28 C
Phnom Penh

អ្នក​តស៊ូ​មតិ​ថា​លោក ហ៊ុន សែន គ្មាន​ឱកាស​ស្ដារ​ទំនាក់ទំនង​ល្អ​ជាមួយ​អាមេរិក​ឡើងវិញ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​មួយ​រូប​ព្រមាន​ថា លោក ហ៊ុន សែន គ្មាន​ឱកាស​ស្ដារ​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើងវិញ​នោះ​ទេ ប្រសិនបើ​មិន​ទម្លាក់​ចោល​បទ​ចោទ​លើ​សំណុំរឿង​លោក កឹម សុខា និង​ជម្រះ​ការ​សង្ស័យ​ជុំវិញ​មូលដ្ឋាន​ទ័ព​ចិន​លើ​ទឹកដី​កម្ពុជា។

អ្នកវិភាគ​នយោបាយ សង្គម និង​ជា​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៥ ឧសភា ថា នៅ​ពេល​លោក កឹម សុខា នៅតែ​ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចោទប្រកាន់​ពី​បទ​ក្បត់​ជាតិ​នោះ គឺ​ស្មើ​នឹង​រដ្ឋាភិបាល​កម្ពុជា​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ពី​បទ​ឃុបឃិត​ជាមួយ​លោក កឹម សុខា ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ដូច្នោះ​ដែរ។

លោក​ចោទ​ជា​សំណួរ​ថា តើ​សហរដ្ឋ​អាមេរិក​អាច​ទទួលយក​បាន​ទេ នៅ​ពេល​ដែល​កម្ពុជា​នៅតែ​បន្ត​ចោទ​ប្រទេស​របស់​ខ្លួន​ពី​បទ​ឃុបឃិត​ក្នុង​សំណុំរឿង​ក្បត់​កម្ពុជា ក្នុង​ពេល​ដែល​កម្ពុជា​ព្យាយាម​ស្ដារ​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ឡើងវិញ​នោះ?

លោក គឹម សុខ អះអាង​ថា ករណី​មួយ​ទៀត រដ្ឋាភិបាល​កម្ពុជា​ក៏​ត្រូវ​ជម្រះ​ឲ្យ​ជ្រះ​ស្រឡះ​ដែរ​អំពី​ការ​សង្ស័យ​របស់​សហរដ្ឋ​អាមេរិក ទាក់ទង​នឹង​មូលដ្ឋាន​ទ័ព​ចិន​លើ​ទឹកដី​កម្ពុជា នា​ពេល​កន្លងមក ពីព្រោះ​ថា​សំណុំ​រឿង​នេះ​ចាំបាច់​ណាស់​សម្រាប់​សហរដ្ឋ​អាមេរិក។

នៅ​ថ្ងៃ​ទី​៦ ឧសភា លោក គឹម សុខ ក៏​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​សហរដ្ឋ​អាមេរិក-អាស៊ាន គួរ​តែ​មាន​រៀបចំ​កម្មវិធី​សន្និសីទ​កាសែត​រួម​គ្នា​នៃ​សហប្រធាន​ទាំង​ពីរ គឺ​លោក​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក ចូ បៃដិន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បើក​ឱកាស​ឲ្យ​អ្នក​សារព័ត៌មាន​ពី​ជុំវិញ​ពិភពលោក​សួរ​ដេញដោល​អំពី​ជំហរ​របស់​លោក ហ៊ុន សែន ចំពោះ​រដ្ឋប្រហារ​នៅ​ប្រទេស​ភូមា ការ​សម្លាប់​ប្រជាធិបតេយ្យ ឧក្រិដ្ឋកម្ម​បោះឆ្នោត​ឃុំ-សង្កាត់ ការ​ប្រតិដ្ឋ​រឿង​ក្បត់​ជាតិ​ចោទប្រកាន់​លោក កឹម សុខា និង​ការ​សង្ស័យ​មូលដ្ឋាន​ទ័ព​ចិន​នៅ​កម្ពុជា។

ទំនាក់ទំនង​សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​គេ​មើល​ឃើញ​ថា​កំពុង​តែ​ស្ថិត​ក្នុង​ភាព​រកាំរកូស​យ៉ាង​ខ្លាំង ទាំង​នយោបាយ​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​នានា ក្នុង​នោះ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន តែង​ចោទ​សហរដ្ឋ​អាមេរិក​ថា​ជា​ប្រទេស​មហាអំណាច​ដែល​ប្រើប្រាស់​ល្បិចកល​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា តាមរយៈ​នៃ​ការ​អនុវត្ត​ស្តង់ដារ​ពីរ​អំពី​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។

ជុំវិញ​ភាព​មិន​ចុះសម្រុង​គ្នា​រវាង​ទំនាក់ទំនង​កម្ពុជា-អាមេរិក​នេះ កាលពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២០ កន្លងទៅ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​វាយកម្ទេច​អគារ​មួយ​ក្នុង​ចំណោម​អគារ​ជាច្រើន​នៅ​ក្នុង​មូលដ្ឋាន​ទ័ព​រាម ដែល​សាងសង់​ដោយ​ថវិកា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក កាលពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១២ កន្លងទៅ។ ការ​វាយកម្ទេច​អគារ​ដែល​សង់​ដោយ​ថវិកា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​សង្ស័យ​ថា កម្ពុជា​បាន​ចុះហត្ថលេខា​សម្ងាត់​ជាមួយ​ចិន ដើម្បី​អនុញ្ញាត​ឲ្យ​យោធា​ចិន​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​រាម សម្រាប់​ធ្វើជា​មូលដ្ឋាន​យោធា​ជើងទឹក​របស់​ពួកគេ ប៉ុន្តែ​បញ្ហា​នេះ​ត្រូវ​រដ្ឋាភិបាល​កម្ពុជា​បដិសេធ​ចោល​ទាំងស្រុង។

ជុំវិញ​បញ្ហា​នេះ កាលពី​អំឡុង​ឆ្នាំ​២០១៨ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Mike Pence ធ្លាប់​បាន​សរសេរ​លិខិត​ផ្លូវការ​មួយ​ច្បាប់​ទៅ​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ដោយ​បង្ហាញ​អំពី​កង្វល់​ចម្បង​បំផុត​នៃ​មូលដ្ឋាន​យោធា​ចិន​នៅ​កម្ពុជា និង​ព្រមាន​ថា ប្រសិនបើ​កម្ពុជា​ផ្តល់​មូលដ្ឋាន​តំបន់​រាម​ឱ្យ​កងទ័ព​ជើងទឹក​ចិន ឈរ​ជើង​មែន​នោះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក​ដោយ​ចៀស​មិន​ផុត​នោះ​ទេ។

ដោយឡែក​ទំនាក់ទំនង​សហរដ្ឋ​អាមេរិក និង​កម្ពុជា ក៏​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ដែរ​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។ ជាក់ស្តែង កាលពី​ចុង​ឆ្នាំ​២០២០ អ្នក​នាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា លោក អេរិន ស្វាតជេស (Arend Zwartjes) បាន​អះអាង​ថា សហរដ្ឋ​អាមេរិក​នឹង​នៅតែ​លើកឡើង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ទាំង​ជា​សាធារណៈ​ក្តី ទាំង​ជា​លក្ខណៈ​ឯកជន​ក្តី ចំពោះ​ការ​ព្រួយបារម្ភ​របស់​សហរដ្ឋ​អាមេរិក​អំពី​លំហ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ដែល​កាន់តែ​រួម​តូច​ទៅៗ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ។

លោក អេរិន ស្វាតជេស (Arend Zwartjes) បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​កំពុង​ប្រឹងប្រែង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​កម្ពុជា ចំពោះ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​រហូត​មក ប៉ុន្តែ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅលើ​ក្រុម​ប្រឆាំង​ដែល​កំពុងតែ​ឡើង​កម្តៅ​បច្ចុប្បន្ន​នេះ ហាក់​កំពុង​ដើរ​ផ្ទុយ​ពី​វត្ថុបំណង​របស់​សហរដ្ឋ​អាមេរិក​ទៅវិញ។

យ៉ាងណាក៏ដោយ មេដឹកនាំ​ខ្មែរ​ដែល​គំរាម​កាន់​អំណាច​មួយ​ជីវិត លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០២២ បាន​អះអាង​ថា កម្ពុជា​បាន​គោរព​សិទ្ធិមនុស្ស ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​អនុវត្ត​នូវ​នីតិរដ្ឋ​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ប្រសើរ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ មក៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស