27 C
Phnom Penh

តើ​ទិវា​ជ័យជម្នះ «៩​ឧសភា» រុស្ស៊ី​អាច​នឹង​ប្រកាស​បើក​សង្គ្រាម​កាន់កាប់​តំបន់​ភាគ​ខាងកើត​ឬ​ក៏​ត្រូវ​ពង្រឹង​សមរភូមិ​ថែម​ទៀត?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គ្រាម​ដែល​របប​ក្រុង​មូស្គូ លើក​ទ័ព​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន បាន​ប្រព្រឹត្ត​ទៅ​ជាង ៧០​ថ្ងៃ​មក​ហើយ។ សង្គ្រាម​នេះ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ប្រកាស​ថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស។ ប៉ុន្តែ​នៅ​មុន​សង្គ្រាម​ផ្ទុះឡើង កងទ័ព​រុស្ស៊ី​បាន​ដាក់​ពង្រាយ​ឡោមព័ទ្ធ​ប្រទេស​អ៊ុយក្រែន មាន​កងទ័ព​ដល់​ទៅ​ជិត ២០​ម៉ឺន​នាក់​ជាមួយ​នឹង​សព្វាវុធ​ធុន​ធ្ងន់​គ្រប់​បែប​យ៉ាង គឺ​មាន​ទាំង​កាំជ្រួច រថក្រោះ កាំភ្លើង​ធំ រហូត​យន្តហោះ​ចម្បាំង។

អំឡុង​ពេល​ឡោមព័ទ្ធ​អ៊ុយក្រែន ដែល​មាន​ចំនួន​កងទ័ព​ដ៏​ច្រើន​សន្ធាប់​នេះ លោក ពូទីន បាន​ប្រាប់​ឱ្យ​ទីប្រឹក្សា​របស់​លោក​ព្រមាន​ទ័ព​អ៊ុយក្រែន ដោយ​មោទកភាព​ថា ប្រតិបត្តិការ​សឹក​នេះ រុស្ស៊ី​នឹង​ប្រើ​ពេល​តែ ៤៨​ម៉ោង ឬ ៧២​ម៉ោង នឹង​វាយ​កាន់កាប់​បាន​ប្រទេស​អ៊ុយក្រែន​ទាំងស្រុង ដោយ​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី Volodymir Zelenskyy បាន​ទៀត​ផង។ ប៉ុន្តែ​មក​ដល់​ពេលនេះ សង្គ្រាម​មាន​រយៈពេល​ជាង ៧០​ថ្ងៃ​មក​ហើយ ហើយ​កងទ័ព​រុស្ស៊ី នៅតែ​ពុំ​អាច​សម្រេច​ផែនការ​របស់​ខ្លួន​បាន​នៅឡើយ​ទេ។

មិន​តែប៉ុណ្ណោះ របប​ក្រុង​មូស្គូ បាន​សម្រេច​ដក​ទ័ព​ដែល​កំពុង​ឡោមព័ទ្ធ​រដ្ឋធានី​គៀវ ខណៈ​រុល​ចូល​ទៅ​ទីក្រុង​ដ៏​ធំ​នេះ​មិន​រួច ហើយ​ក៏​សម្រេច​ត្រឡប់​ទៅ​ភាគ​ខាងកើត​វិញ។

ក្នុង​យុទ្ធសាស្ត្រ​ធាក់​ថយ​ក្រោយ​នេះ លោក ពូទីន ដែល​សង្ស័យ​កំពុង​កើត​រោគ​ចិត្ត ឬ​ជំងឺ​បេះដូង បែរជា​ប្រកាស​ប្រតិបត្តិការ​សឹក​ដំណាក់កាល​ទី​២ ដោយ​បើក​សឹក​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​នៅ​ភាគ​ខាងកើត​ប្រទេស ដើម្បី​វាយ​ពុះ​ច្រៀក​ទឹកដី​អ៊ុយក្រែន​ជា​ពីរ។ តំបន់​ភាគ​ខាងកើត​នោះ គឺ​តំបន់​ដុនបាស់ ដែល​មាន​ទីក្រុង​ធំ​ពីរ គឺ Donetsk និង Luhansk។ តំបន់​នេះ​មាន​ផ្ទៃដី​ជាង ២​ម៉ឺន ៦​ពាន់​គីឡូម៉ែត្រ​ក្រឡា លាតសន្ធឹង​ជាប់​នឹង​ព្រំដែន​រុស្ស៊ី​យ៉ាង​វែង។ វា​ជា​តំបន់​ដែល​សម្បូរ​ដោយ​រ៉ែ​ធម្មជាតិ ដូចជា​ធ្យូងថ្ម ជាដើម។

ផែនការ​របស់​ក្រុង​មូស្គូ គឺ​ពិត​ណាស់​នឹង​វាយ​កាន់កាប់​តំបន់​នេះ ដើម្បី​យក​មក​នៅ​ក្រោម​ដែន​អធិបតេយ្យ​របស់​ក្រុង​មូស្គូ ដូច​នឹង​តំបន់​គ្រីមៀរ ដែល​រុស្ស៊ី​យក​បាន​នៅ​ឆ្នាំ​២០១៤ តាមរយៈ​ការ​បោះឆ្នោត​ប្រជាមតិ​ផ្ដាច់ខ្លួន។ តំបន់​គ្រីមៀរ ក៏​មាន​ផ្ទៃដី​ប៉ុន​នឹង​តំបន់​ដុនបាស់ ផង​ដែរ ប៉ុន្តែ​វា​ស្ថិត​ភាគ​ខាងត្បូង​ប្រទេស លាតសន្ធឹង​ដល់​ជ្រោយ​សមុទ្រ​ទៀត​ផង គេ​ហៅថា​ឧបទ្វីប​គ្រីមៀរ។

បើ​និយាយ​ទៅ របប​ក្រុង​មូស្គូ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក ពូទីន មាន​ផែនការ​វាយ​កាន់កាប់​ទាំង​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង​ប្រទេស​ថែម​ទៀត គឺ​នៅ​តំបន់​ណា​ដែល​នៅ​ចន្លោះ​គ្រីមៀរ និង​ដុនបាស់ ដូចជា​ទីក្រុង Kherson និង​ទីក្រុង​ម៉ារីយូប៉ូល ជាដើម។

យ៉ាងណា​គេ​នៅ​រង់ចាំ​មើល​ថា តើ​ព្រឹត្តិការណ៍ ៩ ឧសភា លោក ពូទីន នឹង​មាន​សេចក្ដី​ថ្លែងការណ៍​បែប​ណា​ចំពោះ​សង្គ្រាម​វាយលុក​លើ​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​សំណួរ​មួយ​សួរ​ថា ហេតុ​អ្វី​ថ្ងៃ​ទី​៩ ខែ​ឧសភា ជា​ថ្ងៃ​ដ៏​ពិសេស​សម្រាប់​រុស្ស៊ី?

នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា ត្រូវ​បាន​គេ​ស្គាល់​ជាទូទៅ​ថា​ជា​ទិវា​ជ័យជម្នះ​ដែល​រុស្ស៊ី តែង​ប្រារព្ធ​ធ្វើ​ឡើង​ជា​រៀងរាល់​ឆ្នាំ ដើម្បី​រំឭក​ដល់​ជ័យជម្នះ​របស់​កងទ័ព​ក្រហម​នៃ​អតីត​សហភាព​សូវៀត លើ​កងទ័ព​ណាហ្ស៉ី អ៊ីត្លែរ អំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​២ នៅ​ឆ្នាំ​១៩៤៥ ជាមួយ​ការ​ធ្វើ​ព្យុហយាត្រា​កងទ័ព​នៅ​ឯ​ទីលាន​ក្រហម​ក្នុង​ទីក្រុង​មូស្គូ ក្រោម​អធិបតីភាព​មេដឹកនាំ​រុស្ស៊ី​ជាច្រើន​រូប។

អ្នក​សង្កេតការណ៍​ជឿ​ថា លោក ពូទីន អាច​នឹង​យក​ថ្ងៃ​និមិត្តរូប​សម្រាប់​ប្រជាជន​រុស្ស៊ី​មួយ​នេះ ដើម្បី​ប្រកាស​ពី​ជោគជ័យ​នៃ​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន ឬ​ប្រកាស​សង្គ្រាម​ជា​ផ្លូវការ​នៃ​ការ​បន្ត​សង្គ្រាម​ដំណាក់កាល​ទី​៣ ដោយ​ពង្រីក​ការ​វាយប្រហារ​នៅ​ពាសពេញ​ប្រទេស​អ៊ុយក្រែន ជា​ថ្មី​ម្ដង​ទៀត។

អ្នក​សង្កេតការណ៍​សម្លឹង​ទៅ​រក​ដែនដី​នៃ​ប្រទេស​បេឡារ៉ុស ដែល​ទ័ព​ថ្មើរជើង​របស់​កងទ័ព​រុស្ស៊ី អាច​វាយ​រុល​ចូល​រដ្ឋធានី​គៀវ នៃ​ប្រទេស​អ៊ុយក្រែន ដោយ​ផ្ដើម​ចេញពី​ទឹកដី​ប្រទេស​បេឡារ៉ុស ព្រោះ​ខណៈ​នេះ កងទ័ព​បេឡារ៉ុស កំពុង​ធ្វើ​សមយុទ្ធ​ដើម្បី​ទទួល​យក​កងទ័ព​រុស្ស៊ី​មក​ដំឡើង​កាំភ្លើង​នៅ​តាម​ព្រំដែន​បេឡារ៉ុស​ជាប់​នឹង​អ៊ុយក្រែន។

បើ​មិន​ដូច្នេះ​ទេ រុស្ស៊ី​អាច​នឹង​ប្រកាស​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​បំផុត​នៅ​ភាគ​ខាងកើត​ប្រទេស គឺ​តំបន់​ដុនបាស់ ព្រោះ​ពេលនេះ​កងទ័ព​រុស្ស៊ី​ដែល​មាន ១២​កងពល កំពុង​វាយ​សម្រុក​ជា​ខ្លាំង​ដើម្បី​កាន់កាប់​តំបន់​នេះ​ពី​កងទ័ព​អ៊ុយក្រែន។ តែ​យ៉ាងណា កងទ័ព​អ៊ុយក្រែន នៅ​តែ​មាន​សមត្ថភាព​វាយ​រុញច្រាន​កងទ័ព​រុស្ស៊ី​ត្រឡប់​ទៅវិញ។

លោក Oleg Ignatov ជា​អ្នកវិភាគ​ជាន់ខ្ពស់​ម្នាក់​អំពី​រុស្ស៊ី មកពី​វិទ្យាស្ថាន Crisis Group បាន​និយាយ​ថា លោក ពូទីន មាន​ជម្រើស​ជាច្រើន​ដាក់​នៅ​លើ​តុ​រួច​ជាស្រេច ហើយ​ក្នុង​នោះ​ការ​ប្រកាស​សង្គ្រាម​ជា​ផ្លូវការ គឺ​អាច​ជា​ផែនការ​ប្រាកដប្រជា​មួយ​ជាង​មុន។ តាម​អ្នកវិភាគ​រូប​នេះ តំបន់​ភាគ​ខាងកើត និង​ខាងត្បូង​នៅតែ​ស្ថិត​ក្នុង​ផែនការ​របស់​លោក ពូទីន វាយ​កាន់កាប់​ពុះ​ច្រៀក​ទឹកដី​អ៊ុយក្រែន។

យ៉ាងណា ក្រសែភ្នែក​មហាជន​នៅ​ទូទាំង​ពិភពលោក​នឹង​ងាក​ទៅ​រក​ទីក្រុង​មូស្គូ នៅ​ថ្ងៃ​ទី​៩ ឧសភា ក្នុង​ព្រឹត្តិការណ៍​នៃ​ហែ​ក្បួន​ព្យុហយាត្រា​កងទ័ព​ដ៏​ធំ​មួយ​នៅ​រដ្ឋធានី​របស់​រុស្ស៊ី​មួយ​នេះ។

ទាំង​ពលរដ្ឋ​អ៊ុយក្រែន និង​ពលរដ្ឋ​រុស្ស៊ី រួម​ទាំង​ក្រុម​បស្ចិម​ប្រទេស កំពុង​រង់ចាំ​មើល​ថា តើ​លោក វ្ល៉ាឌីមៀរ ពូទីន នឹង​ប្រើប្រាស់​ព្រឹត្តិការណ៍​នេះ​ដើម្បី​ធ្វើ​សេចក្តី​ប្រកាស​ដ៏​ធំ​មួយ​ក្នុង​ការ​បង្កើន​ជម្លោះ​ដែល​កំពុង​បន្ត ឬ​យ៉ាង​ណា។

ក្នុង​ព្រឹត្តិការណ៍​នោះ ទ័ព​រថក្រោះ​ត្រូវ​ចល័ត​ឆ្លងកាត់​រដ្ឋធានី​រុស្ស៊ី ហើយ​យន្តហោះ​ចម្បាំង​ត្រូវ​ហោះ​ពី​លើ​ទីលាន​ក្រហម។ ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ត្រូវ​គេ​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍​នោះ។ ក្បួន​ទ័ព​របស់​រុស្ស៊ី តែងតែ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែ​ឧសភា នៅ​ទីក្រុង​មូស្គូ ជា​រៀង​រាល់​ឆ្នាំ ដើម្បី​អបអរ​សាទរ​ដែល​កងទ័ព​អតីត​សហភាព​សូវៀត បាន​វាយ​រំលំ​សង្គ្រាម​ឈ្លានពាន​រុស្ស៊ី ពី​សំណាក់​របប​ណាហ្ស៊ី អ៊ីត្លែរ អាល្លឺម៉ង់​នៅ​ឆ្នាំ​១៩៤៥។

ចាប់តាំងពី​សង្គ្រាម​នៅ​អ៊ុយក្រែន ផ្ទុះឡើង​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ មក គឺ​កងទ័ព​រុស្ស៊ី​យ៉ាងតិច​ណាស់​ជិត ២​ម៉ឺន ៤​ពាន់​នាក់​ត្រូវ​បាន​សម្លាប់។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន។ ដោយ​មើល​ឃើញ​អំពី​កងទ័ព​រុស្ស៊ី​ស្លាប់​ច្រើន​បែបនេះ នាយករដ្ឋមន្ត្រី​អង់គ្លេស​ចំអក​ថា រុស្ស៊ី​កំពុងតែ​បរាជ័យ ហើយ​អ៊ុយក្រែន​កំពុង​ឈ្នះ​ពេលវេលា​នៃ​សង្គ្រាម​ឈ្លានពាន​ដើម្បី​ការពារ​សេរីភាព និង​ដែន​អធិបតេយ្យ​របស់​ខ្លួន៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស