​សវនាការ​នេះ​យ៉ាង​តក់ក្រហល់​បែប​នេះ។ លោក​បន្ត​ថា រយៈពេល​ជិត​ប្រាំ​ឆ្នាំ​មក​ហើយ​ដែល​យុត្តិធម៌​របស់​លោក កឹម សុខា នៅតែ​គ្មាន​ពន្លឺ ហើយ​ការ​អូស​បន្លាយ​សវនាការ​នេះ​កាន់តែ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​កូនក្ដី​របស់​លោក និង​ប៉ះពាល់​ឆន្ទៈ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត។

ចំណែក​អ្នកស្រី ម៉េង សុភារី សហ​មេធាវី​របស់​លោក កឹម សុខា មួយ​រូប​ទៀត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ការ​ស្នើសុំ​ពន្យារ​ពេល​សវនាការ​របស់​សហ​មេធាវី​ការពារ​ក្តី​របស់​ដើមបណ្ដឹង​មិន​បាន​បញ្ជាក់​អំពី​ហេតុផល​ណា​មួយ​ដែល​អាច​ទទួល​យក​បាន​នោះ​ឡើយ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស