27 C
Phnom Penh

ព្រៃ​មេត្តា​ធម្មជាតិ​នៅ​ស្រុក​ឱរ៉ាល់​ខេត្ត​កំពង់ស្ពឺ​កំពុង​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រៃឈើ​នៅ​សហគមន៍ ឧត្ដម​ស្រែពស់ ហៅ ព្រៃ​មេត្តា​ធម្មជាតិ ស្ថិតនៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ បាន​រង​នូវ​ការ​កាប់​បំផ្លាញ​ស្ទើរ​រាល់​ថ្ងៃ​ដោយ​គ្មាន​ការ​ចូលរួម​ទប់ស្កាត់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ឡើយ។ នេះ​បើ​យោង​ទៅ​តាម​វីដេអូ​ដែល​បង្ហោះ​ដោយ​ប្រជា​សហគមន៍។

យោង​តាម​វីដេអូ​ដែល​ប្រជា​សហគមន៍​ផ្ញើ​មក​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៦ ឧសភា នេះ​ដែល​មាន​រយៈពេល ១​នាទី និង ២​វិនាទី ដែល​មាន​សង្ឃដីកា​របស់​ព្រះតេជព្រះគុណ ព្រំ សុជាតិ គង់​នៅ​វត្ត​មេត្តាធម្មជាតិ ថា​ព្រៃ​សហគមន៍​នៅ​ជុំវិញ​វត្ត​មេត្តាធម្មជាតិ ស្ថិត​ក្នុង​ភូមិ​ពោធិ៍មាស ឃុំ​ត្រពាំងជោរ ត្រូវ​បាន​ជនល្មើស​ចូល​កាប់ និង​ដឹក​ចេញ​ជា​រៀង​រាល់​ថ្ងៃ ដោយ​គ្មាន​ការ​ខ្លាច​ញញើត​ប្រជា​សហគមន៍​ចុះ​ទៅ​ហាមឃាត់​ឡើយ។ ហើយ​ក្នុង​មួយ​ថ្ងៃៗ ជនល្មើស​ចូល​កាប់ និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​សហគមន៍​នេះ​មិន​ក្រោម ១០​គោយន្ត​នោះ​ទេ។

ព្រះអង្គ​មាន​សង្ឃដីកា​ថា អ្នក​កាប់​ព្រៃ​ទាំងនោះ​មិន​ដឹង​មកពី​ខាង​ណា​នោះ​ទេ គឺ​មក​ទាំង​ហ្វូង មក​កាប់​តែម្តង។ អ្នក​ខ្លះ​ពេល​ព្រះអង្គ ឬ​ក៏​ប្រជា​សហគមន៍​លើក​ដៃ​សំពះ​គាត់​កុំ​ឱ្យ​កាប់ គាត់​ក៏​គេច​ទៅវិញ​ទៅ។ អ្នក​ខ្លះ​គេ​នៅតែ​ផ្គើន​និយាយ​ប្រកែក​ជាមួយ​សហគមន៍។

សមាជិក​សហគមន៍​ឧត្ដម​ស្រែពស់ លោក ខន សារិទ្ធិ មាន​ប្រសាសន៍​ថា ពលរដ្ឋ​ចាប់ផ្ដើម​ចូល​ទៅ​កាប់​ព្រៃ​សហគមន៍ ក្រោយពី​សហគមន៍​មួយ​នេះ​មាន​ជម្លោះ​ដីធ្លី​ជាមួយ​គ្រួសារ​កងទ័ព​នៃ​បញ្ជាការដ្ឋាន​រថក្រោះ​នៃ​កងទ័ព​ជើងគោក ដែល​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល​នៅ​តំបន់​នោះ។ លោក​ថា ករណី​ពលរដ្ឋ​ហ៊ាន​ចូល​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​សហគមន៍​នេះ អាច​ជា​ការ​ញុះញង់​ពី​សំណាក់​ទាហាន​នៅ​ទីនោះ។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ លោក ឱម ម៉ាកធារី បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ព្រៃឈើ​ដែល​កំពុង​រង​ការ​កាប់​នោះ​ជា​ដី​របស់​គ្រួសារ​កងទ័ព​នៃ​បញ្ជាការដ្ឋាន​រថក្រោះ​កងទ័ព​ជើងគោក ដែល​ទើប​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល។

កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​កាត់​ដី​ទំហំ​ជាង ២៦០​ហិកតារ (២៦២,២៤​ហិកតារ) ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ស្ថិត​ភូមិសាស្ត្រ​ភូមិ​ពោធិ៍មាស ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដើម្បី​បែងចែក​ទៅ​ឱ្យ​គ្រួសារ​កងទ័ព​នៃ​បញ្ជាការដ្ឋាន​រថក្រោះ​នៃ​កងទ័ព​ជើងគោក និង​ពលរដ្ឋ​ចំនួន ៤១​គ្រួសារ​សម្រាប់​ធ្វើ​លំនៅឋាន និង​បង្កបង្កើនផល។ ចាប់​តាំងពី​ចុង​ឆ្នាំ​២០២១ អ្នក​ភូមិ​រាប់​រយ​នាក់​នៅ​ឃុំ​ត្រពាំងជោរ បាន​នាំគ្នា​តវ៉ា​ប្រឆាំង​ក្រុម​ទាហាន​នៃ​បញ្ជាការដ្ឋាន​រថក្រោះ មិន​ឱ្យ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍ «ឧត្ដម​ស្រែពស់» ហៅ «ព្រៃ​មេត្តា​ធម្មជាតិ» ដែល​ពួកគេ​អះអាង​ថា​បាន​ការពារ​ជាង ២០​ឆ្នាំ​មក​ហើយ។

បណ្ដាញ​សហគមន៍​ព្រៃឡង់ (PLCN) និង​សាកលវិទ្យាល័យ ខូផេនហេហ្គែន (University of Copenhagen) នៃ​ប្រទេស​ដាណឺម៉ាក (Denmark) កាលពី​ខែ​មករា ឆ្នាំ​២០២២ បាន​រក​ឃើញ​ថា កម្ពុជា​បាត់បង់​គម្រប​ព្រៃឈើ​ជិត ២​លាន ៥​សែន​ហិកតារ ក្នុង​ចន្លោះ​ឆ្នាំ​២០០១ និង​ឆ្នាំ​២០២០ ឬ​ស្មើ​នឹង​ប្រមាណ ២៨% នៃ​គម្រប​ព្រៃឈើ​សរុប​គិត​ចាប់តាំងពី​ឆ្នាំ​២០០០ មក៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស