27 C
Phnom Penh

ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​ប្រកាស​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា ប្រកាស​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​នឹង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាមេរិក-អាស៊ាន នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១២-១៣ ខែ​ឧសភា ខាងមុខ​នេះ។

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា លោក ទិត្យ ទិព្វផាណា បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២២ ថា លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​មេដឹកនាំ​ខ្មែរ​ដែល​រំលោភ​សិទ្ធិមនុស្ស និង​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា មក​ពង្រីក​អំពើ​ជិះជាន់​របស់​ខ្លួន​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក​នេះ​ជាដាច់ខាត។

លោក​អះអាង​ថា លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ដើម្បី​ចូលរួម​ដឹកនាំ​បាតុកម្ម​នេះ ហើយ​បាតុកម្ម​នេះ​គឺ​មាន​គោលបំណង​តែ​មួយ​គត់ គឺ​ដើម្បី​ទាមទារ​ឲ្យ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ងាក​ទៅ​រក​ការ​អនុវត្ត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ ស្របតាម​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ឡើងវិញ។

សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច រូប​នេះ​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នេះ ក៏​ជា​ភស្តុតាង​មួយ​ប្រាប់​សហរដ្ឋ​អាមេរិក​ផង​ដែរ​អំពី​ការ​មិន​ពេញចិត្ត​របៀប​ដឹកនាំ​របស់​រដ្ឋាភិបាល​ឯក​បក្ស​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ខណៈ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​កំពុង​តែ​ចាំ​មើល​ពលរដ្ឋ​ខ្មែរ​ដែរ ថា​តើ​ខ្លួន​ពិតជា​ចង់​រើបម្រះ​ចេញពី​ការ​ដឹកនាំ​តាម​បែប​ផ្ដាច់ការ​នេះ​ដែរ​ឬ​ក៏​អត់។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នឹង​ត្រូវ​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​ពាក់កណ្តាល​ខែ​ឧសភា ខាងមុខ​នេះ។

ចំណែក​លោក រ៉េត សម្បត្តិ សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡាស់វេហ្កាស់ (Las Vegas) នៃ​រដ្ឋ​ណេវ៉ាដា (Nevada) បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា ការ​ដឹកនាំ​មន្ត្រី​រដ្ឋាភិបាល និង​ឧកញ៉ា​យ៉ាង​ច្រើន និង​កៀងគរ​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​ឲ្យ​ជួយ​ហែហម និង​ទទួល​លោក ហ៊ុន សែន ក្នុង​ពេល​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា លោក ហ៊ុន សែន ដឹង​ខ្លួន​ច្បាស់​ថា​លោក​គ្មាន​ប្រជាប្រិយភាព​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​នេះ​ទេ។

លោក រ៉េត សម្បត្តិ អះអាង​ថា ក្រុម​របស់​លោក​នឹង​ចាត់​អ្នក​តំណាង​ឲ្យ​ទៅ​ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម​នេះ ក្នុង​នោះ​ក៏​មាន​ការ​ជួយ​ឧបត្ថម្ភ​ជា​ថវិកា​ពី​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ផង​ដែរ​ក្នុង​គម្រោង​បាតុកម្ម​នេះ ដូច្នេះ​លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​គ្រប់​រដ្ឋ​ទាំងអស់ ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​នេះ​ឲ្យ​បាន​ច្រើន​កុះករ ដើម្បី​ជំរុញ​ឲ្យ​លោក ហ៊ុន សែន កែតម្រូវ​នូវ​ការ​ដឹកនាំ​របស់​ខ្លួន​ពី​ការ​អនុវត្ត​តាម​បែប​ផ្ដាច់ការ​មក​រក​លទ្ធិប្រជាធិបតេយ្យ​វិញ ដើម្បី​ភាព​រុងរឿង​របស់​កម្ពុជា និង​សុភមង្គល​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក​ដែល​កំពុង​រង​ការ​ជិះជាន់​សព្វថ្ងៃ​នេះ។

យ៉ាងណាក៏ដោយ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស​អេ (A) កាលពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា លោក​នឹង​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ខាងមុខ​នេះ ដើម្បី​ចូលរួម​ប្រជុំ​ពិសេស​អាស៊ាន-អាមេរិក នៅ​ថ្ងៃ​ទី​១២ និង​ទី​១៣ នេះ។ លោក ហ៊ុន សែន អះអាង​ថា លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់នៅ​អាមេរិក​ដែល​ជា​អ្នក​គាំទ្រ​លោក ធ្វើ​បាតុកម្ម​ប្រឆាំង​តបត​ទៅ​នឹង​គម្រោង​របស់​ក្រុម​ប្រឆាំង​ដែល​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នៅ​សហរដ្ឋ​អាមេរិក​នោះ​ឡើយ។

ជុំវិញ​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើ​ទឹកដី​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​ខាងមុខ​នេះ សារព័ត៌មាន The Cambodia Daily បាន​ទទួល​ព័ត៌មាន​ជា​បន្តបន្ទាប់​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មកពី​បណ្តា​រដ្ឋ​ជាច្រើន​ទៀត​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក បាន​ត្រៀម​ខ្លួន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន សែន យ៉ាង​ច្រើន​នៅ​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​ឧសភា ខាងមុខ​នេះ រួម​ទាំង​ការ​សរសេរ​អក្សរ​លើ​បដា​រិះគន់​លោក ហ៊ុន សែន យ៉ាង​ធ្ងន់ៗ​ផង​ដែរ។

អ្នក​ឃ្លាំមើល​សង្គម​ខ្លះ​អះអាង​ថា ការ​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​របស់​លោក ហ៊ុន សែន នៅ​ពេល​ខាងមុខ​នេះ អាច​នឹង​ក្លាយ​ជា​ការ​គាំទ្រ​លោក ហ៊ុន សែន វិញ ប្រសិនបើ​លោក​បើក​ឱ្យ​មាន​លំហ​លទ្ធិប្រជាធិបតេយ្យ​តាមរយៈ​នៃ​ការ​ដោះលែង​សកម្មជន​សង្គម សកម្មជន​នយោបាយ និង​បើក​សិទ្ធិ​សេរីភាព​នយោបាយ​ដល់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា មុន​នឹង​លោក​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋ​អាមេរិក​នៅពេល​ខាងមុខ​នេះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស